ចិន ស្នើកម្ពុជា ជួយសម្រួលឲ្យមាន​ការ​ប្រើប្រាស់​រូបិយ​ប័ណ្ណរបស់​ខ្លួននៅកម្ពុជា

  • 2019-04-25 03:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពីជនជាតិចិន និងអ្នកវិនិយោគចិនមករស់នៅកម្ពុជាកាន់តែច្រើនកុះកុរ លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន បានស្នើកម្ពុជា ជួយសម្រួលឲ្យមានការចរាចរណ៍​ប្រើប្រាស់រូបិយ​ប័ណ្ណចិន (លុយយាន់) នៅទីផ្សារកម្ពុ​ជា ខណៈលោកអះអាងថា ការប្រើប្រាស់រូបិយ​ប័ណ្ណចិននេះ នឹងទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើនឡើង។

កាលពីឆ្នាំ២០១៨ ជនជាតិចិន មកស្នាក់នៅកម្ពុជា បានកើនឡើងរហូតដល់ជាង ២១ម៉ឺននាក់ ខណៈ​ឆ្នាំ ២០១៧ មាន​តែ​ជាង ១០ម៉ឺននាក់ប៉ុណ្ណោះ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក ឈិន យន់ បានថ្លែងថា៖ “សូមសម្តេចតេជោ នាយករដ្ឋមន្រ្តី ជួយសម្រួលឲ្យមានចរាចរណ៍ប្រើប្រាស់​រូបិយ​ប័ណ្ណចិន នៅក្នុងទីផ្សាររបស់កម្ពុជា ដែលនឹងកាន់តែទាក់ទាញវិនិយោគគិនជាច្រើន និងពីប្រទេសដទៃៗទៀត ហើយនឹងជំរុញឲ្យក្រុមហ៊ុនចិនជាច្រើនទៀត មកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំខ្លាំងក្លា”។

លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន ក្នុងជំនួប​ជាមួយ​សម្ដេច​ហ៊ុន សែន
លោកបន្ដថា អ្នកវិនិយោគចិនមកកម្ពុជាសព្វថ្ងៃនេះ នឹងជំរុញការកាត់បន្ថយភាពក្រីក្រ​របស់ពលរដ្ឋខ្មែរបានឆាប់រហ័ស។ ការរីកចម្រើនរបស់កម្ពុជា ទាំងនៅតាមបណ្តាខេត្ត-រាជធានី មានការរីកចម្រើនយ៉ាងខ្លាំង។

ឆ្លៀតឱកាសនោះដែរ ប្រធានសមាគមចិន លើកឡើងថា សេដ្ឋកិច្ច និងនយោបាយកម្ពុជា-ចិន មិនអាចកាត់ផ្តាច់ពីគ្នា បានឡើយ ដូច្នេះកម្ពុជាដើរតួនាទីសំខាន់ ក្នុងការថែរក្សាស្ថិរភាព សន្តិភាពក្នុងតំបន់ និងជាមិត្តជិតស្និទ្ធ របស់បណ្តាប្រទេស អាស៊ាន-ចិនផងដែរ។

ប្រធានសមាគមចិន សង្កត់ធ្ងន់ថា អ្វីដែលចិនអាចបន្តជួយកម្ពុជា នៅពេលខាងមុខ គឺជួយពង្រឹងសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យកម្ពុជាដើរតួនាទីសំខាន់ ក្នុងតំបន់ឥណ្ឌូចិន និងអាស៊ាន។ជាមួយគ្នានេះ ប្រធានសមាគមចិន ក៏ស្នើឲ្យកម្ពុជាអភិវឌ្ឍន៍របៀងសេដ្ឋកិច្ច នៅផ្លូវជាតិលេខ៩ ពិសេសរវាងកម្ពុជា និងឡាវ នៅពេលខាងមុខ។ អ្វីដែលចិនចង់ឃើញ គឺការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក ។ ជាពិសេសចិនបានបញ្ជាក់ថា របៀងប៉ូលសេដ្ឋកិច្ចរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នឹងអាចធ្វើជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់កម្ពុជា។

ចំណែកសម្តេចតេជោ បានថ្លែងដែរថា អំឡុងទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី២៥-២៩ ខែមេសា ឆ្នាំ២០១៩ នៅ​ក្នុង​វេទិកា ផ្លូវ១ខ្សែក្រវ៉ាត់១ សម្ដេចតេជោ នឹងជួបពិភាក្សាបន្ថែម អំពីគម្រោងជំរុញ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ចិន-កម្ពុជា ដែលពាក់ព័ន្ធទៅនឹងផ្លូវ១ខ្សែក្រវ៉ាត់១ ស្របជាមួយនឹងយុទ្ធសាស្រ្ត ចតុកោណរបស់កម្ពុជា។

ជាងនេះទៅទៀត សម្ដេចតេជោ នឹងជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោក លី គឺជៀង នាយករដ្ឋមន្រ្តីចិនផងដែរ៕

ប្រភព៖ ដើមអម្ពិល អត្ថបទ៖ ដើមអម្ពិល

អត្ថបទថ្មី
;