ក្រសួង​បរិស្ថាន៖ ជន​ខិលខូច​បោក​ពលរដ្ឋ​ស្លូតត្រង់ ដោយ​អនុវត្ត​ទ្រឹស្តី «ឈ្នះ​បានដី ចាញ់បាន​លុយ»

  • 2019-04-24 06:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ថា ក្រុម​ជន​ខិលខូច​ បាននឹង​កំពុង​អនុវត្ត​ទ្រឹស្តី «ឈ្នះ​បានដី ចាញ់បាន​លុយ» ខណៈ​ទីផ្សារ​ដីធ្លី​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់។ ពួកគេ​បានភូត​កុហក​បោកប្រាស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​យកដីរដ្ឋ ឬដី​ដែលមាន​កម្មសិទ្ធិ​មកធ្វើជា​របស់​ខ្លួន និងលក់​ក្នុងតម្លៃ​ថោកៗ​ឱ្យ​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា​ ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ជាខែល​ ​ដើម្បី​រំលោភ​បំពាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ដែលស្ថិត​នៅក្នុង​ឧទ្យាន​ជាតិ និងតំបន់​ការពារ​ធម្មជាតិ​នានា ហើយ​ពេល​ខ្លះ​ពួកគេបាន​ញុះញង់​ពលរដ្ឋ​ឱ្យ​សាងសង់​ខ្ទម​តូចៗ និងដាំ​ដំណាំ​ផ្សេងៗ​លើដី​របស់គេ​ដែលមាន​កម្មសិទ្ធិ​ដើម្បី​តវ៉ា​ថា ខ្លួនបាន​តាំង​ទីលំនៅ​ជាយូរ​មកហើយ និង​ប្រសិន​បើចង់​ឱ្យរុះរើចេញ​ ត្រូវមាន​សំណង ឬផ្តល់​ចំណែក​ដីណាមួយ​ដល់ខ្លួន​ជាដើម។

ជាមួយគ្នា​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់ កុំ​ចាញ់​បោក​មេខ្យល់​ខិលខូច និង​កុំចូលរួម​ក្នុង​សកម្មភាព​រំលោភ​បំពាន​ច្បាប់​ដែល​នាំឱ្យ​មាន​ការ ប្រឈម​ចំពោះ​មុខ​ច្បាប់ ព្រោះគ្មាន​ជនណាម្នាក់​អាចយក​ដីរដ្ឋ​ទៅលក់ដូរ​បាន​ឡើយ។

លោករដ្ឋលេខាធិការ​បាន​រំឮក​បងប្អូនប្រជាពលរដ្ឋ​ថា មុននឹង​ទិញ​លក់ដី ត្រូវប្រយ័ត្ន​ប្រយែង​ក្រែងប៉ះ​ចំដីរដ្ឋ ឬដី​ដែលមាន​បណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ ដែលនាំឱ្យ​បងប្អូន​បាត់បង់​ផល​ប្រយោជន៍។

លោក​បញ្ជាក់​ថា ទន្ទឹមនឹង​នោះ អាជ្ញាធរ​មានសមត្ថកិច្ច​បាននឹង​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​វែកមុខ​រក​មេខ្យល់​ទាំងអស់ និងចង់​ចង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក៏​ដូចជា​ការ​ពិនិត្យ និង​ដកហូត​មកវិញ​នូវដីរដ្ឋ​ដែល​ទន្ទ្រាន​កាន់កាប់ ដោយ​ខុសច្បាប់​ពី​ក្រុម​ជនខិលខូច។ កន្លងទៅ​នេះ អាជ្ញាធរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​នេះ នៃការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​នៅក្នុង​តំបន់​ការពារ ហើយ​មេក្លោង​មួយចំនួន​ដែល​នៅពីក្រោយ​បទល្មើស​នេះ ត្រូវ​បាន​ចាប់ខ្លួន និង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលាការ​ ដើម្បីជំនុំជម្រះ​ក្តីតាម​ច្បាប់​បណ្តើរៗ​ហើយ។

ជាថ្មី​ម្តងទៀត ក្រសួង​បរិស្ថាន​បាន​ប្រកាស​ឱ្យ​ជនខិលខូច​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវរាល់​សកម្មភាព​ខុសច្បាប់​ ជា​អាទិ៍​ការ​ឈូលឆាយ ការ​កាប់ឆ្ការ ដុត រុករាន​ទន្ទ្រាន​ដីព្រៃ ការ​សាងសង់​ខ្ទម ឬរោងការ​ដាំ​ដំណាំ ឬការ​អាស្រ័យ​ផល​លើដី​របស់​រដ្ឋ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;