រាជរដ្ឋាភិបាល​ត្រៀមដី​សង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​មណ្ឌលគិរី​រួចហើយ

  • 2019-04-24 02:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ គ្រោង​សាងសង់​អាកាសយានដ្ឋាន​ចំនួន​បី នៅតាម​បណ្តា​ខេត្ត​នា​ភូមិភាគ​ឦ​សានប្រទេស​ ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ និង​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច និង​ទេសចរណ៍។

អ្នកនាំពាក្យ និង​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ​ជា អូន ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា​ ឆ្នាំ​២០១៩​ថា រាជរដ្ឋាភិបាល​បាន​សិក្សា​ពី​ការសាងសង់​អាកាសយាន​ដ្ឋា​ន​ខ្នាតតូច​ក្នុង​ខេត្ត​ចំនួន​បី​គឺ​ខេត្តស្ទឹងត្រែង រតនគិរី​ និង​ខេត្ត​មណ្ឌលគិរី​។ ប៉ុន្តែ​ផ្តល់​អាទិភាព​ដល់​ខេត្ត​មណ្ឌលគិរី​ជាមុន ដោយ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​ត្រៀម​ដី​រួចហើយ សម្រាប់​ទីតាំង​សាងសង់​អាកាសយានដ្ឋាន​ទាំងនេះហើយ​​។​

​លោក​បន្តថា៖ «រហូត​មកទល់​ពេលនេះ ការ​ចំណាយ​សម្រាប់​សាងសង់​អាកាសយា​ន​ដ្ឋា​ន​នីមួយៗ​ប៉ុន្មាន​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​គម្រោង​នេះ នឹង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋា​ភិ​បាល​។ ការ​ចំណាយ​សម្រាប់​សាងសង់​អាកាសយានដ្ឋាន​នីមួយៗ ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ដោយសារ​ព្រលាន​នីមួយៗ​មាន​ការ​សាងសង់ និង​អាស្រ័យ​លើ​ចំនួន​នៃ​ការ​ចុះចត​របស់​យន្តហោះ​ច្រើន​ឬ​តិច​»។ ​

​លោក ​ជា អូន​ បាន​បញ្ជាក់​ថា គម្រោង​សាងសង់​អាកាសយានដ្ឋាន​នៅ​បណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត​នេះ មិនមែនជា​រឿង​ថ្មី​នោះទេ វា​ជា​គម្រោង​របស់​រដ្ឋាភិបាល​គ្រោង​រៀបចំ​ជា​យូរ​មកហើយ​។​ហេតុនេះ​ការសាងសង់​នឹង​ចាប់ផ្តើម​នៅពេលណា ឬ​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន នៅពេល​ការសិក្សា​បានធ្វើ​រួច​។​​

គួរ​រំលឹក​ឲ្យ​ដឹងផង​ដែរ​ថា ​កាលពីពេល​ថ្មីៗ​នេះ ​លោក​ ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បង្ហើប​បណ្តាញ​សារព័ត៌មាន​ថា រដ្ឋាភិបាល​គ្រោង​រៀបចំ​សិក្សា​ផែនការមេ​ដើម្បី​ដាំ​បន្លែ និង​ផ្កា​នៅ​ខេត្តមណ្ឌលគិរី ដោយសារ​ខេត្ត​នេះ​មាន​អាកាសធាតុ​អំណោយផល ដូចជា​ខេត្ដ​ដា​ឡា​ត់​ប្រទេស​វៀតណាម​។ ការដាំ​បន្លែ និង​ផ្កា​នេះ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែល​វា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​។

​​លោក​បន្តថា ជាមួយនឹង​ផែនការ​នេះ ដែល​នឹង​បញ្ចប់​ការសិក្សា​ក្នុង​រយៈពេល​៦​ខែ រដ្ឋាភិបាល​ក៏​គ្រោង​សាងសង់​អាកាសយានដ្ឋាន​ខ្នាតតូច ដើម្បី​ដឹកជញ្ជូន​ផលិតផល​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ក្នុងស្រុក និង​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​ផ្កា និង​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី​ផងដែរ​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន​បាន​មានប្រសាសន៍ថា ការ​មាន​អាកាសយានដ្ឋាន​នៅ​ភូមិភាគ​ឦ​សាន្ត​ជា​រឿង​ល្អប្រសើរ ព្រោះ​វា​នឹងធ្វើ​ឲ្យ​មាន​កំណើន​ទេសចរ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​នៅ​តំបន់​នោះ ដោយសារ​ការធ្វើដំណើរ​ត្រូវ​ចំណាយពេល​ខ្លី​ខុសពី​ការធ្វើដំណើរ​តាម​យានយន្ត ដែល​ចំណាយពេល​យូរ​សឹង​អស់​មួយថ្ងៃ បើសិនជា​ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ទាំងនោះ​។

​​លោកស្រី​បន្តថា «យើង​ជឿថា​កាលណា​មាន​អាកាសចរណ៍ ហោះហើរ​ទៅកាន់​ភូមិភាគ​ឦ​សាន្ត​នឹងមាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ភ្ញៀវទេសចរ​អន្តរជាតិ​»៕ 

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;