ប៉ូលិស និង​មន្រ្តី​ជាង ៦០​នាក់​ស្លាប់​ដោយសារ​អស់​កម្លាំង ​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ឥណ្ឌូណេស៊ី

  • 2019-04-24 04:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​រៀបចំ​ការ​បោះឆ្នោត ចំនួន ៥៤នាក់ បាន​ស្លាប់​ក្នុង​អំឡុងពេល​បោះឆ្នោត​នៅ​ឥណ្ឌូណេស៊ី​ និង​ក្រោយ​ពេល​បោះឆ្នោត ដោយសារតែ​ពួកគេ​បាន​អស់កម្លាំងខ្លាំងពេក។ នេះបើតាម​ការបញ្ជាក់​របស់​លោក Viryan Aziz ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឥណ្ឌូណេស៊ី កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។

លោក​បញ្ជាក់​ថា ពួកគេបាន​​អស់​កម្លាំងខ្លាំង​ហើយ​ស្លាប់ បន្ទាប់ពី​ដំណើរការ​រាប់​សន្លឹកឆ្នោត។ ក្រៅពីអ្នកស្លាប់ ក៏មាន​មន្រ្តី ៣២នាក់​ផ្សេងទៀត បានធ្លាក់​ខ្លួនឈឺផងដែរ។

មន្រ្តី​​រៀបចំ​ការបោះ​ឆ្នោត ដេក​សម្រាក​នៅ​ឃ្លាំង​ទុក​ហិប​ឆ្នោត​មួយ​នៅ​ទីក្រុង​ហ្សា​ការតា​
លោក Viryan Aziz ថ្លែងថា ក្រោយ​មាន​ហេតុការណ៍នេះ គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត នឹង​បើកការ​វាយតម្លៃ។ «ការងារ​របស់​ពួកគេ គឺ​ពិតជា​លំបាក​ណាស់ មាន​ទំនួល​ខុសត្រូវច្រើន។ ភាព​អស់​កម្លាំង​ខ្លាំង អាចនឹង​កើតឡើង​ទៅលើ​ពួកគេ ក្នុងពេល​ពួកគេ​បំពេញ​ភារកិច្ច»។

បើតាម​លោក Tjahjo Kumolo រដ្ឋមន្រ្តី​កិច្ចការ​ផ្ទៃក្នុង​ឥណ្ឌូណេស៊ី បាន​ឱ្យដឹងថា មន្រ្តីប៉ូលិស ១០នាក់ បាន​ស្លាប់​បន្ទាប់ពីធ្លាក់ខ្លួនឈឺ និង​អស់កម្លាំង ដោយសារតែ​ពួកគេ​បំពេញ​ភារកិច្ច​ការពារ​យាមកាម​ នៅតាម​មណ្ឌលបោះឆ្នោត ហើយខ្លះត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ដាច់ស្រយាល។

សូម​ជម្រាប​ថា ឥណ្ឌូណេស៊ី បាន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ២០១៩ ហើយ​​នេះ​គឺ​ជាលើកទីមួយ​ដែល​ជាការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី អនុ​ប្រធានាធិបតី និង​សមាជិក​សភា នៅថ្ងៃតែមួយ។ អ្នកមានសិទ្ធិចូលរួម​បោះឆ្នោត​មាន​ចំនួនជាង ១៩០​លាន​នាក់ ខណៈ​​មណ្ឌល​បោះឆ្នោត​មាន​ចំនួន ៨០៩៥០០​កន្លែង។ ចំណែក​គណបក្ស​ដែល​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន ១៦​គណបក្ស (គណបក្សថ្មី៤)៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;