យោធា​កម្ពុជា​ជិត ១៦០០​នាក់ នឹង​ចូលរួម​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់ពិត "ហនុមាន​មាស​២០១៩"

  • 2019-04-25 01:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា​នឹង​រៀបចំ​សមយុទ្ធ​បាញ់គ្រាប់​ពិត "ហនុមាន​មាស ២០១៩" នៅទីលាន​បាញ់​គ្រាប់ពិត​តេជោ​សែនជុំគិរី ស្ថិតនៅភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងវែង ស្រុក​ជុំគិរី ខេត្ត​កំពត រយៈពេល​៦ថ្ងៃ ចាប់ពីថ្ងៃទី​០៣ ដល់ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩។ នេះបើតាម​បញ្ជាក់​របស់​លោក​នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៩។

"ហនុមានមាស ២០១៩" ត្រូវបានធ្វើឡើង​ដើម្បីពង្រឹង​សមត្ថភាព ចំណេះដឹង បណ្តា​ជំនាញ​ដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ព​ជើងគោក ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី នាពេល​បច្ចុប្បន្ន និង​អនាគត។ សមយុទ្ធនេះ​ក៏ជាការ​វាស់ស្ទង់​សមត្ថភាព ក្រោយពី​ធ្វើការហ្វឹកហ្វឺន​តាមបណ្តា​សាលា និងកង​ឯកភាព​រួចផងដែរ។ មួយវិញទៀត សមយុទ្ធ​ហនុមានមាស នឹងជួយ​លើកកម្ពស់​សមត្ថភាព គុណភាព ផ្តល់ចំណេះដឹង​ការងារ​សេនាធិការ ក្នុងការ​ធ្វើសមយុទ្ធ​ដល់​កម្មសិក្សា នាយទាហាន​សេនាធិការ ក្នុងការ​សហការ​រវាង​ប្រភេទទ័ព និងទ័ព​ជំនាញ ក្នុងពេល​ហ្វឹកហ្វឺន ក៏ដូច​ក្នុងពេល​ប្រយុទ្ធ​ថែមទៀត។

សមយុទ្ធហនុមានមាស ២០១៨ (រូបថត៖ ផ្តល់ឱ្យ)
ពិធីបើក​សមយុទ្ធ​បាញ់គ្រាប់ពិត "ហនុមានមាស ២០១៩" នឹងធ្វើឡើង​នៅថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក។ ចំណែក​ពិធីបិទ​សមយុទ្ធ​ដ៏សំខាន់​នេះ នឹង​ធ្វើឡើង​ក្រោមអធិបតីភាព លោក​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃកង​យោធពលខេមរភូមិន្ទ នាថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩។

សមយុទ្ធ​ហនុមានមាស​២០១៩ នឹងមាន​កម្លាំង​យោធាចូលរួម​ចំនួន​១៥៩៥នាក់ ដែល​ក្នុងនោះ មាន​មកពី​បណ្តា​ជំនាញ​តាម​អង្គភាព វិទ្យាស្ថាន​កងទ័ព​ជើងគោក បញ្ជាការដ្ឋាន​អង្គរក្ស ទ័ពជើង​អាកាស បញ្ជាការដ្ឋាន​ការពារ​អាកាស វិទ្យាស្ថាន​កងទ័ព​ជើងគោក បញ្ជាការដ្ឋាន​បញ្ជូនសារ ក.ជ.គ កង​ពលតូចលេខ៧០ កងពលតូច​ទ័ពពិសេស​ឆ័ត្រយោង​៩១១ បញ្ជាការដ្ឋាន​វិស្វកម្ម ក.ជ.គ ការិយាល័យទី៥ ក.ជ.គ ក្រុមគ្រូ ក្រុមសេនាធិការ​ក្នុងទីបញ្ជាការ កងពល​ដឹកជញ្ជូន​លេខ៩០ ឧទ្ទកាល័យ ក.ជ.គ ផងដែរ។

ដោយឡែក​សម្រាប់ អាវុធយុទ្ធភណ្ឌ ដែលនឹង​ប្រើប្រាស់​ក្នុង​សមយុទ្ធ​នេះ មាន​ដូចជា កាំភ្លើងធំ​១៥២មម និង១២២មម កាំភ្លើង២៣មម កាំភ្លើង៣៧មម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្តដឹក​ជញ្ជូន ឧទ្ធម្ភាគចក្រ ។ល។

រថក្រោះ​ក្នុង​សមយុទ្ធហនុមានមាស ២០១៨ (រូបថត៖ ផ្តល់ឱ្យ)

ហនុមានមាស ២០១៩ ត្រូវបាន​ធ្វើឡើង​ចំនួន​៣លើក​រួចទៅហើយ ដោយលើកទី១​នៅឆ្នាំ​២០១០ លើកទី២ នៅឆ្នាំ២០១៣ លើកទី៣ នៅឆ្នាំ២០១៨។ ការ​ហ្វឹកហ្វឺន​នេះ មិនបាន​គំរាមកំហែង​ដល់​នរណា​ឡើយ ផ្ទុយទៅវិញ​ការ​ហ្វឹកហ្វឺន​នេះ មាន​គោលដៅ​ពង្រឹង​សមត្ថភាព​កងទ័ព​បន្ថែមទៀត​ប៉ុណ្ណោះ។

ឆ្លៀតក្នុង​ឱកាសនេះ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ដែលរស់នៅ​តំបន់​ហ្វឹកហ្វឺន ក្នុងស្រុកជុំគិរី ខេត្តកំពត កុំមានការ​ភ្ញាក់ផ្អើល​ចំពោះ​ការបាញ់​សមយុទ្ធ​នេះ ហើយក៏​ស្នើសុំ​យោគយល់ បើសិនជា​ការធ្វើសមយុទ្ធ​មានសំឡេង​រំខាន​មួយរ​យៈពេល​ខ្លី៕

អត្ថបទ៖ សំភី

;