កីឡាករ​ល្បី​មីយ៉ាន់ម៉ា Phoe Thaw ជឿជាក់​លើ ចាន់ រតនា

  • 2019-04-24 04:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើងខ្លាំង MMA របស់​មីយ៉ាន់ម៉ា Phoe Thaw ដែល​ធ្លាប់​មក​ហាត់​នៅ​កម្ពុជា​នៅ​​នោះ បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា មិត្តភក្ដិ​របស់​ខ្លួន គឺ​ចាន់ រតនា នឹងទទួល​បាន​លទ្ធផល​ល្អ​​នា​ការប្រកួត​ នៅ ONE Championship ខាងមុខ​នេះ។

Phoe Thaw ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត ឈ្នះ៧ដង និង​ចាញ់តែម្ដង នៅ ONE បាន​ថ្លែង​ប្រាប់ [​ខ្លីៗ] ពី​ប្រទេស​មីយ៉ាន់ម៉ា មកថា៖ "រតនា គឺ​ជា​កីឡាករ​ដ៏ល្អ​ម្នាក់ ក្រៅ​ពី​ជា​មិត្តរួម​ក្រុម Fight For Good (FFG) គាត់​ក៏​ប្រៀបដូចជា​បងប្អូន​របស់​ខ្ញុំដែរ។ គាត់​ជា​កីឡាករ​ MMA ម្នាក់ ក្នុង​ចំណោម​កីឡាករ​ MMA ល្អបំផុត​នៅ​កម្ពុជា។ គាត់​មាន​ជំនាញ​ទាត់​យ៉ាង​ល្អ ដែល​ខ្ញុំ​ក៏រៀន​ក្បាច់​នេះ​ពី​គាត់​ដែរ។ គាត់​នឹង​ធ្វើ​បាន​ល្អ នា​ប្រកួត​បន្ទាប់ ហើយ​ខ្ញុំជឿថា​គាត់​អាច​ធ្វើបាន"។

Phoe Thaw នាការប្រកួតកន្លងមក (រូបភាព៖ ONE Championship)
កីឡាករ​មីយ៉ាន់ម៉ា វ័យ ៣៤ឆ្នាំរូបនេះ បានបន្តថា៖ ***"រតនា មិន​ត្រឹម​តែ​ខ្លាំង​ក្នុង​សង្វៀន​ទេ តែក៏ជាគំរូ​ល្អ​នៅ​ក្រៅ​សង្វៀន​ផងដែរ។ គាត់​តែងតែ​ប្រឹងប្រែង​ហាត់ ដូច្នេះ​ការប្រកួត​ទល់​នឹង​កីឡាករ​ឥណ្ឌូណេស៊ី គឺ​នឹង​ក្លាយ​ជា​ប្រកួត​ដ៏ជក់ចិត្ត និង​តានតឹង​ ដោយសារ​កីឡាករ​ឥណ្ឌូណេស៊ី ក៏ខ្លាំងដែរ។ តែ​ខ្ញុំ​ជឿជាក់ថា គាត់​នឹង​អាច​​បង្ហាញ​ក្បាច់​ប្រកួត​ដ៏ល្អ គាត់​នឹង​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល ហើយ​និង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា សប្បាយ​រីករាយ"។***

សូមបញ្ជាក់ថា Phoe Thaw ជា​កីឡាករ​ MMA លេចធ្លោ​មួយ​រូប​របស់​មីយ៉ាន់ម៉ា នៅ ONE Championship អាច​ថា​ជា​កីឡាករ​ល្បី​ទី២ បន្ទាប់​ពី Aung La Nsang។ កីឡាករ​រូបនេះ ធ្លាប់​ធ្វើ​ដំណើរ​មក​កម្ពុជា​ម្ដង​ជា​ពីរដង ដើម្បីហ្វឹកហាត់ជាមួយកីឡាករ​ចាន់ រតនា ហើយ​ ចាន់ រតនា ក៏​បាន​ទៅ​ឲ្យ​ទឹក​រូបគេដល់​មីយ៉ាន់ម៉ា នៅ​ក្នុង​ការប្រកួត​ភាគច្រើនផងដែរ។

Phoe Thaw (ឆ្វេង) និង ចាន់ រតនា

កីឡាករគុនខ្មែរ ចាន់ រតនា នឹង​ប៉ះ​ជើងខ្លាំង​មិន​ដែល​ចាញ់​របស់​ឥណ្ឌូណេស៊ី Rudy Agustian ក្នុង​ព្រឹត្តិការណ៍ ONE: FOR HONOR នៅ​ទីក្រុង​ចាការតា ប្រទេស​ឥណ្ឌូណេស៊ី នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។ ក្នុងព្រឹត្តិការណ៍​នោះ ក៏​មាន​វត្តមាន​កីឡា​ការិនី​កម្ពុជា ១រូបទៀត​ផងដែរ គឺ នៅ ស្រីពៅ ប៉ះ​កីឡា​ការិនី​ម្ចាស់ផ្ទះ​ដូចគ្នា៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;