គ្រូប្រដាល់​នៅសៀមរាប សន្យាធ្វើឲ្យ គង់ សំបូរ លេចធ្លោ​លើ​សង្វៀន​អន្តរជាតិ ក្រោយឈ្នះពាន Khmer Fight

  • 2019-04-17 09:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជា រិទ្ធ គ្រូបង្វឹកប្រចាំក្លិបអាណាចក្រប្រយុទ្ធ (Kingdom Fight Gym) នៅ​ខេត្ត​សៀមរាប បាប​សន្យាជួយជ្រោមជ្រែងកីឡាករ​ គង់ សំបូរ ឲ្យឈានដល់កម្រិតកំពូលឡើងវិញ ជាពិសេសធ្វើឲ្យលេចធ្លោក្នុងការប្រកួតកម្រិតអន្តរជាតិនានា។ ការថ្លែងប្រាប់យ៉ាងដូច្នេះ បន្ទាប់ពីកីឡាករប្រដាល់​វ័យ ២៣ឆ្នាំរូបនេះ ឈ្នះពានកម្មវិធី​ប្រកួត Khmer Fight ដែលរៀបចំដោយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កាលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ កន្លងនេះ នៅ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្តព្រៃវែង។

គង់ សំបូរ ឈ្នះពាននៅកម្មវិធីខ្មែរ Khmer Fight បន្ទាប់ពីឈ្នះ ពុយ វណ្ណៈ ដោយពិន្ទុ។ ការវ៉ៃដណ្ដើមពាននេះ ព្រោះកម្មវិធីតម្រូវឲ្យជើងឯកប៉ះជើងឯក ពោល សំបូរ ជាជើងឯកខ្សែក្រវាត់ Tiffy ឆ្នាំ ២០១៣ ហើយ វណ្ណៈ ជាជើងឯក Tiffy ឆ្នាំ ២០១៨។ ក្រៅពីទទួលបានពាន ១ សំបូរ ទទួលបានប្រាក់រង្វាន់ ៤០០ ដុល្លារសហរដ្ឋអាមេរិក។

គង់ សំបូរ កាន់ពាន Khmer Fight (រូបភាព​ផ្ដល់ឲ្យ)
គ្រូបង្វឹកវ័យ ៣៧ ឆ្នាំរូបគូសបញ្ជាក់ទៀតថា៖ «គង់ សំបូរ ឥឡូវមិនដូចមុនទេ គេមានការហ្វឹកហាត់ខ្លាំងក្លាណាស់ បន្ទាប់ពីរូបគេផ្អាកឡើងសង្វៀនជិត ២ ឆ្នាំ។ ហើយខ្ញុំក៏បានជួយរូបគេទាំងបច្ចេកទេស និងអាហារបំប៉ននានាដើម្បីបង្កើនថាមពល។ ខ្ញុំសរសើរព្រោះ​បច្ចុប្បន្នគាត់ដាក់ចិត្តដាក់កាយហ្វឹកហាត់ណាស់ និងមានកម្មវិធីហាត់ដ៏ត្រឹមត្រូវទៀតផង មិនដើរលេងផ្ដេសផ្ដាស។»

គ្រូបង្វឹកដែលមានសញ្ញាប័ត្រអនុបណ្ឌិតភាសាអង់គ្លេស រៀបរាប់ទៀតថា ក្រោយចាញ់ Zhang Chenlong របស់ចិននៅសង្វៀន ONE Championship កាលខែកុម្ភៈ នៅសិង្ហបុរី កូនសិស្សរបស់ខ្លួនមានកម្រិតបច្ចេកទេសកើនទ្វេដង។ ម្យ៉ាងវិញទៀត សំបូរ ជាកីឡាករប្រដាល់ឆ្លាតវៃម្នាក់ ព្រោះគេចេះវ៉ៃដោះ ស្ទាបស្ទង់គូប្រកួត និងរក្សាមិនឲ្យមានរបួសផង ប៉ុន្តែវ៉ៃយកឈ្នះពិន្ទុវាជារឿងល្អបំផុតហើយ។ គ្រូបង្វឹកដដែលនេះក៏រំលឹកដល់កូនសិស្សជារឿយៗដែរថា វាគ្រាន់តែជាកីឡាប៉ុណ្ណោះ ដូច្នេះមិនបាច់ចង់ឲ្យគូប្រកួតរបួសលំបាកព្យាបាលនោះទេ។

លោកគ្រូជា រិទ្ធិ (ឆ្វេង) និងគង់ សំបូរ (រូបភាពផ្ដល់ឲ្យ)

ចំណែក គង់ សំបូរ វិញក៏បានថ្លែងដែរថា៖ «ខ្ញុំហាត់ជាប្រចាំក្រោយផ្អាកមួយរយៈ។ ឲ្យតែមានកម្មវិធីប្រកួត ខ្ញុំខំហាត់ និង តមការដើរលេង ហើយក៏ទៅជួបប្រពន្ធដែរ។ ខ្ញុំក៏តមអាហារដែរ អាហារណាត្រូវញុំា និងអាហារណាមិនត្រូវញុំា ដើម្បីកុំឲ្យប៉ះពាល់ដល់កម្លាំង»។

គួររំលឹកថា គង់ សំបូរ ជាអតីតកីឡាករប្រដាល់នៅក្លិបក្រសួងការពារជាតិ មុនផ្លាស់ហ្វឹកហាត់ជាមួយគ្រូ ជា រិទ្ធ នៃក្លិបអាណាចក្រប្រយុទ្ធជាង ១ ឆ្នាំមកនេះ។ គង់ សំបូរ ឡើងប្រកួតនៅសង្វៀន ONE Championship បានម្ដងគត់ ពេលជួបកីឡាករចិន Zhang Chenlong កាលចុងខែ កុម្ភៈ កន្លងទៅនៅសិង្ហបុរី៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;