រកឃើញ​​ម្ហូបអាហារ​មាន​សារធាតុ​គីមី​ជិត​ ១០០​គីឡូក្រាម ក្នុង​ពិព័រណ៍​ផលិតផល​​ថៃ​​

  • 2019-04-29 03:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​ សហការ​ណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ក្រុង​ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ស្តង់​នានា​ក្នុង​ពិព័រណ៍​ផ្សារណាត់​ថៃ​ ដោយ​​រកឃើញ​ម្ហូប​អាហារ​ផ្ទុក​សារធាតុ​គិ​មី​ហាមឃាត់​ប្រមាណ​ជិត​ ១០០​គីឡូក្រាម​។​ ក្រោយពី​រកឃើញ​ មន្ត្រី​ជំនាញ​បាន​យក​ម្ហូប​អាហារ​ទាំងនោះ ទៅ​ដុត​កម្ទេចចោល​ភ្លាមៗ​ កាលពី​ល្ងាច​ថ្ងៃទី​២៧​ ខែមេសា ​ឆ្នាំ​២០១៩​។

​លោក​គឹម​ ប្រុស​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង ​បាន​ឲ្យ​ដឹងថា ​ការចុះ​ត្រួតពិនិត្យ​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ​ភេសជ្ជៈ​ និង​ចំណីអាហារ​ដែល​ដាក់តាំង​លក់​ក្នុង​ពិព័រណ៍​ផលិតផល​ថៃ​ ដើម្បី​ពិនិត្យ​គុណភាព​សុវត្ថិភាព​ចំនីអាហារ​ ក្នុង​គោលបំណង​ទប់ស្កាត់​ការដាក់​លក់ទំនិញ​ខូចគុណភាព​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ទូទៅ​។

លោក​បាន​បន្តថា​ ការចុះ​ត្រួតពិនិត្យ​នេះ​ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​ទៅលើ​ចំណីអាហារ​ដូចជា​ប្រហិត​គ្រប់មុខ មឹក និង​បង្គា​ស្រស់​ជាដើម។ ​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ និង​ដកហូត​ទំនិញ​មិន​ប្រក្រតី​មួយចំនួន​យកទៅ​ដុត​កម្ទេចចោល សរុប​ ៩៣​គីឡូក្រាម រូ​ម​មាន ប្រហិត​គ្រប់មុខ​ហួសការ​បរិច្ឆេទ​ប្រើប្រាស់​ចំនួន​ ៣៣​គីឡូក្រាម​ និង​មឹក​ស្រស់​ចំនួន​ ៦០​គីឡូក្រាម​។​

​ទំនិញ​ទាំងនោះ មាន​ដាក់​សារធាតុ​គិ​មី​ម្យ៉ាង​ហៅថា​ «​ហ្វ័​រ​ម៉ា​លីន​»​ ដែល​ថ្នាំ​ប្រភេទ​នេះ​គេ​ដាក់​ក្នុង​ចំណីអាហារ​ដើម្បី​ទុក​ឲ្យ​បានយូរ​និង​ត្រូវគេ​ប្រើ​សម្រាប់​ថែរក្សា​សាកសព​។​ គេ​មិនត្រូវ​យកមកប្រើ​ក្នុង​ចំណីអាហារ​បែប​នេះឡើយ​ ពីព្រោះថា​វា​នាំអោយ​ប៉ះពាល់​អ្នកទទួល​ទាន​។​

​ទន្ទឹមនឹងនោះ​លោក​ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ សូម​បញ្ឈប់​ការដាក់​លក់ទំនិញ​ខូចគុណភាព​ និង​ជៀសវាង​ការប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​ទៅលើ​ផលិតផល​ម្ហូបអាហារ​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;