វៀតណាម គ្រោង​សង់ផ្លូវ​ល្បឿនលឿន ​ពី​ហូជីមិញ មក​ព្រំដែន​កម្ពុជា

  • 2019-04-25 03:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម គ្រោង​ចំណាយ​ជិត​ ៤៦០លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​ល្បឿនលឿន​ពីក្រុង​ហូជីមិញ មកកាន់​ម៉ុកបៃ ក្នុង​ខេត្តតៃនិញ (ជាប់​ក្រុង​បាវិត ខេត្ត​ស្វាយរៀង)។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ VN Express កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩។

ផ្លូវល្បឿនលឿន នៅភាគខាងត្បូងវៀតណាម (រូបថត៖ VNExpress)
អគ្គនាយកដ្ឋាន​ផ្លូវថ្នល់​វៀតណាម បាន​បញ្ជូន​សំណើ​នៃការ​សិក្សា​ផ្លូវល្បឿនលឿន​ដែល​មានប្រវែង ៥៣,៣​គីឡូម៉ែត្រ​នេះ ទៅកាន់​ក្រសួង​ដឹកជញ្ជូន​វៀតណាម​ហើយ។

យោងតាម​ការ​សិក្សា​បង្ហាញ​ថា ការ​សាងសង់​ផ្លូវល្បឿនលឿន​នេះ នឹង​ធ្វើឡើង​ក្រោម​ទម្រង់​ដៃគូរដ្ឋ-ឯកជន។ វានឹង​ធ្វើឡើង​ក្នុង ២​ដំណាក់​កាល ហើយនឹង​ចំណាយ​ប្រមាណ ៤៥៩,៣៦លាន​ដុល្លារ។

ផ្លូវនេះ នឹង​ត្រូវ​សង់ចេញពី​ផ្លូវក្រវាត់​ទី៣ នៃក្រុង​ហូជីមិញ មកកាន់​ម៉ុកបៃ ដែល​ជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​រវាង​វៀតណាម និង​កម្ពុជា។ ផ្លូវនេះ មាន​៤គន្លង (ហើយ​គ្រោង​ពង្រីក​ដល់ ៦-៨គន្លង) ដែល​អាចឱ្យ​យានយន្ត​អាច​បើកបរ​ក្នុងល្បឿន​ពី ៨០ ទៅ ១២០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។

ផ្លូវ​ល្បឿនលឿន​នេះ នឹង​​ជួយ​ពង្រឹង​ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ភាគខាងត្បូង​វៀតណាម និង​ច្រករបៀង​សេដ្ឋកិច្ច​ ខាងកើត-ខាងលិច ដែលរួមមាន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម។ វាក៏​នឹងតភ្ជាប់​បណ្តាញ​ផ្លូវ​ហាយវេ​អាស៊ាន ពោលគឺ​ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែល​ស្ថិតក្នុងគម្រោងសាងសង់របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ៕

ចុចអាន​បន្ថែម៖ កម្ពុជា គ្រោង​សង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;