លោក ស៊ី ជីនពីង ប្រកាសថា ចិន​នឹង​ផ្តល់​ជិត ៩០លាន​ដុល្លារ ដល់​វិស័យ​ការពារជាតិ​កម្ពុជា

  • 2019-04-29 06:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ប្រកាសថា ចិន​នឹងបន្តគាំទ្រ​ជួយដល់​វិស័យ​ការពារជាតិកម្ពុជា ពោលគឺចិន នឹង​ជួយ ៦០០លានយ័ន (ជាង ៨៩លានដុល្លារ) ដល់​វិស័យ​នេះ។ លោក​ថ្លែងដូច្នេះ ក្នុង​ជំនួប​ជាមួយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៩ នៅក្រុងប៉េកាំង ប្រទេសចិន មុន​សម្តេច​វិលមក​កម្ពុជាវិញ។

លោក ស៊ី ជីនពីង បានមាន​ប្រសាសន៍​ថា កម្ពុជា និងចិន​ជាមិត្ត​ដ៏ល្អ​នឹងគ្នា។ ប្រទេស​ទាំង២ បានចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ជាពិសេស​កិច្ចសហប្រតិបត្តិការ​រួមគ្នា​ដែល​អាចបន្ត​ធ្វើការងារ​ជាមួយគ្នា​តាមផែនការ​សកម្មភាព ហើយ​ប្រទេស​ទាំង២ ត្រូវតែ​បន្ត​ថែទាំ​មិត្តភាព​ឱ្យបានល្អ។

ជាការ​ឆ្លើយតប សម្តេច ហ៊ុន សែន បាន​អរគុណ​ដល់​លោក​ប្រធានាធិបតី​ចិន ក៏ដូចជា​រដ្ឋាភិបាល​ចិន ដែល​កន្លងមក​តែងតែ​ចូលរួម​ចំណែក​ក្នុងការ​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​សម្តេច​ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​ផ្ទៃក្នុង ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពល្អប្រសើរ។

សម្តេច​បន្តថា តាមរយៈ​ជំនួប​នេះ គឺបាន​ប្រព្រឹត្ត​ទៅជា​ផ្លែផ្កា​ដែល​ប្រទេស​ទាំងពីរ នឹង​សហការ​គ្នាជា​មិត្តភាព ជាមិត្ត​ដែកថែប ជាដៃ​គូសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ជា​បន្តបន្ទាប់​ទៀត៕

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;