កម្ពុជា ចូលរួម​ចុះ​កិច្ច​ព្រមព្រៀង​អាស៊ាន​ស្តីពី​សេវាកម្ម ដែល​នឹង​ជួយ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​រដ្ឋ​ជា​សមាជិក

  • 2019-04-24 02:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​ក្នុងពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​សេវាកម្ម (ASEAN Trade in Services Agreement - ATISA) និង​ពិធីសារ​ទី៤ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​អាស៊ាន ស្តីពី​វិនិយោគ (Fourth Protocol to Amend the ASEAN Comprehensive Investment Agreement – ACIA)។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន លើកទី​២៥ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ Angsana Laguna Phuket ទីក្រុង​ភូកេត ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួងពាណិជ្ជកម្ម
ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ឱ្យដឹង​ថា កិច្ចព្រមព្រៀង និង​ពិធីសារ​នេះ ​នឹង​រួម​ចំណែក​ដ៏​សំខាន់ ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​លើ​ផ្នែក​សេវាកម្ម​នៅក្នុង​តំបន់ តាមរយៈ​ការកាត់​បន្ថយ​របាំង​នានា ជំរុញ​កិច្ចសហប្រតិបត្តិការ បង្កើន​ការចូលរួម​របស់​សហគ្រាស​ធុនតូច និង​មធ្យម កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​រដ្ឋ​ជា​សមាជិក ក៏ដូចជា​ជួយ​សម្រួល​ដល់​សេរីភាវូបនីយកម្ម និង​ការវិនិយោគ​ក្នុង​អាស៊ាន ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ជាអតិបរមា នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់។
រូបថត៖ ក្រសួងពាណិជ្ជកម្ម

សូម​ជម្រាប​ថា ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក ប៉ាន សូរស័ក្តិ និង​បណ្តា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ដទៃទៀត ក៏បាន​លើក​អំពី​តួនាទី និង​សារៈសំខាន់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បន្ត​គាំទ្រ និង​រក្សា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​បាន​ឯកភាព​ចូលរួម​ក្នុងការ​ធ្វើ​កំណែ​ទម្រង់ (WTO) ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ឱ្យកាន់​តែប្រសើរ​ឡើង។ កិច្ចប្រជុំ​ក៏បាន​ជំរុញឲ្យ​មានការ​តែងតាំង​សមាជិក​អង្គភាព​ដោះស្រាយ​ជម្លោះ (WTO) ឲ្យបាន​ឆាប់​បំផុត ដើម្បី​ជៀសវាង​នូវ​បញ្ហា​ជាប់គាំង​យន្តការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;