ក្រសួង៖ កម្ពុជា ត្រូវ​ធ្វើបែបនេះ ដើម្បី​ឱ្យ​ផលិតផល​ទេសចរណ៍​របស់ខ្លួន​តាមទាន់​ប្រទេស​ជិតខាង

  • 2019-04-19 06:20:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើធៀប​នឹង​ប្រទេស​ជិតខាងក្នុង​តំបន់ ផលិត​ផល​ទេសចរណ៍​កម្ពុជា​ មាន​កម្រិត​នៅឡើយ។ ហេតុនេះ កម្ពុជា​ត្រូវធ្វើ​ពិពិធកម្ម​ផលិតផល​ទេសចរណ៍​ជាចាំបាច់ សំដៅ​លើកកម្ពស់​ភាព​ប្រកួត​ប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស ទេសចរណ៍បែប​វប្បធម៌ និង​ធម្មជាតិ ដែល​ជាផលិតផល​ឈានមុខ​របស់​កម្ពុជា។ នេះបើយោង​តាមខ្លឹមសារ​ក្នុង​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០១៩ ស្តីពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា។

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្នុង​សេចក្តី​ប្រកាស​នេះ បាន​ឱ្យដឹង​ថា ក្រសួង​ទេសចរណ៍ បាន​រៀបចំ​វិធានការ​ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ តាម​រយៈ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ការ​លើក​កម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ បុគ្គលិកម្នាក់​ជំនាញមួយ និង​ទេសចរណ៍​វៃឆ្លាតជាដើម។ លើកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ គឺជា​បទដ្ឋាន​នៃ​សេវា​ទេសចរណ៍​ឱ្យ​ស្រប​តាម​ស្តង់ដារ​អាស៊ាន ស្រប​ពេល​ដែលទស្សនវិស័យ​នៃបុគ្គលិក​ម្នាក់​ជំនាញមួយ ជាការ​គិត​គូរថ្មី​សំដៅ​រួមចំណែក​ដល់ការ​អភិវឌ្ឍធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាម​រយៈ​ការ​បង្កើន​ចំនួន និង​គុណភាព​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍។

ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វៃឆ្លាត សំដៅ​ដល់​ការ​ធ្វើ​ឌីជីថល​រូបនីយកម្ម ក្នុង​ដំណើរការ​នៃការ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការ​ធ្វើដំណើរ បដិសណ្ឋារកិច្ច និង​ឧស្សាហកម្ម​ម្ហូប-អាហារ​ជាដើម។

វិធានការ​ខាងលើនេះ ត្រូវ​គាំទ្រ​ដោយ​អភិក្រម៤ ដែល​ជាគោលការណ៍​គ្រឹះ​នៃផែនការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​រួមមាន៖ ការ​ពង្រឹង​យន្តការ​ស្ថាប័ន ការផ្សព្វផ្សាយ​ក្នុងប្រទេស និង​ក្រៅប្រទេស និងការ​សម្រួល​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;