ខេត្ត​មួយ​របស់ចិន គ្រោង​បង្កើតទីក្រុង​សម្ព័ន្ធ​ភាព និង​សួន​ឧស្សាហកម្ម នៅខេត្ត​ព្រះសីហនុ

  • 2019-04-25 04:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រតិភូខេត្ត​លាវនីង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្ហាញ​ចេតនា​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព និងសួន​ឧស្សាហកម្ម​កម្ពុជា-លាវនីង នៅក្រុង​ព្រះសីហនុ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កម្មន្តសាល និងរឹត​ចំណង​មិត្តភាព​ជាមួយ​ខេត្ត​ព្រះសីហនុ។ គម្រោង​វិនិយោគ​នេះ ត្រូវបាន​បង្ហើបដោយ​លោក ជិន គួយហ្វា (Chen Qiufa) លេខាបក្សកុម្មុយនីស្ត​ខេត្ត​លាវនីង ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង កាលពី​ល្ងាច​ថ្ងៃទី២៤ ខែ​មេសា ឆ្នាំ២០១៩ នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ ភូគីត្រា។

នៅក្នុង​ឱកាស​នោះ លោក ជិន គួយហ្វា បាន​ជម្រាប​ជូន លោក​ ប៉ាន សូរស័ក្តិ អំពី​កំណើន​សេដ្ឋកិច្ច និង​សក្តានុពល​សំខាន់ៗ​របស់​ខេត្តលាវនីង ព្រមទាំង​គម្រោង​សាងសង់​ទីក្រុង​សម្ព័ន្ធភាព (Sister City) ខេត្តលាវនីង និង​ខេត្តព្រះសីហនុ រួមមាន​ទាំងសួន​ឧស្សាហកម្ម​កម្ពុជា-លាវនីង (Liaoning-Cambodia Industrial Park) ដែលអាច​នាំមក​នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន។

លោក ជិន គួយហ្វា បាន​ស្នើសុំ​លោក​រដ្ឋមន្ត្រី ធ្វើការ​គាំទ្រ​គម្រោង​វិនិយោគ​ខាងលើ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ខេត្ត​លាវនីង នៃ​ប្រទេសចិន និង​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង។

ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន​សម្តែង​ការ​គាំទ្រ ចំពោះ​សំណើ​របស់ លោក ជិន គួយហ្វា និងបាន​សន្យា​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​របស់​ខេត្ត​លាវនីង ឱ្យ​លេចរូបរាងឡើង​ប្រាកដ​នាពេល​អនាគត ដើម្បី​បង្កើត​ឱកាស​ការងារ និងប្រាក់​ចំណូល​បន្ថែម​ជូន​ប្រជាជន ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ ឱ្យកាន់តែ​មានវឌ្ឍនភាព​ខ្ពស់​ថែមទៀត។

លោក​រដ្ឋមន្ត្រី បាន​ស្នើសុំ លោក ជិន គួយហ្វា និង​ប្រតិភូ ធ្វើការ​វិនិយោគ​សាងសង់​ឡ​សម្ងួត ដើម្បីរក្សា​ទុក​កសិផល​ខ្មែរ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក និង​បម្រើ​ឧស្សាហកម្ម​កែច្នៃ​ម្ហូប​អាហារ សំដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន និង​ទីផ្សារ​អន្តរជាតិ ដោយសារតែ​កម្ពុជា គឺជា​ប្រទេស​កសិកម្ម​ដែលសម្បូរដោយ​ភោគផល​ធម្មជាតិ​មាន​ដូចជា៖ ស្រូវ ស្វាយ ចេក ពោត ផ្លែមាន និង​ដំឡូងមី ជាដើម។ល។ បន្ថែមលើ​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើលោក​លេខាបក្ស​ខេត្តលាវនីង ជួយគាំទ្រ​កម្ពុជា ក្នុងការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅខេត្ត​លាវនីង និងការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ ព្រមទាំង​វេទិកា​ធុរកិច្ច និង​វិនិយោគ​ផ្សេងៗ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្តលាវ​នីង៕

អត្ថបទ និង​រូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទ៖ សំភី

អត្ថបទថ្មី
;