ទិដ្ឋភាព​​លោកស្រី អ៊ុង សាន​ស៊ូជី បានមក​ជាន់ដី​កម្ពុជា ដើម្បី​បំពេញទស្សនកិច្ច​ផ្លូវការ

  • 2019-04-29 10:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា បាន​មកដល់​កម្ពុជា​នៅ​រសៀល​នេះហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ពីថ្ងៃទី២៩ ខែ​មេសា ដល់ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ តបតាម​ការអញ្ជើញ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

តាមកម្មវិធី​ដែលបាន​គ្រោងទុក នៅថ្ងៃទី៣០ ខែ​មេសា វេលាម៉ោង ៨:៣០ នាទី លោកស្រី អោង សានស៊ូជី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅវិមាន​ឯករាជ្យ។ បន្ទាប់មក​លោកស្រី​អញ្ជើញ​ទៅដាក់​កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ​។ ដាក់​កម្រងផ្កា​រួច លោកស្រីអញ្ជើញ​ទៅវិមាន​សន្តិភាព​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​ ហ៊ុន សែន។

បន្ទាប់ពី​ជំនួប​ចប់​ជាមួយសម្ដេច ហ៊ុន សែន លោកស្រី​នឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ ហេង សំរិន ប្រធាន​រដ្ឋសភា នៅវិមាន​រដ្ឋសភា។ ហើយ​នៅវេលាម៉ោង​៣រសៀល លោកស្រី អោង សានស៊ូជី ជួបសំដែង​ការគួរសម​ជាមួយ​សម្ដេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៅវិមាន​ព្រឹទ្ធសភា។ ចំណែក​នៅ​វេលាម៉ោង ៤​រសៀល លោកស្រី អោង សានស៊ូជី ចូល​ក្រាបថ្វាយ​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ទាប់មក​ចូលក្រាបថ្វាយ​បង្គំគាល់​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជ​ព្រះវររាជមាតាជាតិ​ខ្មែរ។

នៅថ្ងៃទី០១ ខែ​ឧសភា លោកស្រី អោង សានស៊ូជី នឹង​អញ្ជើញ​ចេញដំណើរ​ពីរាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្តសៀមរាប តាម​យន្តហោះ​ពិសេស ដើម្បី​ទស្សនា​ប្រាសាទ​អង្គវត្ត និង​ប្រាសាទ​បាយ័ន។ បន្ទាប់ពី​ទស្សនា​រួច លោកស្រី​នឹង​មាតុភូមិ​បវត្តន៍ពី​ខេត្ត​សៀមរាប៕

សូមទស្សនារូបភាពខាងក្រោមនេះ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;