ទូត​ហ្វីលីពីន​ថា កម្ពុជា​មានការ​​រីក​ចម្រើន​​មិនគួរ​ឱ្យជឿ

  • 2019-04-24 09:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំនៅ​កម្ពុជា ដែលបាន​ផុតអាណត្តិ​ការងារ​នៅ​កម្ពុជា បាន​និយាយ​ថា កាលពី៤ឆ្នាំមុន​ពេល​លោក​អញ្ជើញ​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កម្ពុជា​ហាក់ដូចជា​មិនសូវ​អ៊ូអរ​ច្រើនទេ ហើយរួម​ជាមួយ​មធ្យោបាយ​ធ្វើដំណើរ​ក៏មិនសូវ​មានច្រើន រីឯ​ការ​កកស្ទះ​ចរាចរណ៍​ក៏មិន​សូវ​កើតមាន។ ប៉ុន្តែនៅ​ពេល​ដែល​លោក​ត្រូវ​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួនឯង​វិញ គឺបាន​ឃើញ​កម្ពុជា​ រីក​ចម្រើន​ដែលមិន​គួរឱ្យ​ជឿឡើយ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​សម្តេច ហ៊ុន សែន នាព្រឹក​ថ្ងៃទី២៤ ខែ​មេសា ឆ្នាំ​២០១៩។

លោក​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការរីក​ចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ការ​រីក​ដុះដាល​យ៉ាងច្រើន ដូចជា​វិស័យ​សំណង់ ដែលមាន​អគារ​ខ្ពស់ៗ​ជាច្រើន​ត្រូវបាន​លេចធ្លោ​ឡើង។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
លោក Christopher Baltazar MONTERO នៅក្នុង​អាណត្ដិ​ការទូត​រយៈពេល ៤​ឆ្នាំ​របស់​លោក​នេះ គឺ​សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ពីរដង​ទៅកាន់​ប្រទេស​ហ្វីលីពីន ហើយ លោក​ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​មក​បំពេញ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ចំនួន ២​ដង ផងដែរ។ ស្របពេល​ដែល​កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព គឺមាន​អ្នកវិនិយោគិន​ហ្វីលីពីន​ជាច្រើន​ បានមក​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា ដែល​កំពុង​ផ្តល់ផល​ប្រយោជន៍ ឱ្យគ្នា​ទៅវិញ​ទៅមក ក្នុងនោះ​ក៏មាន​ការវិនិយោគ​លើការ​ហោះត្រង់ពី​ហ្វីលីពីន​មកកាន់​កម្ពុជា​ផងដែរ។

ជាការ​ឆ្លើយតប សម្តេច ហ៊ុន សែន បានវាយ​តម្លៃខ្ពស់​ចំពោះ​ចំណង​មិត្តភាព និងកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា ហ្វីលីពីន ក្នុង​រយៈពេល ៦០ឆ្នាំ​មក​នេះ ដែលមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង។ ទាំងនេះ​គឺបាន​បន្សល់ទុក​ដោយ​អតីតបុព្វបុរស​នៃប្រទេសទាំងពីរ ដែល​ត្រូវបន្ត​រក្សា​ចំណងមិត្តភាពនេះ ឱ្យ​បានល្អ​សម្រាប់​អ្នក​បន្តវេន​ជំនាន់ក្រោយៗ​ទៀត។ សម្តេច​ក៏បាន​ជំរុញឱ្យបង្កើនទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;