មេ​ដឹកនាំចាស់​ជាងគេក្នុង​​លោក ចែក​រំលែក​គន្លឹះ​ថែរក្សា​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត

  • 2019-04-23 11:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mohamad Mahathir ជា​មេដឹកនាំ​ចាស់ជាង​គេ​ក្នុង​លោក ដែល​មាន​វ័យជិត ៩៤ឆ្នាំហើយ។ ទោះ​ជា​យ៉ាង​ណា មេ​ដឹកនាំ​រូបនេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ​មើល​ឃើញ​ថា ហាក់​មាន​សុខភាព​ល្អ និង​រឹង​ប៉ឹង។ តើ​អ្វី​ដែល​ជា​គន្លឹះ​របស់​លោក ក្នុង​ការ​ថែរក្សា​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​ខ្លួន?

ក្នុង​បទ​សម្ភាសន៍​ជាមួយ CNN លោក​នាយករដ្ឋមន្ត្រី Mahathir បាន​បង្ហើប​អំពី​គន្លឹះ​ចំនួន​ពីរ​សំខាន់ៗ។ ទី​មួយ​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​កាយ លោក​ថា​ លោក​រស់​នៅ​ក្នុង​ជីវិត​មួយ​សមរម្យ ហើយ​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​លើស​ពី​ព្រំដែន​កំណត់​នោះ​ទេ។ ឧទាហរណ៍​លោក​នឹង​មិន​ធ្វើ​ការ​ទទួល​ទាន​អាហារ​រហូត​ធ្វើ​ឲ្យ​ខ្លួន​លើស​ទម្ងន់​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ លោក​បាន​ចំណាយ​ពេល​មួយ​ចំនួន ដើម្បី​ថែរក្សា​សុខភាព​ជា​ទូទៅ​របស់​លោក។

ចំណែក​ឯ​ចំណុច​ទី​ពីរ​ទាក់ទង​នឹង​សុខភាព​ផ្លូវ​ចិត្ត​វិញ មេ​ដឹកនាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ការ​គិត ការ​អាន និងការ​ព្យាយាម​រក​ទឡ្ហីករណ៍ ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​ភាព​រស់រវើក។ លោក​ថា បើ​មិន​ព្យាយាម​គិត ព្យាយាម​អាន ឬ​រៀន​នោះ ខួរ​ក្បាល​នឹង​មិន​ដំណើរ​បាន​ល្អ​នោះ​ឡើយ។

ក្នុង​ចុង​បញ្ចប់​វីដេអូ​សម្ភាសន៍​នោះ លោក Mohamad Mahathir បាន​និយាយ​ថា៖ "នៅ​ពេល​ខ្លះ មនុស្ស​មាន​វ័យ​ក្មេង​ជាង​អាយុ​របស់​ខ្លួន"។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក Mahathir បាន​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចំនួន​ពីរ​លើក។ លើក​ទី ១ ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ ចំណែក​ឯ​លើក​ទី ២ គឺ​ពី​ខែ​ឧសភា ២០១៨ រហូត​ដល់​ពេល​បច្ចុប្បន្ន។

សូម​ទស្សនា​វីដេអូ​ដែល​លោក​ផ្ដល់​បទសម្ភាសន៍​ជាមួយ CNN ដែល​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖៕

ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី
;