សំណង់​ប្រវត្តិសាស្រ្ដ​ដ៏ល្បី​បំផុត​របស់​បារាំង ត្រូវ​អគ្គិភ័យ​ឆាបឆេះ

  • 2019-04-15 23:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិភ័យ បាន​ឆាបឆេះ​សំណង់​ប្រវត្តិសាស្រ្ត ព្រះវិហារសាសនា Notre-Dame នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង នា​វេលា​ទៀបភ្លឺ ឈាន​ចូលថ្ងៃទី១៦ ខែមេសា​នេះ។ គិត​មក​ទល់​ព្រឹក​នេះ ក្រុម​ពន្លត់​អគ្គិភ័យ កំពុង​បន្ត​ព្យាយាម​ជួយ​សង្រ្គោះ​សំណង់​ដែល​មាន​អាយុកាល​ ៨៥០ឆ្នាំនេះ ប៉ុន្តែកំពូល​ និង​ដំបូល​របស់​វា បាន​បាក់​ស្រុត​បាត់​ទៅហើយ។

អគ្គិភ័យ​កំពង់ឆាបឆេះ​សំណង់ប្រវត្តិសាស្រ្ដ Notre-Dame (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
គិត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពីមូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅឡើយទេ ប៉ុន្តែ​មន្រ្ដី​បាន​និយាយថា វា​អាចទាក់ទង​ទៅ​នឹង​ការ​ជួសជុល​កែលម្អ ដែល​ដំណើរ​ការ​មុន​ការ​ឆាបឆេះ​នោះ។

មន្រ្ដី​ពន្លត់​អគ្គិភ័យ​ប៉ារីស បាន​បញ្ជាក់ថា តួអគារ ត្រូវ​បាន​ជួយ​សង្រ្គោះ​ហើយ។ ជំហាន​បន្ទាប់ គឺ​ជួយ​សង្រ្គោះ​រូប​គំនូរបុរាណ​ក្នុង​អគារ ក៏ដូចជា​ការពារ​មិន​ឲ្យ​ប៉ម​ខាង​ជើង បាក់ស្រុត។

សូម​បញ្ជាក់ថា អំឡុង​អគ្គិភ័យឆាបឆេះ មាន​មនុស្ស​ម្នា​ជា​ច្រើន​ពាន់​នាក់ បាន​ចេញ​មក​ឈរ​តាម​ដងផ្លូវ នៅ​ជុំវិញ​សំណង់​បុរាណ​នោះ ដែល​ក្នុង​នោះ គេសង្កេតឃើញ​អ្នក​ខ្លះ​យំ អ្នក​ខ្លះ​ច្រៀង​បទ​លន្លង់លន្លោច ឯអ្នក​ខ្លះទៀត​បន់ស្រន់។ ចំណែក​ព្រះវិហារ​សាសនា​ជាច្រើន​ទៀតនៅ​ប៉ារីស បាន​បន្លឺ​ជួង ដើម្បីតបទៅនឹងអគ្គិភ័យ​នេះ​ផងដែរ។

មនុស្សម្នា​នាំគ្នា​ចេញ​មក​ឈរ​មើល​អគ្គិភ័យ​នេះ​ទាំងទុក្ខសោក (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ក៏​បាន​លុប​ចោល​កម្មវិធី​ផ្សេងៗ ដើម្បី​ទៅ​មើល​ផ្ទាល់​ដល់​កន្លែង​កើតហេតុផងដែរ។

សូម​បញ្ជាក់ថា Notre-Dame សាងសង់​ចន្លោះ​សតវត្ស​ទី ១២ និង​ទី១៣៕

រូបភាព​ទាំងអស់ ផ្ដល់សិទ្ធិដោយ Reuters

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;