រឿងដីធ្លី​នៅខេត្ត​ព្រះសីហនុ៖ លោក ហ៊ុន ម៉ាណែត អំពាវនាវ​កុំ​ឱ្យ​ប្រើ​អំពីហិង្សា ព្រោះ​គ្មាន​អ្វីចំណេញ​ទេ

  • 2019-04-21 03:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​សម្តេច​ ហ៊ុន សែន បានថ្លែង​ថា៖ «ខណៈ​ដែល​ពេលថ្មីៗ​នេះ ស្រុកព្រៃនប់​កើតមាន​ការ​តវ៉ា​រឿង​ដីធ្លី​នោះ សូមឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ដោះស្រាយ​តាម​នីតិវិធី​កុំប្រើហិង្សា ព្រោះ​សមត្ថកិច្ច​ក៏ជាកូន​ចៅ​ប្រជាពលរដ្ឋ ហើយយើង​មិនចង់ឲ្យ​មានការ​វាយប្រហារ​កាប់ចាក់​គ្នា ព្រោះគ្មាន​អី្វចំណេញ​នោះទេ។ សូម​គោរពច្បាប់​ទាំងអស់គ្នា ហើយយើង​បាន​សេចក្តីសុខ​ទាំងអស់​គ្នា»។

ការថ្លែងខាងលើ​នេះ ក្នុងពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់មហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

លោកបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំទៅ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយគេ ត្រូវ​ខិតខំ​ធ្វើការ ខិតខំ​រៀនសូត្រ​ពិសេស​ត្រូវ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កសាង​ប្រទេសជាតិ​ ឱ្យមាន​ការ​ជឿនលឿន​ទៅមុខ ពីព្រោះ​ការធ្វើបាតុកម្ម​នេះ វាមិន​ចំណេញ​ឡើយ​សម្រាប់​ប្រទេស​ជាតិ។

លោក ហ៊ុន ម៉ាណែត បានលើកឡើង​ថា កង​កម្លាំង​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរមូលដ្ឋាន​ត្រូវ​បន្ត​ខិតខំ​ការពារ និង​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ត្រូវ​ស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ ប្រទេស​ជាតិ រាជរដ្ឋាភិបាល និង​ត្រូវចាត់ទុក​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ធំជាង​ប្រយោជន៍​របស់ខ្លួន។ នេះជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែលខិតខំ​កែសម្រួល​នូវអ្វី​ដែលមិនទាន់​បានល្អ ដើម្បី​រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ។

ការលើកឡើង​របស់​លោកហ៊ុន ម៉ាណែត ខាងលើ​នេះ គឺបន្ទាប់ពី​ប្រជាពលរដ្ឋ​នៅចំណុច​ភូមិចំណោទរាម ឃុំបិតត្រាង (អូរត្រាវ)ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានផ្ទុះ​ការតវ៉ារឿងជម្លោះ​ដីធ្លី កាលពីថ្ងៃទី១៨-១៩ ខែ​មេសា ឆ្នាំ​២០១៩ រហូតឈាន​ដល់ការ​បិទផ្លូវ​ជាតិ​លេខ ៤ និងមាន​ការប៉ះ​ទង្គិចគ្នារវាង​ប្រជាពលរដ្ឋ​ជាមួយ​សមត្ថកិច្ច និងបាន​បណ្តាល​ឲ្យសមត្ថកិច្ច​ចំនួន​៦នាក់ បាន​រងរបួស និងប្រជាពលរដ្ឋ​ចំនួន៨នាក់ ត្រូវបាន​ចាប់ខ្លួន។

ក្រុមប្រជាពលរដ្ឋប្រមាណ​ជាង ១០០​នាក់ បាននាំគ្នា​មកយក​ដើមឈើ ដុំថ្មមក​ដាក់បិទផ្លូវ​ជាតិ​លេខ ៤ នៅចំណុច​ភូមិចំណោតរាម ឃុំបិតត្រាង (អូរត្រាវ) ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​តវ៉ា​ប្រឆាំង​ជាមួយនឹង​ការ​ចុះ​អនុវត្ត​ដីកា​របស់​តុលាការ​លើដី​លោក​ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ។ ហើយនៅ​ពេលកម្លាំង​សមត្ថកិច្ច​ចុះ​សម្រប​សម្រួល​ដើម្បី​ឲ្យប្រជាពលរដ្ឋ​បើកផ្លូវ​ជាតិ​លេខ ៤ ស្រាប់តែ​ប្រជាពលរដ្ឋ​បានផ្ទុះហិង្សា​ដោយបាន​យកដុំថ្ម​គប់ស្រាច​មកលើ​សមត្ថកិច្ច បាន​បណ្តាល​ឱ្យ​សមត្ថកិច្ច​ចំនួន៦​នាក់ រង​របួស និង​រថយន្ត​មួយ​ចំនួន​រងការ​ខូចខាត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;