កូនប្រុស CR7 ជួយ U-9 Juventus ឈ្នះពាន​ និង​ក្លាយជា Top Scorer ក្រោយស៊ុត​ចូល ២៥គ្រាប់

  • 2019-04-24 03:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo Jr ដែល​ជា​កូនប្រុស​ច្បង​របស់​ Cristiano Ronaldo បាន​ដើរ​តាម​គន្លង​របស់​ឪពុក ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ ២៥គ្រាប់ ឲ្យក្រុមអាយុ​ក្រោម ៩ឆ្នាំ Juventus (U-9)។

ចាប់តាំង​ពី​ផ្ទេរ​ពីក្រុមយុវជន Real Madrid មក Juventus តាម​ឪពុក​កាលពីខែកញ្ញា ឆ្នាំ២០១៨ កុមារា​ដែល​មាន​អាយុ ៨ឆ្នាំ ១០ខែ​រូបនេះ ធ្លាប់ជួយ​ក្រុម​លើក​ពាន​១រួចមកហើយ កាលពីខែធ្នូ​កន្លងទៅ ហើយ​កាលពី​សប្ដាហ៍មុន រូបគេ​បានជួយ​ឲ្យ​ក្រុមឈ្នះ​ពាន​មួយទៀត គឺ​ពាន​Torneo Internacional de Marítimo។

ក្នុង​ពាន​រង្វាន់​នេះ មាន​ការប្រកួត​តែ ៨ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ Cristiano Jr. បាន​ស៊ុត​បញ្ចូលទី​សរុប ដល់ទៅ ២៥គ្រាប់។ អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍ គឺក្នុង​ប្រកួត​បើកឆាក រូបគេ​បាន​ស៊ុត​បញ្ចូលទី​ដល់ទៅ ៧គ្រាប់​ម្នាក់ឯង ត្រឹម​តង់ទី១។ ហើយ​នៅ​វគ្គផ្ដាច់ព្រ័ត្រ Jr. បាន​ជួយ​ឲ្យ​ក្រុម​ យកឈ្នះ​ក្រុម U-9 Atletico Madrid ថែមទៀតផង។

Cristiano Jr. និងមិត្តរួមក្រុម U-9 Juventus អបអរ​ក្រោយ​ឈ្នះ​ពាន
សូមបញ្ជាក់ថា ពាន​រង្វាន់ Torneo Internacional de Marítimo លេង​នៅ​ទឺកដី​កំណើត​របស់ Ronaldo តែម្ដង គឺនៅក្រុង Madeira ប្រទេស​ព័រទុយហ្គាល់។ ពាន​នេះ មានការ​ចូលរួម​ពី​ក្រុម​ក្មេងៗ​ជាច្រើន ដែល​ក្នុង​នោះ​ក៏​មាន U-9 Atletico Madrid (ចាញ់ U-9 Juventus វគ្គផ្ដាច់ព្រ័ត្រ), Porto និង Benfica ជាដើម។ ក្នុងការប្រកួត​ផ្ដាច់ព្រ័ត្រ មិនមាន​វត្តមាន​ Ronaldo ទៅគាំទ្រ​នោះទេ ដោយសារ​ជាប់​ភារកិច្ច​ប្រកួត ប៉ុន្តែ​ម្ដាយ​របស់ Ronaldo គឺ​លោកស្រី Dolores Aveiro បាន​ទៅគាំទ្រ​ចៅ​ប្រុស ដល់​ទីលាន​ប្រកួត​តែម្ដង៕

ខាងក្រោមនេះ ជាវីដេអូ​បច្ចេកទេស​ស៊ុត​បញ្ចូល​ទី​របស់ Cristiano Jr.៖

ក្រុម U-9 Juventus និងក្រុមគ្រូបង្វឹក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;