សម្តេច ហ៊ុន សែន៖ គ្មានទេ​ស្ថាប័ន​តំបន់​ផ្សេងទៀត ដែល​ល្អ​ប្រសើរ​ជាង​អាស៊ាន

  • 2019-04-30 01:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«គ្មានទេ ស្ថាប័ន​តំបន់​ផ្សេងទៀត ដែល​ល្អ​ប្រសើរ​ជាង​អាស៊ាន។ ដូចនេះ យើង​ត្រូវបន្ត​ធ្វើ​ឱ្យ​អាស៊ាន​មាន​សារៈ​សំខាន់​ក្នុងប្រព័ន្ធ​អន្តរជាតិ។ យើង​ត្រូវការ​ភាព​ជាអ្នកដឹកនាំ​ដែល​មោះមុត រឹងមាំ នៅក្នុង​អាស៊ាន ដើម្បី​ឱ្យ​អង្គការ​តំបន់​នេះ អាចហែលឆ្លង​ដំណាក់កាល​ខាងមុខ ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​ប្រឈម ភាព​មិនច្បាស់​ប្រជា និងភាព​គ្រោះថ្នាក់»។ នេះ​បើតាម​សារលិខិត​របស់​សម្តេច ហ៊ុន សែន ក្នុង​ឱកាស​ខួប ២០ឆ្នាំ នៃការ​ចូលជា​សមាជិក​អាស៊ាន​របស់​កម្ពុជា (៣០ មេសា ១៩៩៩- ៣០ មេសា ២០១៩)។

សម្តេច​បន្ត​ថា ក្នុង​បរិការណ៍​នេះ កម្ពុជា​ប្តេជ្ញា​បន្ត​ធ្វើការរួមគ្នា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ដើម្បី​ធានា​ថា​តំបន់​អាស៊ាន​នៅតែមាន​សន្តិភាព សុវត្ថិភាព និងវិបុលសុខ ហើយ​អាស៊ាន​ ស្ថិតនៅ​ជា​អង្គការ​តំបន់​មួយ​ដែល​បន្ត​មាន​សារៈ​សំខាន់​ចំពោះ​ប្រជាជាតិ​របស់​ខ្លួន។

យ៉ាងណាក៏ដោយ ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើកឡើង​ថា អាស៊ាន​មិនមែន​ជាអង្គការ​ល្អឥតខ្ចោះ​ទេ ពោលគឺ​តំបន់​ដែល​បង្កើត​ឡើង​តាំងពីឆ្នាំ​១៩៦៧​នេះ នៅមាន​ចំណុចខ្សោយ និង​បញ្ហា​ប្រឈម​ខាងស្ថាប័ន​ជាច្រើន ដែល​ត្រូវ​ដោះស្រាយ។ ក៏ប៉ុន្តែ​ប្រសិន​បើគ្មាន​អាស៊ាន​ទេ តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ក៏មិនអាច​សម្រេចបាន​នូវ​សន្តិភាព និង​វិបុលភាព​ដូច​សព្វថ្ងៃនេះដែរ។

តាមសារលិខិតដដែល​បង្ហាញថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ កម្ពុជា និង​តំបន់​អាស៊ាន​ទាំងមូល នឹង​ជួប​ប្រទះ​នូវការ​ផ្លាស់ប្តូរយ៉ាងសំខាន់ៗ ជាពិសេស​នៅក្នុងវិស័យ​នវានុវត្តន៍​ឌីជីថល និង​បច្ចេកវិទ្យា និង​វិស័យ​ការ​តភ្ជាប់។ បដិវត្តន៍​ឧស្សាហកម្ម​ទីបួន និង​ពន្លឿន​ល្បឿន​នៃការ​បញ្ឈប់ និង​ការ​ផ្លាស់ទី​កន្លែង​នៃ​មូលដ្ឋាន​ផលិត នៅ​ខណៈ​ពេល​នៃការ​ប្រែប្រួល​ពី​បែបបទ​ប្រពៃណី​និង​ខ្សែ​សង្វាក់​ផលិតកម្ម​សកល ទៅ​ជាប្រព័ន្ធ​ផលិតមួយ​ដែលមាន​លក្ខណៈ​ឌីជីថល និង​ទំនើប​ជាងមុន។ បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន និង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ទៀត​ស្តីពី ​អាស៊ាន​ឌីជីថល និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាងមុន។

ជាមួយគ្នា​នេះ សម្តេច​នាយករដ្ឋមន្រ្តី បាន​អំពាវនាវ​ឱ្យ​ជនរួមជាតិកម្ពុជា ធ្វើការ​សិក្សា​បន្ថែម​ទៀត​អំពី​អាស៊ាន ហើយនឹង​ស្វែងរកកាលានុវត្តភាព​ថែមទៀត ដែល​កើតចេញពី​តំបន់​ភាវូបនីយកម្ម និង​សកល​ភាវូបនីយកម្ម។ ក្នុង​ឋានៈ​ជាប្រទេស​តូច កម្ពុជា​មិន​អាច​សង្ឃឹម​ថា រស់នៅ​ដោយ​គ្មានការ​ផ្សារ​ភ្ជាប់​ជាមួយ​ពិភពលោក​ខាងក្រៅ​បាន​ទេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;