ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ នាយ​ទាហាន​ដែលឡើង​ខ្ពស់​ហើយ មិនអាច​កាត់ទម្លាក់​មកវិញ​បានទេ

  • 2019-04-29 04:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ថ្លែង​បញ្ជាក់​ថា គោលការណ៍​នៃការធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​កងទ័ព គឺ​មិនមែន​ពេលនេះ​ទេ មាន​ជំហាន​ច្បាស់លាស់ ពោលគឺ​នាយទាហាន​ដែលឡើង​ខ្ពស់ហើយ​មិនអាច​កាត់​ទម្លាក់មកវិញ​បានទេ។ ការ​បញ្ជាក់​នេះ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ២០១៨ និងផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​ឆ្នាំ២០១៩ នៅ​ទីបញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ២ ក្នុងខេត្ត​សៀមរាប កាលពី​ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ​២០១៩។

លោកបាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «ការ​ដំឡើង​ឋានន្តរស័ក្តិ​ចំពោះ​នាយទាហាន​ដែលមាន​ការតស៊ូ​ជំនាន់មុន​មិន​ខុសទេ ព្រោះការ​ធ្វើកំណែទម្រង់​នេះ គឺជាការ​លើកទឹកចិត្ត​ចំពោះ​នាយទាហាន​ដែលបាន​តស៊ូ​ពី​ជំនាន់​មុន ហើយ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​គឺមានជា​ជំហានៗ​នៅពេលក្រោយ»។

ការបញ្ជាក់​របស់​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើង​បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍​ផ្កាយមាស​៥ផុត​លេខ បានបញ្ជាក់​ថា នៅពេល​អនាគត គឺឲ្យមាន​ផ្កាយបួន​តែពីរ​នាក់ទេ គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ និងអគ្គមេបញ្ជាការ​កងទ័ព។ ហើយក្រៅពី​នោះ គឺពាក់ផ្កាយបី​ទាំងអស់ និង​មេបញ្ជាការភូមិភាគ​ឲ្យពាក់​តែផ្កាយ​ពីរទេ។

ចុចអាន​បន្ថែម៖ សម្ដេចហ៊ុន សែន៖ នា​ពេល​អនាគត គឺ​ទុក​​​ផ្កាយ ៤ តែ​ ២នាក់ទេ

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏​បាន​គាំទ្រ និង​កោត​សរសើរ​ចំពោះ​ការ​ហ្វឹកហ្វឺន ការ ពង្រឹង​សមត្ថភាព​កងទ័ព ការ​អប់រំ​ចិត្តសាស្ត្រ ព្រោះ​ការ​យកចិត្ត​ទុកដាក់​នេះ គឺ​សំខាន់​ណាស់​សម្រាប់​ប្រសិទ្ធភាព​ប្រយុទ្ធ និងការ​គ្រប់គ្រង​សតិ​អារម្មណ៍។

«សូមបន្ត​យកចិត្តទុកដាក់​ក្នុងការ​បំពាក់​ការថែទាំ​អាវុធ​យុទ្ធភ័ណ្ឌ បច្ចេកទេស ការងារ​ទូទៅ​ឲ្យសមស្រប​ទៅនឹង​ភារកិច្ច ការរៀបចំ​កម្លាំង​ត្រៀម​ប្រយុទ្ឋ និងការ​ហ្វឹកហ្វឺន។ ថ្វីដ្បិត​តែ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើក​តម្កើង​កិត្តិយស និង​លើកស្ទួយ​កម្រិត​ជីវភាព​របស់​កងទ័ព ប៉ុន្តែ​តម្រូវការ​កងទ័ព​របស់យើង​គឺ​ធំ។ ដូច្នេះ​ការខិតខំ​បង្ក​បង្កើនផល ការងារ​ធានា​ច្នៃប្រឌិត​ផ្សេងៗ​ម្ចាស់ការ​លើខ្លួនឯង​ដើម្បី​ជីវភាព​រស់នៅ​របស់​កងទ័ព​គឺជា​ការងារ​ចាំបាច់»។ នេះជាការ​លើកឡើង​បន្ថែម​របស់​លោក ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ណែនាំ​ឲ្យ​កងពលធំ​អន្តរាគមន៍​លេខ២ សហការ​ជាមួយនឹង​កងកម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ និងជាមួយ​ភាគីមិត្ត​នៅតាម​បណ្ដាព្រំដែន​ ដើម្បីថែរក្សា​សុខសន្តិភាព ស្ថិរភាព សន្តិសុខ​ជូនប្រជាពលរដ្ឋ និង​ទប់ស្កាត់​នូវ​អំពើ​ខុសច្បាប់​ផ្សេងៗ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;