ព្រឹកនេះ សម្តេច ហ៊ុន សែន ចាកចេញ​ពី​កម្ពុជា ទៅកាន់​ប្រទេសចិន​ហើយ

  • 2019-04-25 01:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ រួម​នឹង​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត នៅទីក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់ពីថ្ងៃទី​២៥ ដល់ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ​២០១៩។

នៅក្នុង​សម័យ​ប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើកទី​២ នៅ​ថ្ងៃទី​២៦ ខែ​មេសា​ សម្តេច​តេជោនាយករដ្ឋ​មន្រ្តីនឹងថ្លែង​សុន្ទរកថាពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការ​ខ្សែ​ក្រវ៉ា​ត់ និង​ផ្លូវៈ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះ​ត្រចង់»។ នៅថ្ងៃ​បន្ទាប់ នៅក្នុង​សម័យ​ប្រជុំ​តុមូល​របស់ថ្នាក់ដឹកនាំ សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​​ នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូល​បទ «ការ​ជំរុញ​ការ​តភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការ​រីក​ចម្រើន»។

សម្តេច ឡើងយន្តហោះចាកចេញពីកម្ពុជា ទៅក្រៅប្រទេសនាពេលកន្លងមក
បន្ទាប់ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវលើក​ទី២ សម្តេច​ ហ៊ុន សែន និង​ប្រមុខរដ្ឋ/រដ្ឋាភិបាល​ផ្សេងទៀត នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ២០១៩ ដែលនៅក្នុង​ឱកាសនោះ សម្តេច​នឹង​សម្ពោធ​ពន្លាជាតិ​របស់​កម្ពុជា។

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធីបតី​ចិន លោក លី ខឺឈាង នាយករដ្ឋមន្ត្រី​ចិន លោក វ៉ាង ហ៊ុននឹង សមាជិក​ការិយាល័យ​នយោបាយ និងជាលេខា​នៃ​លេខា​ធិការ​ដ្ឋាន​បក្ស​កុម្មុយ​នីស្ត​ចិន។ សម្តេច​ក៏នឹង​ជួប​ជាមួយ​លោក លី យ៉ុង អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការ​សហប្រជាជាតិ ព្រមទាំង​ទទួល​ការចូល​ជួប​សម្តែង​ការគួរសម​ពី​តំណាង​​ក្រុមហ៊ុនចិន​មួយ​ចំនួន។

ក្នុងអំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ មានការ​រំពឹង​ថា នឹងមាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តីពី​ជំនួយ​របស់​ចិន ព្រមទាំង​គម្រោង​កិច្ច​សហប្រតិបត្តិការ​នានា​ផងដែរ។ លើសពីនេះ​ទៅទៀត ​សម្តេច​ ហ៊ុន សែន នឹងថ្លែង​សុន្ទរកថា​សំខាន់​មួយ នៅក្នុង​ពិធី​ជួបជា​មួយ​និស្សិត និង​សាស្រ្តាចារ្យ នៅ​សកលវិទ្យាល័យ​ប៉េកាំង ក្នុង​ឱកាស​ដ៏​ឧត្តុងឧត្តម​ដែល សម្តេច​ទទួល​បាននូវការ​ប្រគល់​គោរមងារ​ជាសាស្រ្តាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;