រដ្ឋមន្រ្តី​មហាផ្ទៃ បញ្ជា​ឱ្យ​ចាត់វិធានការ​បង្ក្រាប​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពីសកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន

  • 2019-04-23 04:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​ធ្វើការ​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ជាតិ និង​សមត្ថកិច្ច​ក្រោម​ឱវាទ​ដែលមាន​ការ​ពាក់ព័ន្ធ ត្រូវ​លើកកម្ពស់​ស្មារតី​ទទួល​ខុសត្រូវ​ឱ្យបាន​ជាប់​ជាប្រចាំ និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ មាន​ជាអាទិ៍​អំពើភេរវកម្ម ការ​ធ្វើចរាចរណ៍​ជូញដូរ​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​សម្អាត​ប្រាក់​ ការ​ជួញដូរ​រត់ពន្ធ​មនុស្ស ការ​ជួញដូរ​អាវុធ​ខុសច្បាប់ និង​បទល្មើស​បច្ចេកវិទ្យា។ នេះបើតាម​សេចក្តី​ណែនាំ​ចុះ​ហត្ថលេខាដោយ​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩។

ការចេញ​សេចក្តីណែនាំ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​ក្រសួង​មហាផ្ទៃ បាន​ទទួល​ព័ត៌មាន និង​បាន​ធ្វើការ​កត់សម្គាល់​នូវសញ្ញាណ​ទាក់ទង​ដល់ការ​ប៉ុនប៉ង​លួច​លាក់​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្មឆ្លងដែន​នៅ​ភូមិសាស្រ្ត​មួយ​ចំនួន​ដែលមាន​ការធ្វេស​ប្រហែល ខ្វះការ​ប្រុងប្រយ័ត្ន។

ជាមួយគ្នា​នេះ ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន និងការ​សម្អាត​ប្រាក់ ក្រសួង​មហាផ្ទៃ បាន​ដាក់ចេញ​បទ​បញ្ជា​ដល់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវ​បង្កើន​វិធានការ​ក្នុងការ​សហការ​ស្រាវជ្រាវ បង្ការ​ ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​ម៉ឺងម៉ាត់ នៅ​តាម​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេរ​ភាគី ច្រក​ទ្វារ​តំបន់​ព្រំដែន កំពង់ផែ​សមុទ្រ និងតាម​ខ្សែ​បន្ទាត់​ព្រំដែន ហើយ​ត្រូវ​រាយការណ៍​ស្នើសុំគោលការណ៍​ចង្អុល​ដឹកនាំ​ជាបន្ទាន់​ពី​ក្រសួងមហាផ្ទៃ ក្នុងករណី​មាន​បទល្មើស​កើតឡើង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;