ខុន ស៊ីចាន់ និងគ្រូបង្វឹក មានជំនឿ​ថា​ ចាន់ រតនា អាច​សងសឹកជំនួស​ខ្លួនបាន

  • 2019-04-25 07:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ខុន ស៊ីចាន់ មានជំនឿ​ចិត្ត​ថា មិត្តរួម​អាជីព ចាន់ រតនា នឹង​អាច​សងសឹក​ជំនួស​ខ្លួនបាន ពេល​ប្រកួត​ទល់​នឹង​កីឡាករឥណ្ឌូណេស៊ី Rudy Agustian នៅ​សង្វៀន ONE Championship នាថ្ងៃ​ទី៣ ខែឧសភា​ខាងមុខ។ ចំណែក​គ្រូបង្វឹក​របស់ស៊ីចាន់ គឺលោក Alan Mccune ក៏​បង្ហាញ​គិតថា រតនា នឹង​ទទួល​លទ្ធផល​ល្អផងដែរ។

ស៊ីចាន់ ដែល​ធ្លាប់​ចាញ់ Rudy ក្នុង​ទឹក​ទី១ កាលពីខែកុម្ភៈ​កន្លងទៅ បាន​បញ្ចេញ​ទស្សនៈ​ ចំពោះ​ការប្រកួត​រវាង Rudy និង រតនា ថា៖

"ខ្ញុំ​ពិបាក​សន្និដ្ឋានបន្តិច​គូនេះ ព្រោះ ចាន់ រតនា គីឡូគាត់ធំ ហើយ​គាត់​ត្រូវ​បញ្ចុះ​មក ៦១គីឡូក្រាម ដូច្នេះ​អាច​ឆាប់​អស់​កម្លាំង​ណាស់។ ខ្ញុំ​សង្ឃឹមថា​គាត់​អាច​វ៉ៃ​យក​ឈ្នះ​ត្រឹម​ទឹកទី ១ តែ​បើ​ចូល​ទឹកទី២ ឬទី៣ អាច​ចាញ់​គេហើយ។ ខ្ញុំជឿជាក់​លើ​គាត់ ទ្រឹម​តែ ១ទឹក​ប៉ុណ្ណោះ"។

ខុន ស៊ីចាន់ ពេលប្រកួត​ទល់នឹង Rudy Agustian កាលពីខែកុម្ភៈកន្លងទៅ (រូបភាព៖ ONE Championship)
កីឡាករ​គុនខ្មែរ ដែល​ហាត់​នៅ​ក្លឹប Phnom Penh MMA រូបនេះ បាន​បន្ថែមទៀតថា៖ ***"Rudy មានជំនាញ​ខាង​ចាប់ ប៉ុន្តែ​ការ​ឈរវ៉ៃ និង​តិកនិក​វ៉ៃ គឺចាញ់​ចាន់​ រតនា ទេ"។***

ជាចុងក្រោយ ស៊ីចាន់ នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​មិត្ត​រួម​ជាតិ​ ថា​អាច​សងសឹកជំនួស​ខ្លួនបាន បើ​សិន​ប្រើ​ក្បាច់​គុនខ្មែរ​បានច្រើន និង​មិន​ឲ្យ​គេ​ចូលចាប់​បាន ពោល​គឺ​អាច​ឈ្នះ​ដល់ទៅ ៩០% ឯណោះ។

ចំណែក​លោក Alan Mccune ដែល​ជាអ្នកបង្វឹក និងដឹកនាំស៊ីចាន់ ទៅប្រកួត​ទល់នឹង Rudy បាន​និយាយដែរថា៖ "ចាន់ រតនា បានទទួលការហ្វឹកហាត់ដិតដល់នៅក្លឹប «សិល្បៈ» ជាមួយគ្រូបង្វឹករបស់គេមួយរយៈធំមកនេះ ហើយខ្ញុំរំពឹងថាគាត់នឹងធ្វើបានល្អក្នុងជំនួបនាដើមខែឧសភា។ រតនា ត្រូវប្រើស្នៀតចាំបាច់មួយគឺ បិទក្បាច់ចាប់ផ្ដួលទៅក្ដាររេញ របស់ Rudy និងការពារឲ្យកុំឲ្យគេចូលកៀកដើម្បីផ្ដួល នោះ រតនា អាចឈ្នះហើយ"។

ខុន ស៊ីចាន់ និងគ្រូបង្វឹក លោក Alan Mccune

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ ONE: FOR HONOR នៅទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នាថ្ងៃទី៣ ខែឧសភា​ខាងមុខនេះ ក៏​មាន​កីឡា​ការិនី​គុនខ្មែរ នៅ ស្រីពៅ ប៉ះ​កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ផងដែរ៕

ចាន់ រតនា ពេលប្រកួតកន្លងមក (រូបភាព៖ ONE Championship)

ចុចអាន៖ កីឡាករ​ល្បី​មីយ៉ាន់ម៉ា Phoe Thaw ជឿជាក់​លើ ចាន់ រតនា

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;