គ្រូហ៊ុន ច័ន្ទរាជ្យ ប្រាប់ពីចំណុចខ្លាំង និងខ្សោយ​របស់​កីឡា​ការិនី​ឥណ្ឌូណេស៊ី ដែលត្រូវ​ប៉ះ​ស្រីពៅ

  • 2019-04-19 08:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួតរវាងកីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol និងកីឡាការិនិជម្រើសជាតិកម្ពុជា នៅ ស្រីពៅ កាន់តែខិតជិតមកដល់ហើយនៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេស ឥណ្ឌូណេស៊ី។

គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រចាំក្លិប Cambodian Top Team ដែលត្រូវដឹកនាំស្រីពៅ ទៅប្រកួតនាពេលខាងមុខនោះ បានបង្ហើបអំពីចំណុចខ្លាំង និងចំណុចខ្សោយមួយចំនួនរវាងជំនួបខាងលើ។ លោកសង្កត់ធ្ងន់ថា៖ «Priscilla គេមានបទពិសោធន៍ច្រើនដល់ ៩ ដងនៅសង្វៀន ONE Championship និងមាន​កម្លាំងខ្លាំងជាងកីឡាការិនីថៃ Riga ដែលស្រីពៅ ទទួលជ័យជម្នះផង។ កម្លាំងកាច់ បោក ក្លេរគេខ្លាំង ដូច្នេះ យើងត្រូវការពារកុំឲ្យគេក្លេរបាន និងបោកបាន»។

នៅ ស្រីពៅ ឈ្នះ Rika ពេលប្រកួតនៅថៃ កាលពីខែកុម្ភៈកន្លងទៅ (រូបភាព ONE Championship)
អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារូបនេះ ទទួលស្គាល់ដែរថា ចំណុចខ្សោយរបស់ស្រីពៅ គឺនៅត្រង់ក្លេរ គាប កាច់ និងបោក ដែលត្រូវតែបន្ថែមចំណុចនេះ។ បែបណាក្ដីគ្រូបង្វឹកគុនចម្រុះដដែលនេះ សង្ឃឹមថា ស្រីពៅ នឹងហ្វឹកហាត់បុកផ្នែកកម្លាំង ក្បាច់ក្លេរ-ចាប់ និង ក្បាច់ការពារកុំឲ្យគេផ្ដួលបាន។ លោកនៅតែមានជំនឿលើ ស្រីពៅ ថានឹងធ្វើបានល្អ ព្រោះកីឡាការិនិជម្រើសជាតិរូបនេះខំហ្វឹកហាត់ត្រៀមរហូតមក ហើយអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិក៏បន្តហ្វឹកហាត់ខ្លាំងក្លាដូចគ្នា។

លោកគូសបញ្ជាក់ទៀតថា កូនសិស្សរបស់ខ្លួននឹងធ្វើឲ្យការប្រកួតស្រួចស្រាល់ ហើយទស្សនិកជនច្បាស់ជាចង់តាមដានជាក់ជាមិនខាន។ ថ្មីៗនេះ កីឡាការិនីជួរមុខនៅកម្ពុជា បានចេញទៅហ្វឹកហាត់ជាមួយក្រុមកីឡាករប្រដាល់ជម្រើសជាតិនៅប្រទេសថៃ កាល​ពីថ្ងៃអង្គារ រហូតដល់ថ្ងៃទី ២៧ មេសា ទើបត្រលប់មកវិញ ដែលជាការពង្រឹងសមត្ថភាព មុនចេញទៅប្រកួតនៅ ឥណ្ឌូណេស៊ី នាដើមខែ ឧសភា ខាងមុខ។

កីឡាការិនីវ័យ ២៤ រូបនេះក៏បានប្រាប់ឲ្យដឹងនាពេលកន្លងទៅផងដែរថា គេប្រឹងហាត់ក្បាច់គាប ក្លេរ និងផ្ដួលឲ្យបានល្អប្រសើរ ព្រោះនៅខ្សោយត្រង់ចំណុចនេះ។ ប៉ុន្តែអ្វីដែលជាចំណុចល្អនោះ ស្រីពៅ មិនឲ្យ Priscilla ផ្ដួលបានងាយៗឡើយដើម្បីបង្ការគ្រោះថ្នាក់។ ប្អូនស្រីរបស់កីឡាករ នៅ ស៊ីថា នឹងនៅតែរក្សាជំហរវ៉ៃប្រយោល និងវ៉ៃដោះខ្លួនការពារមិនអាចឲ្យដៃគូចូលកៀកពេកបានទេ។

កីឡាការិនី Priscilla Hertati Lumban Gaol ពេលទទួលជ័យជម្នះ​នាការប្រកួត​កន្លងមក (រូបភាព ONE Championship)

គួរដឹងដែរថា កីឡាការិនី Priscilla Hertati Lumban Gaol មានវ័យ ៣០ ឆ្នាំ ជាតារាប្រចាំសង្វៀន ONE Championship តាំងពីឆ្នាំ ២០១៧ មក។ Priscilla ប្រកួតលើសង្វៀនកម្រិតពិភពលោកនេះបានចំនួន ៩ ដង ដែលក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៤ ដង។ ការប្រកួតចុងក្រោយ Priscilla ចាញ់ពិន្ទុកីឡាការិនីឥណ្ឌា Puja Tomar ទាំងមិនអស់ចិត្តដោយមានទឹកភ្នែកស្រក់ក្រោយការប្រកាសលទ្ធផល។ រីឯ នៅ ស្រី ដែលជា កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា នាឆ្នាំកន្លងទៅ ទើបតែឡើងសង្វៀន One Championship បានម្ដងគត់ពេលយកឈ្នះកីឡាការិនីថៃ Rika Ishige កាលពីពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៩នៅប្រទេសថៃ៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;