នេះ​ហើយ​ជា​មូលហេតុ​ដែល​​ធ្វើឱ្យ​​ថៃ​មាន​អ្នកស្លាប់​ជិត ៤០០​នាក់​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​នៅថ្ងៃ​សង្ក្រាន្ត

  • 2019-04-18 08:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ប្រមាណ ៣៨៦នាក់​បាន​ស្លាប់ និង​របួស​ ៣៤៤២នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅថ្ងៃ​សង្ក្រាន្ត​ក្នុង​ប្រទេស​ថៃ គិតពីថ្ងៃទី ១១ ដល់ ១៧ ខែ​មេសា ឆ្នាំ​២០១៩។ មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ចំនួន ៣៣៣៨​ករណី​នេះ គឺ​ដោយ​សារ​កត្តាស្រវឹង និង​ល្បឿន។ នេះ​បើតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សុវត្ថិភាព​ផ្លូវថ្នល់​នៃប្រទេសថៃ ចេញផ្សាយ​នៅថ្ងៃទី១៨ ខែ​មេសា ឆ្នាំ​២០១៩។

លោក Suthee Boonmak អនុ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុកថា អ្នក​បើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​អ្នក​ដែល​មិន​គោរព​ល្បឿន​កំណត់ ឬ​បើកបរ​មិន​គោរព​ច្បាប់ នឹង​ក្លាយ​ជាគោលដៅ​ដែលត្រូវ​រឹតបន្តឹង ដើម្បី​បន្ទាប​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នាថ្ងៃ​អនាគត។

រូបថត៖ Bangkok Post
ទោះ​ជាយ៉ាង​ណា​ក៏ដោយ ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ បាន​ថយចុះ ១០ភាគរយ បើ​ប្រៀបធៀបនឹង​ឆ្នាំ២០១៨ ក្នុងនោះ ចំនួន​អ្នកស្លាប់​ថយចុះ ៧,៧ភាគរយ និង​អ្នក​របួស​ថយចុះ ១១,៧ភាគរយ។

ខេត្ត​ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​គឺ​ខេត្ត Lop Buri និង Udon Thani (ស្លាប់​១៥នាក់​ក្នុងខេត្ត​នីមួយៗ) ខណៈ​ដែលខេត្ត៤ ពុំមាន​អ្នកស្លាប់​រួម​មាន Krabi, Phangnga, Sukhothai និង Ang Thong។

ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ លោក​ឧបនាយករដ្ឋមន្រ្តី​ថៃ Prawit Wongsuwon នឹង​ជំរុញឱ្យ​ប៉ូលិសថៃ ពិចារណា​បង្កើន​ការ​ដាក់ទណ្ឌកម្ម​ដល់​អ្នក​បំពាន​ច្បាប់​ចរាចរណ៍​ថែមទៀត​ផងដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;