សម្តេច ស ខេង បញ្ជា​ឱ្យ​រក​មេក្លោង​ជួញដូរ​មនុស្ស​ទាំង​នៅក្នុង​​និង​ក្រៅប្រទេស

  • 2019-04-23 06:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងជា​ប្រធាន​គណៈកម្មការធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​រក​ឱ្យ​ឃើញ​មេក្លោង​ជួញដូរ​មនុស្ស មានទាំង​មេក្លោង​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ហើយត្រូវ​ស្រាវជ្រាវ​ក្តាប់​ឱ្យ​បាន​មេក្លោង​ក្នុងការ​ជួញដូរ​មនុស្ស។ ការថ្លែង​នេះ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្តីពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​ទិសដៅ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ។

សម្តេច​ ស ខេង បាន​លើកឡើង​ថា ជនល្មើស​មិន​ប្រើប្រាស់​ច្រកទ្វារ​អន្តរជាតិ និង​ទ្វេភាគី ក្នុងការ​ជួញដូរ​មនុស្ស​ទេ គឺគេ​ប្រើប្រាស់​ច្រក​របៀង​ដើម្បី​នាំ​ពលករ​ចេញទៅ​ក្រៅប្រទេស ជាពិសេស​នៅខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ត្រូវយក​ចិត្តទុកដាក់​លើ​បញ្ហា​នេះ។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

«នៅក្នុង​ឆ្នាំ​២០១៨ យើង​បាន​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនល្មើស​ចំនួន ២២៤​នាក់ ទៅ​តុលាការ​ដើម្បី​ផន្ទាទោស ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ បាន​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ២៣០​នាក់ ក្នុងនោះ​មាន​ទាំង​ក្មេង​អាយុក្រោម ១៥​ឆ្នាំ និងពី​១៥ ដល់១៨ឆ្នាំ​ផងដែរ។ ... ខ្ញុំគិត​ថា បញ្ហា​គន្លឹះ គឺការ​រកឲ្យ​ឃើញ​នូវ​មេក្លោង​ក្នុងការ​ជួញដូរ​មនុស្ស បញ្ហា​នេះ ពិតជា​មាន​ការ​ឃុបឃិត​ពី​មេក្លោង​នៅក្នុង​ប្រទេស និង​មេក្លោង​នៅ​បរទេស ជា​ជនជាតិ​បរទេស»។ នេះ​ជា​លើកឡើង​របស់​សម្តេច​ក្រឡាហោម។

រដ្ឋមន្រ្តី​មហាផ្ទៃ បន្ថែម​ថា ការ​ទទួល​បាន​ព័ត៌មាន​ពិត​អំពី​មុខ​សញ្ញា​ជួញដូរ​នេះ គឺ​ជា​រឿង​សំខាន់​ណាស់ ដើម្បី​ឈានទៅ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​ដើម្បីឈាន​ទៅលើក​វិធានការ​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​មាន​ប្រសិទ្ធភាព ជាពិសេស​យកចិត្តទុក​ដាក់​នៅ​បណ្តា​ច្រក​នៅតាម​ព្រំដែន​កម្ពុជា ក្នុងនោះ​ខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង ជា​គោលដៅ​សំខាន់ ត្រូវយកចិត្តទុកដាក់​ដើម្បី​ស្រាវជ្រាវ​ក្តាប់​ឲ្យបាន​នូវ​មេក្លោង និងអ្នក​ផ្សំគំនិត​ក្នុងការ​ជួញដូរ​មនុស្ស»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;