ដឹង​ទីតាំង​ប្រារព្ធ​ព្រះរាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១៩​ហើយ

  • 2019-04-25 02:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ នឹង​រៀបចំ​ព្រះរាជពិធី​ច្រត់ព្រះ​នង្គ័ល នៅទី​ព្រះស្រែ (កីឡដ្ឋាន​គីរីវង់​សុខសែនជ័យ) ភូមិ​ត្រពាំងអង្គ សង្កាត់​រកាក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ នាថ្ងៃ​ពុធ ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​ព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះបើតាមការ​ជូនដំណឹង​របស់​ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៩។

នាឱកាស​ដ៏មហោឡារិក​នោះ នឹងមាន​រៀបចំ​តាំងពិព័រណ៍ ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុងស្រុកឆ្នាំ​២០១៩។ ព្រឹត្តិការណ៍​បុណ្យ​ប្រពៃណី​នេះ ជាឱកាស​ដ៏វិសេស​វិសាល​ក្នុងការ​បង្ហាញ​ដល់ទេសចរ​ជាតិ និង​អន្តរជាតិ បានស្វែង​យល់​កាន់តែច្បាស់​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់​របស់ខ្មែរ​ដែលមាន​តាំងពី​បុរាណកាល​មក ពិសេស ព្រះរាជពិធី​ច្រត់ព្រះ​នង្គ័ល ដែលជាពិធី​ប្រព្រឹត្ត​ឡើង​ជាមង្គល ឧទ្ទិស​ដល់ការ​ចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចំការ​របស់​ប្រជាកសិករ និងបួងសួង​ដល់វត្ថុស័ក្តិសិទ្ធិ​ឲ្យបង្អុរទឹកភ្លៀង​បរិបូរណ៌​តាមរដូវកាល បម្រើឲ្យ​វិស័យ​កសិកម្ម​គ្រប់ប្រភេទ ទទួលបាន​ភោគផលខ្ពស់។

ជាមួយគ្នា​នេះ ក្រសួងទេសចរណ៍​ នឹង​រៀបចំ​ស្តង់ពិព័រណ៍​រូបភាព​ដើម្បី​បង្ហាញ​ពីការរីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលមាន​កំណើន​ជា​លំដាប់ ក៏ដូចជា​ការតាំង​បង្ហាញពី​ផលិតផល​ទេសចរណ៍ ពិសេស ផលិតផល​កសិ​ទេសចរណ៍ សម្រាប់​ជូន​ទេសចរ​ជាតិ និង​អន្តរជាតិ ទស្សនា ក្នុងគោលបំណង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍ «កម្ពុ ជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ ” និងចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ឲ្យកាន់​តែទូលំទូលាយ​ថែមទៀត។

សូម​រំលឹក​ថា ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័លឆ្នាំ២០១៨ បាន​ប្រព្រឹត្ត​ធ្វើឡើង​បរិវេណ​វិទ្យាល័យ​ស្វាយរៀង ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;