ពូទីន-គីម ជុងអ៊ុន ចាប់ដៃគ្នា​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត តើ​មេដឹកនាំ​ទាំង២ និយាយ​អ្វីខ្លះ?

  • 2019-04-25 06:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ទីបំផុត ​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន និង​មេដឹកនាំ​កូរ៉េខាងជើង លោក​ គីម ជុងអ៊ុន បាន​ជួប​ចាប់ដៃគ្នា​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត នាព្រឹក​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ​២០១៩ ក្នុងក្រុង Vladivostok ភាគខាងកើត​រុស្ស៊ី។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
លោក ពូទីន ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ជុងអ៊ុន នឹង​ជំរុញ​ទំនាក់ទំនង​ និង​ជួយឱ្យ ប្រទេស​ទាំង២ បាន​ស្វែងយល់ពី​ការដោះស្រាយ​បញ្ហា​នៅឧបទ្វីបកូរ៉េ។ «អ្វីដែល​រុស្ស៊ី អាច​ធ្វើបាន​ដើម្បី​គាំទ្រ​ដំណើរការ​ប្រកប​ដោយ​វិជ្ជមាន​ទាំងនោះ គឺវា​កំពុង​កើតឡើង​នៅថ្ងៃនេះ​ហើយ»។

លោក ពូទីន ក៏បាន​រំលឹក​ពីទស្សនកិច្ច​របស់​លោក ទៅ​កាន់​កូរ៉េខាងជើង កាលពីឆ្នាំ​២០០០​ផងដែរ។ លោក​ថា ឪពុក​របស់​លោក គីម ជុងអ៊ុន គឺ​លោក គីម ជុងអ៊ីល ជាអ្នក​ផ្តួចផ្តើម​ម្នាក់នៃ​ការចុះ​សន្ធិសញ្ញា​មិត្តភាព​រវាង​ប្រទេស​ទាំង២។

ចំណែក​លោក គីម ជុងអ៊ុន បាន​ថ្លែងដោយ​បង្ហាញ​ក្តីសង្ឃឹម​ថា ជំនួប​ដំបូង​រវាង​លោក និងលោក​ពូទីន​នេះ នឹង​ជួយដោះ​ស្រាយ​ភាព​តានតឹងនៅ​ឧបទ្វីបកូរ៉េ។ លោក​ថា ស្ថានភាព​នៅឧបទ្វីបកូរ៉េ​នាពេលបច្ចុប្បន្ន កំពុង​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ពី​សហគមន៍​អន្តរជាតិ​ទាំងមូល។

ជាមួយគ្នា​នោះ លោក គីម ក៏បាន​អរគុណ​លោក ពូទីន ដែល​បាន​អញ្ជើញ​លោក ហើយ​ខំ​ធ្វើដំណើរ​រាប់ពាន់​គីឡូម៉ែត្រ​ពីក្រុងមូស្គូ ​មកជួប​លោក​នៅក្រុង Vladivostok នេះ បើទោះ​បីជា​លោក ពូទីន មានការ​មមាញឹក​ខ្លាំង​យ៉ាងណាក្តី។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

មេដឹកនាំ​ទាំង២ នឹងបើក​កិច្ច​ចរចាគ្នា​នៅ​រសៀលថ្ងៃ​ដដែល​នេះ ដោយ​ដំបូងរវាង​លោក ពូទីន និងលោក ​គីម ជុងអ៊ុន ផ្ទាល់ ហើយ​បន្ទាប់មក​នឹងមាន​ការចូលរួម​ប្រជុំ​ពី​មន្រ្តី។ ជំនួប​នេះ នឹង​ផ្តោត​ជាសំខាន់​លើ​ដំណោះស្រាយ​នយោបាយ និង​ការទូត ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។

បន្ទាប់ពីកិច្ចប្រជុំ​នេះ មេដឹកនាំ​ទាំង២ ត្រូវបាន​រំពឹងថា នឹង​ទទួលទាន​អាហារពេល​ល្ងាច​ជាមួយគ្នា​ផងដែរ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;