រាជ​រដ្ឋាភិបាល គាំទ្រ​ការ​ផ្ដល់​ប្រាក់​រង្វាន់​ដល់​កីឡាករ​កាយវប្បកម្ម​ជើងឯក​ពិភពលោក

  • 2019-04-23 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​កីឡាករ​កាយវប្បកម្ម​ទទួលបាន​មេដាយ​មាស​ ពីការ​ប្រកួត​កីឡា​កាយវប្បកម្ម​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ ក្រសួង​អប់រំ​បាន​ស្នើទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បើកប្រាក់​រង្វាន់ជូន (ទោះបីជា​មកដល់​ពេល​នេះ​មិនទាន់​ធ្លាក់​ពីក្រសួង​សេដ្ឋកិច្ច​ក្ដី)។ ប៉ុន្តែ​មានការ​យល់ច្រឡំគ្នា​បន្តិច​បន្តួច​អំពី​កម្រិត​នៃការ​ប្រកួត និងការ​ទទួល​ប្រាក់​រង្វាន់។ ការភាន់​ច្រឡំ​នេះ បណ្ដាល​ឱ្យ​សារព័ត៌មាន​មួយចំនួន​ចេញផ្សាយ​ថា ក្រសួង​អប់រំ​កិបកេង​ប្រាក់រង្វាន់​កីឡាករ ១០០លាន​រៀល ខុសពី​ការ​ពិត។

ដើម្បី​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​តាម​គតិយុត្តិ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​របាយការណ៍​ជម្រាប​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្រ្តី​អំពី​បញ្ហា​នេះ។ ជាការ​ឆ្លើយតប ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បានចេញ​លិខិត​មួយច្បាប់​ចុះថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៩ ក្នុង​ស្មារតី​គាំទ្រ​ការ​អនុវត្ត​របស់​ក្រសួង ដោយ​ខ្លឹមសារ​ថា៖ «របាយការណ៍​ស្ដីពី​ការផ្ដល់​ប្រាក់រង្វាន់​ជូន​ជយលាភី​នៃការ​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ប្រចាំ​ឆ្នាំ និងការ​ផ្ដល់​ប្រាក់​រង្វាន់​ជយលាភី​កាយវប្បកម្ម​ជើងឯក​ពិភពលោក រាជរដ្ឋាភិបាល​យល់ឃើញ​ថា ការអនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា [គ្រប់គ្រាន់​ហើយ]»។

ចំពោះ​ខ្លឹមសារ​របាយការណ៍ ដែលចុះ​ហត្ថលេខា​ដោយ​លោក ហង់ ជួន ណារ៉ុន ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នោះ​មាន​ខ្លឹមសារ​ថា៖ «ករណី​កីឡាកាយ​វប្បកម្ម​ដែល​ទទួលបាន​មេដាយមាស​ពិភពលោក នៅ​ប្រទេសថៃ​កន្លងមក​នេះ ក្រសួង​បាន​ស្នើប្រាក់​រង្វាន់​ជូន​ជយលាភី និងគ្រូ​បង្វឹក​ តាម​ប្រកាស​អន្តរក្រសួង​លេខ៧១៦ សហវ ប្រក ដែលបាន​កំណត់​ក្នុង​ប្រការ៦ ចំណុច​ខ.១ ប្រាក់រង្វាន់​ជយលាភី​ចំនួន ២០ ០០០ ០០០ (២០លាន) រៀល និង​គ្រូ​បង្វឹក​ចំនួន ២០ ០០០ ០០០ (២០លាន) រៀល ប៉ុន្តែ​កីឡាករ​ពុំពេញចិត្ត ចង់បាន ១២០ ០០០ ០០០ (១២០លាន) រៀល»…។ នៅថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៩ ក្រសួង​បាន​អញ្ជើញ​ប្រធាន​សហព័ន្ធ អគ្គលេខាធិការ គ្រូបង្វឹក និង​កីឡាករ​មក​ពន្យល់​អំពី​គោលការណ៍​ស្នើសុំ​ប្រាក់​រង្វាន់​ជាក់ស្ដែង​រួចរាល់ ហើយ​គ្រូ​បង្វឹក និង​កីឡាករ​ក៏បាន​យល់ព្រម​តាមការ​បំភ្លឺ​នេះ​ផងដែរ»។

យោងតាម​ប្រកាស​អន្តរ​ក្រសួង ស្ដីពី គោលការណ៍​សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ និងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​ប្រចាំឆ្នាំ ចេញថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០១៥ ចុះហត្ថលេខា​រួមគ្នា​ដោយ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រង់​ប្រការ៦ ចំណុច «ខ» ស្ដីពី ប្រាក់​រង្វាន់​លើកទឹកចិត្ត កីឡាករ កីឡាការិនី​ជើងឯក​តាម​ប្រភេទ​កីឡា (Championship) និង​ចំណុច «ខ.១.» ស្ដីពី ការប្រកួត​កីឡា​ជើងឯក​ពិភពលោក កំណត់​ថា «មេដាយ​មាស» ផ្ដល់​ប្រាក់​រង្វាន់​ជូន ១នាក់​ចំនួន «២០លាន​រៀល»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;