ចាន់ រតនា កត់ចំណាំចំណុចពិសេសរបស់គូប្រកួត Rudy Agustian មុនពេលជួបគ្នានៅ ONE

  • 2019-04-19 02:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកលេងក្បាច់គុនចម្រុះ មានឈ្មោះបោះសំឡេងនៅកម្ពុជា ចាន់ រតនា បានកត់ចំណាំចំណុចពិសេសមួយចំនួនអំពីគូបដិបក្ខកីឡាករម្ចាស់ផ្ទះ Rudy Agustian ដែលត្រូវជួបគ្នានៅសង្វៀន ONE: FOR HONOR នៅប្រទេស​ឥណ្ឌូណេស៊ី នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

ចាន់ រតនា បានថ្លែងអំពីចំណុចពិសេសគូប្រជែងបែបនេះ៖ «ខ្ញុំបានតាមដានវីដេអូ Rudy Agustian ជាច្រើន ហើយយល់ឃើញថា គាត់មានកម្លាំងខ្លាំងណាស់ រួមទាំងវីដេអូកាច់ផ្ដួល ខុន ស៊ីចាន់ ត្រឹម ១ ទឹកប៉ុណ្ណោះ។ ក្រៅពីកម្លាំង ឬ ស៊ុហ្វ របស់គាត់ខ្លាំង ខ្ញុំមិនញញើតចំពោះបច្ចេកទេសរបស់គាត់ទេ។ ប៉ុន្តែខ្ញុំបានដឹងថា គាត់មានពិសោធន៍វ៉ៃនៅសង្វៀន ONE Championship ចំនួន ៣ ដងចុងក្រោយ មិនដែលចាញ់ទេ។ ហើយប្រកួតចុងក្រោយទល់នឹងកីឡាករកម្ពុជា ខុន ស៊ីចាន់ គេក៏ឈ្នះដែរ នៅ សិង្ហបុរី កាលខែកុម្ភៈ។ ខ្ញុំផ្ដោតលើការការពារកម្លាំងបុករបស់គាត់ ជាជាងក្បាច់របស់គាត់»។

ចាន់ រតនា ពេល​ប្រកួតទល់​នឹង​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes (រូបភាព៖ ONE Championship)
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ កំពុងដុតដៃដុតជើង ហ្វឹកហាត់យ៉ាងខ្លាំងក្លាជាប្រចាំ ក្នុង​រយៈពេលជាង ១ខែមកនេះ ដើម្បីត្រៀមប្រកួតទល់នឹងជើងខ្លាំងរបស់ឥណ្ឌូណេស៊ី។ រតនា មិនបាននាំគ្រួសារ ឬប្រពន្ធកូនទៅដើរលេងនៅទីណាទេ ជាពិសេសអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ត្រូវសំងំហ្វឹកហាត់ស៊ុហ្វដែរ ពោលខ្លាចចាញ់កម្លាំង Rudy ដែលភាគច្រើនគេផ្ដួលគូប្រកួតដោយប្រើក្បាច់គាប និងក្លេរ ខ្លាំងមហាសាល។

ទោះជាបែបណាក្ដី ម្ចាស់ក្លិបប្រដាល់សិល្បៈ មិនហ៊ានកំណត់ថាប្រើក្បាច់បែបណាដើម្បីស៊ី Rudy ក្នុងគោលដៅសងសឹកឲ្យមិត្តរួមជាតិ ខុន ស៊ីចាន់ ទេ ប៉ុន្តែផ្ដោតលើក្បាច់ណាអាចយកឈ្នះបាន និងមើលតាមកាលៈទេសៈ នៅលើសង្វៀន រួមនឹងបច្ចេកទេសវ៉ៃព្រមគ្នា។ គ្រូបង្វឹកប្រចាំក្លិបសិល្បៈ សង្កត់ធ្ងន់ថា ៖«រឿងសំខាន់ គឺចេះការពារដើម្បីកុំឲ្យចូលក្បាច់ក្លេរ និង កម្លាំងគាបខ្លាំងរបស់គេ»។

Rudy Agustian ពេល​ប្រកួតទល់​នឹង​កីឡាករ​កម្ពុជា ខុន ស៊ីចាន់ (រូបភាព៖ ONE Championship)

ទោះជាការប្រកួតលំដាប់អន្តរជាតិកាន់តែខិតជិតមកដល់ អ្នកលេងក្បាច់គុនយុទ្ធគុនខម និងគុនខ្មែរដដែលនេះ មិនបានចេញ​ទៅ​ហ្វឹកហាត់នៅបរទេស ដូចជា ថៃ ឬ មីយ៉ាន់ម៉ា នោះឡើយ ពោលហ្វឹកហាត់នៅក្នុងស្រុកតែប៉ុណ្ណោះ និងឆ្លៀតឱកាសមើលថែក្លិបប្រដាល់របស់ខ្លួនផង។ ប្រសិនបើមានការប្រកួតលើកក្រោយ និងពេលវេលាសមរម្យណាមួយនោះ កីឡាករជួរមុខក្បាច់គុនចម្រុះរូបនេះ អាចនឹងទៅបង្កើនសមត្ថភាពក្បាច់គុននៅក្រៅប្រទេស ពេលទទួលបានឱកាសទៅប្រកួតលើឆាកអន្តរជាតិលើកក្រោយៗទៀត។

គួរដឹងថា ចាន់ រតនា មានកំណត់ត្រប្រកួតលើសង្វៀន MMA ចំនួន ៨ ដង ដែលក្នុងនោះ ឈ្នះ ៥ ដង និងចាញ់ ៣ ដង។ ប្រកួត​លើកចុងក្រោយនៅសង្វៀន ONE Championship នៅប្រទេសម៉ាឡេស៊ី កាលខែធ្នូ ឆ្នាំ២០១៨ រតនា ឈ្នះ Abro Fernandes ក្នុងទឹកទី២។ មិនត្រឹមជាកីឡាករប្រចាំសង្វៀនកម្រិតពិភពលោក ONE Championship ប៉ុណ្ណោះទេ រតនា​ក៏មានប្រវត្តិប្រកួតប្រដាល់គុនខ្មែរ​នៅកម្ពុជា ជាច្រើនដងដែរ។

នៅថ្ងៃទី ៣ ឧសភា ខាងមុខនាប្រទេសឥណ្ឌូណេស៊ី ក្រៅពី ចាន់ រតនា ដែលតំណាងឲ្យកម្ពុជា តតាំងនឹងកីឡាករម្ចាស់ផ្ទះ Rudy Agustian នៅសង្វៀន ONE: FOR HONOR ក៏មានកីឡាការិនីឆ្នើមជម្រើសជាតិ នៅ ស្រីពៅ ជួបកីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ដែរ៕

ចុចអាន៖ ចាន់ រតនា ប្រឹង​ហាត់រាល់​ថ្ងៃ ត្រៀម​ប្រកួត​នៅ ONE ទោះថ្ងៃ​ចូលឆ្នាំ​ក៏​មិន​ដើរ​លេង​ដែរ

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;