ហុងកុង ចែក​រំលែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹងការ​ដេញថ្លៃ​លេខ​ពិសេស ដល់​មន្រ្តី​កម្ពុជា

  • 2019-04-30 02:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សួន វ៉ាន់ហុង អគ្គនាយករង នៃអគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អមដំណើរ​ដោយ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​សមាសភាព​ពាក់ព័ន្ធ នៃ​គណៈកម្មការ​អន្ដរ​ក្រសួង ដើម្បី​គ្រប់គ្រង​ការលក់​លេខចុះ​បញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុនស្រាល បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Reginald CHAN អនុប្រធាន​នៃគណៈកម្មការ​គ្រប់គ្រង និងចេញ​អាជ្ញាបណ្ណ​យានយន្ត និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​វិស័យដឹក​ជញ្ជូន​ហុងកុង ។

ជំនួប​ពិភាក្សា​នោះ ផ្តោត​សំខាន់​ទៅលើ​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​នៅក្នុង​ការ​គ្រប់គ្រង​យានយន្ត ការចេញ​អាជ្ញាបណ្ណ​ឱ្យ​យានយន្ត​អាចធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវ​សាធារណៈ ការ​ស្នើសុំចុះ​បញ្ជីលេខ​ពិសេស​ផ្ទាល់ខ្លួន និង​ការ​ដេញថ្លៃ​លេខពិសេស​ផ្ទាល់ខ្លួន ។

ទីក្រុង​ហុងកុង បាន​អនុវត្ត​យន្តការ​ដេញថ្លៃ​លេខពិសេស​ផ្ទាល់ខ្លួន​នេះ តាំងពី​ឆ្នាំ១៩៩៧​មក ។ នៅក្នុង​ប្រវត្តិ​នៃការ​ដេញថ្លៃ​លេខ​យានយន្ត លេខដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត មាន​តម្លៃ​រហូតទៅដល់​១៨លាន​ដុល្លារ​ហុងកុង ដែល​ស្មើនឹង​ប្រមាណ ២,៥លាន​ដុល្លារ​អាមេរិក ។

នៅក្នុង​ជំនួប​ពិភាក្សា​នោះ រដ្ឋបាល​នៃ​ទីក្រុង​ហុងកុង​ ក៏បាន​ចែករំលែក​នូវ​បទ​ពិសោធន៍ ក៏ដូចជា​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ជាមួយនឹង​ការ​គ្រប់គ្រង និងការ​អនុវត្ត​ច្បាប់​ជុំវិញ​ការលក់​លេខចុះ​បញ្ជី​យានយន្ត និងការ​អនុវត្ត​ច្បាប់​រឹតបន្តឹង​ទៅលើ​ការ​គ្រប់គ្រង​អាជ្ញាបណ្ណ​របស់​យានយន្ត​ផងដែរ ។

ជាមួយនឹង​ការ​ចែករំលែក​នូវ​បទពិសោធន៍​នៅក្នុង​កិច្ចប្រជុំ​នេះ កម្ពុជា​ នឹងអាច​ប្រើ​នូវ​គំនិត​ជាគន្លឹះ​សំខាន់ៗ ដើម្បី​រៀបចំ​លិខិត​បទដ្ឋាន ក៏ដូចជា​ត្រៀម​យន្តការ​អនុវត្ត និង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា គ្រប់គ្រង​ការចុះ​បញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន និងការ​ដេញថ្លៃ។

គួររំលឹក​ផងដែរ​ថា កាលពី​ពេលថ្មីៗ​កន្លងទៅ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​នឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បានរៀបចំ​នូវ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និងចេញ​ស្លាកលេខ​យានយន្ត និង​កំពុង​រៀបចំ​នីតិវិធី​ស្នើសុំ​ទៅ​សម្តេច ហ៊ុន សែន ដើម្បី​ផ្តល់​សុពលភាព ក្នុងការ​អនុវត្ត​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗខាង​មុខ​នេះ ។

លេខពិសេស​ផ្ទាល់ខ្លួន​នេះ​មានលក្ខណៈ​ពិសេស​បន្ថែម​ដូចខាងក្រោម៖

១- លេខពិសេស​ផ្ទាល់ខ្លួន​អនុញ្ញាត​អក្សរ​ឡាតាំង និងលេខ​មិនលើស​ពី៨ខ្ទង់ ដើម្បីផ្តល់​ជម្រើស​សម្បូរបែប​ជូន​ប្រជាពលរដ្ឋ

២- ម្ចាស់យានយន្ត​អាចរក្សាទុក​លេខ​រថយន្ត​ពេលដែល​រថយន្តត្រូវ​បានលក់ និង​ផ្ទេរកម្មសិទ្ធិ​ទៅឱ្យបុគ្គលទី២ 

៣- លេខពិសេស​ផ្ទាល់ខ្លួន​មួយចំនួន​នឹងត្រូវបាន​ដាក់ដេញថ្លៃ ដើម្បីជំរុញ​ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ជូនរដ្ឋ៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;