លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ពង្រឹង​គុណភាព​ហ្វឹកហ្វឺន ដើម្បី​លើក​កម្ពស់​សមត្ថភាព​ត្រៀម​ប្រយុទ្ធ

  • 2019-04-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ជំរុញ​ឱ្យ​មេបញ្ជាការ​គ្រប់ជាន់​ថ្នាក់​ត្រូវ​សង្កត់​ធ្ងន់​លើការ​ពង្រឹង​គុណភាព​ហ្វឹកហ្វឺន ដែលជា​ការងារ​ស្នូល​ត្រូវ​ធ្វើជា​ប្រចាំ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រយុទ្ធ ត្រៀម​ប្រយុទ្ធ​ដល់​យោធិន ក្នុងនោះ​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន ធានា​សន្តិសុខ សុវត្ថិភាព ទាំង​មនុស្ស និង​សម្ភារៈ​គ្រឿង​បំពាក់​ឱ្យបាន​ល្អ​ប្រសើរ សំដៅ​ធានា​ការ​កសាង​ធនធាន​មនុស្ស​ក្នុងជួរ​កង​យោធពល​ខេមរភូមិន្ទ ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញ​ភារកិច្ច ទាំងក្នុង​ដំណាក់កាល​បច្ចុប្បន្ន ក៏​ដូចជា​ទៅ​អនាគត។

ការ​ថ្លែង​ខាងលើ​នេះ នៅក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ថ្មើរជើង​ថ្នាក់​កង​អនុសេនាតូច កង​អនុសេនាធំ ប្រចាំ​ឆ្នាំ​២០១៩ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​គិលានដ្ឋាន​០១​ខ្នង និង​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករង​កំពង់​ស្ពឺ កាលពី​ព្រឹកថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ការងារ​ហ្វឹកហ្វឺន​របស់​កងយោធពលខមរភូមិន្ទ គឺមាន​សារៈ​សំខាន់​ចាំបាច់​ណាស់ និងជា​កាតព្វកិច្ច​របស់​កងទ័ព ដើម្បី​ពង្រឹង និង​បង្កើន​សមត្ថភាព បណ្តុះ​ឆន្ទៈ​មោះមុត ភាព​អង់អាច​ក្លាហាន និង​ភាព​អំណត់​តស៊ូ​ព្យាយាម ដែលជា​លក្ខណៈ​ពិសេស​របស់​កងទ័ព ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី រក្សា​សន្តិភាព និង​ស្ថិរភាព​សង្គម។

លោក​បន្ត​ថា ជាក់ស្តែង វគ្គ​ហ្វឹកហ្វឺន​ដែល​កំពុង​ប្រារព្ធ​នេះ គឺជា​ការអនុវត្ត​ផែនការ​ស្តីពី​ការងារ​ហ្វឹកហ្វឺន​កងទ័ព​ជើងគោក ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ ការងារ​ហ្វឹកហ្វឺន​ត្រូវបាន​ចាត់ទុក​ជាការងារ​អាទិភាព​ចាំបាច់ ដែលត្រូវ​ដំណើរការ​បន្តបន្ទាប់​ជាប្រចាំ​ដូច​ភ្លៀង​រលឹម ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការពារ​ជាតិ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ឱ្យ​ទទួល​បាន​ជោគជ័យ។

«វគ្គ​ហ្វឹកហ្វឺន​នេះ ពិតជាបាន​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ក្នុងការ​ពង្រឹង​យន្តការ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​យោធិន​យល់ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន ក្នុងការ​បម្រើជាតិ​ដោយ​ស្មោះត្រង់​ដាច់ខាត​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវបទបញ្ជា​របស់​រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និងយោធភូមិភាគ​ទី៣ ប្រកប​ដោយ​ការប្តេជ្ញាចិត្ត និងការ​ទទួលខុសត្រូវ​ខ្ពស់។ ដូច្នេះ សិក្ខាកាម​ទាំងអស់​ត្រូវយកចិត្ត​ទុកដាក់​រៀនសូត្រ ក្រេប​ជញ្ជាក់​យកទាំង​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ពី​យោធាចារ្យ សម្រាប់​ការ​អភិវឌ្ឍខ្លួនឯង​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ និង​ក្លាយខ្លួន​ជាយោធិន​ឆ្នើម​របស់​អង្គភាព»។ នេះជាការ​លើកឡើង​បន្ថែម​របស់​លោក​មេបញ្ជាការ​កងទ័ព​ជើងគោក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;