​​រថយន្ត​អធិរាជ​ថ្មី​របស់​ជប៉ុន រូបរាង​ពី​ក្រៅ​សាមញ្ញ ប៉ុន្តែតម្លៃមិនធម្មតា

  • 2019-05-02 03:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី ១ ខែ​ឧសភា​ម្សិលមិញ​នេះ រាជ​ទាយាទ​ Naruhito បាន​ក្លាយ​ជា​ព្រះចៅអធិរាជ​​ថ្មី​របស់​ជប៉ុន​ជា​ផ្លូវ​ការ​ បន្ទាប់​ពី​ព្រះចៅអធិរាជ​ Akihito បាន​ដាក់រាជ្យ​ កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មេសា។ អំឡុង​ពេល​នៃ​កម្មវិធី​​ឡើង​សោយរាជ្យ​នេះ​ ព្រះ​ចៅ​អធិរាជ​ថ្មី បាន​ប្រើ​​ប្រាស់​រថយន្ត​ប្រណីត​ Limo ម៉ូដែល​ Toyota Century Royal ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​រាជវាំង​​នៅ​ទីក្រុង​តូក្យូ។

គួរ​ដឹង​ថា​រថយន្ត​ Toyota Century Royal គឺ​ជា​ប្រភេទ​ពិសេស​មួយ​នៃ​រថយន្ត​ម៉ូដែល​ Century ដែល​ផលិត​ឡើង​សម្រាប់​លក់​តែ​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន។ រថយន្ត​ដែល​ប្រើ​ប្រាស់​ដោយ​ព្រះចៅ​អធិរាជ​ថ្មី​នេះ​ដែរ គឺ​នៅ​តែ​ជា​រថយន្ត​ស៊េរី​ចាស់ ដែល​បាន​បង្ហាញ​មុខ​ដំបូង​នៅ​ឆ្នាំ ២០០៦។ ​នៅ​លើ​ទីផ្សារ​​ Century ​គឺ​បាន​ចូល​ដល់​ជំនាន់​ទី ៣ ហើយ ដែល​ជា​ស៊េរី​ឆ្នាំ ២០១៨។

​​​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ មក​ រាជវង្ស​ជប៉ុន​ បាន​បញ្ជា​ឲ្យ​ Toyota ផលិត​រថយន្ត​ Century Royal ស៊េរី​ថ្មី​សម្រាប់​កម្មវិធី​ឡើង​សោយរាជ្យ​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​តុលា ឆ្នាំ ២០១៩ នេះ។ យ៉ាងណាក្ដី​​ពេល​វេលា​ត្រូវ​បាន​​កែប្រែ ដោយ​​លឿន​ជាង​ការ​គ្រោង​ទុក ៥ ខែ ហេតុ​នេះ​ក្រុមហ៊ុន Toyota មិន​អាច​ផលិត​បាន​ទាន់​ពេល​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​ចៅ​អធិរាជ​ថ្មី​នៅ​តែ​ប្រើ​ប្រាស់​រថយន្ត​ស៊េរី​ចាស់។

Century Royal គឺ​ជា​រថយន្ត​ផលិត​ផ្ដាច់​មុខ​សម្រាប់​តែ​សែស្រឡាយ​រាជវង្ស​ជប៉ុន​ប៉ុណ្ណោះ។ កាល​ដំបូង​ឡើង​រាជវង្ស​ជប៉ុន​បាន​កុម្ម៉ង់​រថយន្ត​ Century Royal ចំនួន​ ៥ គ្រឿង ប៉ុន្តែ​ដោយ​សារ​បញ្ហា​ថវិកា​ ទើប​កុម្ម៉ង់​ត្រឹម ៤ គ្រឿង​វិញ។ នៅ​ឆ្នាំ ២០០៦ ការ​កុម្ម៉ង់​ទិញ​នេះ​មាន​​តម្លៃ​សរុប ២ លាន​ដុល្លារ ដោយ​រថយន្ត​មួយ​គ្រឿង​មាន​តម្លៃ ៥០០ ០០០ ដុល្លារ​ឯណោះ។ Toyota Century Royal នេះ​មាន​​ដង​ខ្លួន​វែង និង​មាន​ទម្ងន់​ធ្ងន់​ដោយ​សារ​មាន​បំពាក់​ដោយ​ដែក និង​កញ្ចក់​​ដែល​អាច​ការពារ​គ្រាប់​កាំភ្លើង​បាន។​

Century Royal ​ប្រើ​​ប្រាស់​ម៉ាស៊ីន​ដូច Toyota Century ជំនាន់​ទី​ពីរ​ដែរ ដោយ​មាន​ទំហំ ៥,០ លីត្រ ១២ ស៊ីឡាំង​ អាច​ផលិត​កម្លាំង​បាន​ ២៧៦ សេះ។ នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​មាន​ Century Royal ស៊េរី​ថ្មី វា​អាច​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន​​ Hybrid ចំណុះ ៥,០ លីត្រ ៨ ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន​ ៣៩៤ សេះ។

មុន​រថយន្ត​ Century Royal នេះ រាជវង្ស​ជប៉ុន​បាន​ប្រើ​ប្រាស់​រថយន្ត​ជា​ច្រើន​ម៉ាក​ ដូច​ជា​ Nissan Prince Royal Limousine (ឆ្នាំ ១៩៦៧ ដល់ ២០០៨), រថយន្ត​ Cadillac Series 75 (ឆ្នាំ ១៩៥១ ដល់ ១៩៧០), រថយន្ត​ Mercedes-Benz 770 W 07 Series (ឆ្នាំ ១៩៣២ ដល់ ១៩៦៨), រថយន្ត​ Rolls-Royce Silver Ghost (ឆ្នាំ ១៩២១ ដល់ ១៩៣៦) និង​រថយន្ត​ Daimler (ឆ្នាំ ១៩១៣ ដល់ ១៩២៧)៕​

ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;