អតីត​ប្រធានាធិបតី​វៀតណាម ដែល​ធ្លាប់​ធ្វើសង្គ្រាម​ប្រឆាំង​បារាំង អាមេរិក និង​ខ្មែរក្រហម ទទួល​មរណភាព

  • 2019-04-23 08:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ប្រធានាធិបតី​វៀតណាម លោក​នាយ​ឧត្តម​សេនីយ៍ Le Duc Anh បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ ៩៩ឆ្នាំ ​កាលពីយប់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​អស់​ជាច្រើន​ខែ​មក។ នេះ​បើតាម​ការ​បញ្ជាក់​របស់​កូនប្រុស​លោក គឺ​លោក Le Manh Ha ទៅកាន់​សារព័ត៌មាន VnExpress។

លោកបាន​បាត់បង់​ជីវិត​នៅក្នុងផ្ទះ​របស់​លោក ដែលស្ថិត​នៅក្រុង​ហាណូយ។

លោក​បាន​ចាប់​កំណើត​ក្នុងឆ្នាំ១៩២០ នៅស្រុក Phu Loc ខេត្ត Thua Thien-Hue ភាគកណ្តាល​វៀតណាម។ លោកបាន​ចូលរួម​ក្នុង​បដិវត្តន៍​នាឆ្នាំ​១៩៣៧ ហើយបាន​ក្លាយ​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​វៀតណាម នៅឆ្នាំ​បន្ទាប់។

នាយ​ឧត្តមេសនីយ៍​រូបនេះ បាន​ចូលរួម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​បារាំង រយៈពេល​ជិត ១០ឆ្នាំ​ពីឆ្នាំ១៩៤៥ ដល់ ១៩៥៤ និង​សង្គ្រាម​ប្រឆាំងអាមេរិក រយៈពេល ១២ឆ្នាំ គិតចាប់ពីឆ្នាំ​១៩៦៤។ លោកបាន​ចូលរួម​ចំណែក​ក្នុងការ​បញ្ចប់​សង្គ្រាម​វៀតណាម​នៅឆ្នាំ​១៩៧៥ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​បាន​បង្រួប​បង្រួម​គ្នា​ជាវៀតណាម​តែមួយ។

នៅឆ្នាំ​១៩៨១ លោក​ត្រូវបាន​តែងតាំង​ជា​អនុរដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិ​វៀតណាម និងជា​ប្រធាន​នាយកដ្ឋាន​នយោបាយ​នៃ​ក្រសួងនេះ។ នៅឆ្នាំ​ដដែលនេះ លោក​បាន​ក្លាយ​ជា​មេបញ្ជាការ​កងទ័ព​វៀតណាម​ ប្រចាំនៅក្នុង​ប្រទេស​កម្ពុជា ដែល​ជួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្រឆាំង​នឹង​កងទ័ព​ព្រៃខ្មែរក្រហម​ផងដែរ។

លោក Le Duc Anh បាន​ក្លាយ​ជារដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​វៀតណាម ពី​ឆ្នាំ​១៩៨៧ ដល់ឆ្នាំ​១៩៩១។ នៅខែកញ្ញា ឆ្នាំ​១៩៩២ លោក​ត្រូវបាន​ជ្រើសរើស​ឱ្យ​ធ្វើជាប្រធានាធិបតី​វៀតណាម​រហូតដល់​ឆ្នាំ ១៩៩៧៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;