កោះមួយ អាចជា​ទីតាំង​រដ្ឋធានី​ថ្មី របស់​ឥណ្ឌូណេស៊ី

  • 2019-04-30 07:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​ផែនការ​ឥណ្ឌូណេស៊ី លោក Bambang Brodjonegoro បាន​ប្រកាស​ថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​លោក Joko Widodo បាន​សម្រេច​ចិត្ត​រើរដ្ឋធានី​ចេញពី ហ្សាការតា ដែល​ស្ថិតនៅ​លើកោះ Java ទៅកាន់​ទីតាំង​ថ្មី។ ការ​ថ្លែងនេះ ​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី កាលពី​ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ​២០១៩។

ការ​សម្រេច​នេះ ធ្វើឡើង​ខណៈដែល​ក្រុងហ្សាការតា កំពុង​ជួប​បញ្ហាធំៗ​ជាច្រើន​ដូចជា កំណើន​ប្រជាជន ការ​បំពុល ការ​កកស្ទះ​ចរាចរណ៍ និង​ការជន់លិច​ជាដើម។ លោក​រដ្ឋមន្រ្តី​ផែនការ​ថា ការកកស្ទះ​ចរាចរណ៍​ក្នុងក្រុង​នេះ បាន​ធ្វើឱ្យ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជាង ៦,៨ពាន់លាន​ដុល្លារក្នុង​មួយឆ្នាំ។

ក្រុងហ្សាការតា
គំនិត​ចង់រើទីតាំងរដ្ឋធានី​នេះ មិនមែន​ទើបតែ​កើតឡើង​នោះទេ ពោលគឺ​រាប់ទសវត្សរ៍​មកហើយ ប៉ុន្តែ​មេដឹកនាំ​ឥណ្ឌូណេស៊ី​មុនៗ មិន​អាច​សម្រេច​ផែនការ​មហិច្ឆតា​នេះ​បានឡើយ។

យ៉ាងណាមិញ ចំពោះ​ទីតាំង​រដ្ឋធានីថ្មី មិនត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បញ្ជាក់​នៅឡើយ ប៉ុន្តែ​មាន​ជម្រើស៣ ដែលត្រូវ​បាន​លើកឡើង​ក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី។ ក្នុង​នោះ គឺមាន​ជម្រើសមួយ​ដែលមាន​សក្តានុពល​ជាងគេ គឺរើទៅកាន់កោះ​មួយ​ផ្សេងទៀត។ នោះ​គឺ​ជាក្រុង Palangkaraya ខេត្ត Kalimantan ដែល​ស្ថិតនៅ​លើកោះ Borneo។

ទីតាំង​នេះ មាន​ភូមិសាស្រ្ត​នៅកៀក​នឹងចំណុច​កណ្តាល​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ក៏​ជម្រើសមួយ​ក្នុងការ​បង្កើត​ជា​រដ្ឋធានី របស់​ស្ថាបនិក​ឥណ្ឌូណេស៊ី គឺ​លោក ស៊ូកាណូ​ផងដែរ។

លោក Bambang Brodjonegoro បាន​លើកឡើង​ថា ដំណើរ​ការ​នៃ​ការរើ​រដ្ឋធានី អាច​ប្រើ​ពេល​ដល់ ១០ឆ្នាំ ដោយ​លោក​ថា ប្រទេស​ផ្សេងទៀត​អាច​សម្រេច​បាន ឥណ្ឌូណេស៊ី​ក៏ធ្វើ​បានដែរ។ ក្នុងនោះ​គឺលោក​បាន​លើក​ឧទាហរណ៍​ប្រទេស​មួយ​ចំនួន​ដូចជា

-ប្រេស៊ីល៖ រើរដ្ឋធានីពី Rio de Janeiro ទៅ Brasilia ដែលនៅ​ជិតព្រៃ​អាម៉ាហ្សូន

-អូស្ត្រាលី៖ ក្រុង Canberra ដែលស្ថិត​នៅ​ចន្លោះ​ក្រុង Sydney និង Melbourne

-កាហ្សាក់ស្ថាន៖ រើរដ្ឋធានី​ទៅកៀក​នឹង​ចំណុច​កណ្តាល​ប្រទេស

-និង​មីយ៉ាន់ម៉ា រើ​ពីយ៉ង់ហ្គូន ទៅ ណៃពិដោ​ជាដើម៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;