ដីខេត្ត​មណ្ឌល​គិរី​ អាច​ដាំ​ដំឡូង​បារាំង​ បាន​ផល​រាប់​តោន​ក្នុង​មួយ​ហិចតា​

  • 2019-04-20 10:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​ពិសោធន៍​រយៈពេល​ ៣ឆ្នាំ​ជាប់ៗ​គ្នា​ បាន​បង្ហាញ​ថា ខេត្ត​មណ្ឌលគិរី​អាច​ដាំ​ដំឡូង​បារាំង​បាន​ ហើយ​ទទួល​ទិន្នផល​ល្អ​ប្រសើរ​ថែម​ទៀត​ផង​។ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌល​គិរី សហការ​ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង បាន​ធ្វើការ​ពិសោធន៍​លើ​ការ​ដាំ​ដុះ​នេះ ​នៅ​លើ​ផ្ទៃដី​ក្នុង​ក្រុង​សែន​មនោរម្យ។

លោក សុង ឃាង ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌល​គិរី​​ បាន​ឱ្យ​ដឹង​ថា ដំឡូង​បារាំង​ពិតជា​អាច​ដាំ​បាន​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ប្រាកដ​មែន​។ លោកកថា ការ​ជ្រើសរើស​ពូជ​សម​ស្រប​នឹង​អាកាសធាតុ​នៅ​ខេត្ត​មណ្ឌល​គិរី​ ជា​មូលហេតុ​នាំ​ឱ្យ​ការ​ដាំ​ដំឡូង​បារាំង​ទទួល​ទិន្នផល​ខ្ពស់។ លោក​សង្ឃឹម​ថា ឆ្នាំក្រោយការ​ដាំដំឡូង​បារាំង​នេះ នឹង​អាច​សាយ​ភាយ​ដល់​កសិករ ហើយ​មាន​ចំណាប់​អារម្មណ៍​ដាំដុះ​ច្រើន​ឡើង។   លោក សាស្ត្រាចារ្យ ជាង ហុង ព្រឹទ្ធបុរស​មហាវិទ្យាល័យវិទ្យាសាស្ត្រ​កសិកម្ម នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង បាន​ឱ្យ​ដឹង​ថា ​សម្រាប់​កម្ពុជា ការ​ដាំ​ដំ​ឡូង​បារាំង ក្នុង១ហិកតា ​អាច​បាន​ទិន្ន​ផល​ ១៧តោន ទៅ​ ២០តោន និង​អាច​លក់​បាន​ក្នុង​១គីឡូ​ក្រាម ៤ ០០០រៀល។ ដូច្នេះ​បើ ១ហិកតា​បាន​ទិន្នផល ១៧តោន យ៉ាង​តិច​កសិករ ក៏​អាច​លក់​បាន​ជាង​ ១ម៉ឺនដុល្លារ​ដែរ។

យ៉ាង​ណាក្ដី លោកសាស្រ្ដាចារ្យ បាន​បញ្ជាក់ដែរថា ទោះ​កម្ពុជា​អាច​បាន​ទិន្នផល​ខ្ពស់​ក៏​ពិត​មែន តែ​នៅ​មិន​ទាន់​អាច​ប្រៀប​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ អ៊ឺរ៉ុប​បាន​ឡើយ។   ចំណែក​ លោក​ ង៉ោ ប៊ុនថាន សាកល​វិទ្យាធិការ នៃសាកល​​វិទ្យាល័យ​ភូមិន្ទ​កសិកម្មចំការដូរ បាន​បន្ថែម​ថា ភារកិច្ច​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​ធ្វើការ​បណ្ដុះបណ្ដាល​ដល់​និស្សិត ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​កសិកម្ម ក្រៅពី​បណ្ដុះបណ្ដាល​គឺ​សាកល​វិទ្យាល័យ​​បន្ត​ផ្សព្វផ្សាយ​នូវ​របប​គំហើញ​ថ្មីៗ​ ដូច​គ្នា​ទៅ​នឹង​ការ​ពិសោធន៍​បច្ចេកទេស​ដាំ​ដំឡូងបារាំង​ នៅ​ខេត្ត​មណ្ឌល​គិរី​​ក្នុង​ពេល​បី​ឆ្នាំ​កន្លងមក​នេះ។ លោក​បាន​ស្នើ​ឱ្យ​មាន​កិច្ចសហការ​គ្នា​បន្ថែម​ទៀត​រវាង​មន្ទីរ​កសិកម្ម​ខេត្ត​​មណ្ឌល​គិរី​ និង សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​ជួយ​ដល់​កសិករ​ដែល​មាន​ចំណាប់​អារម្មណ៍​ដាំ​ដំឡូង​បារាំង​នេះ៕

រូបភាព​ផ្ដល់​ឲ្យ

ប្រភព៖ Sabay News អត្ថបទ៖ សុផល

អត្ថបទថ្មី
;