ដំរី​ស្រុក​ក្នុង​ខេត្តមណ្ឌលគិរី​ជិត​៤០​ក្បាល​ អាច​នឹង​ងាប់​ម្តង​១​ៗ​​​ បើ​គ្មាន​ដំណោះស្រាយ

  • 2019-05-02 07:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ​ឃុន ​ឌី​យ៉ូន​ នាយក​អង្គការ​កា​ពារ​សត្វ​ដំរី​ដែលមាន​មូលដ្ឋាន​ក្នុង​ខេត្តមណ្ឌលគិរី​បាន​សម្តែង​ក្តី​ព្រួយ​បារ​ម្ភ​លើ​ការ​ថមថយ​នៃ​ចំនួន​សត្វ​ដំរី​ស្រុក​ដែលមាន​វត្តមាន​ក្នុង​ខេត្តមណ្ឌលគិរី​នេះ​ (​បាន​ងាប់​បណ្តើរៗ​)​។​កត្តា​ដែល​ព្រួយ​បារ​ម្ភ មិនអាច​កែខៃ​បាន​គឺ​បញ្ហា​ប្រពៃណី​ជនជាតិ​ព្នង​(​ម្ចាស់​ដំរី​)​ដែល​រឹតត្បិត​មិនឱ្យ​មានការ​បន្ត​ពូជ​បែប​ធម្មជាតិ​នៃ​សត្វ​។

​ផ្អែក​តាម​របាយការណ៍​អង្គការ​ការពារ​សត្វ​ដំរី​ហៅ​កាត់ ​ELIE​ បានបញ្ជាក់​ថា​ គិត​ចាប់ពី​ឆ្នាំ​២០១៧​រហូតដល់​ឆ្នាំ​ដើមឆ្នាំ​២០១៩​នេះ​ សត្វ​ដំរី​ស្រុក​នៅ​ខេត្តមណ្ឌលគិរី​ ត្រូវបាន​គេ​កត់សម្គាល់ថា​បាន​ងាប់​ជា​បន្តបន្ទាប់​ចំនួន ​៧​ក្បាល​ហើយ​។

​នៅ​ឆ្នាំ​២០១៧​ដំរី​ស្រុក​ចំនួន​៥​ក្បាល​បាន​ងាប់​។​ ក្នុងនោះ​ឈឺ​ងាប់​៣​ក្បាល​ អាជ្ញាធរ​បាញ់សម្លាប់​ព្រោះ​វា​ចុះប្រេង​អុកឡុក​អ្នកភូមិ​ ១​ក្បាល​ និង​១​ក្បាល​ទៀត​ងាប់​ព្រោះ​ដើរ​ធ្លាក់​រណ្ដៅ​នៅ​ស្រុក​ស្នួល​-​ខេត្តក្រចេះ​តែ​ជា​ដំរី​ខេត្តមណ្ឌលគិរី​។​ ចំណែក​នៅ​ឆ្នាំ​២០១៨​ មាន​ដំរី​ងាប់​២​ក្បាល​ ១​ក្បាល​ឈឺ​ងាប់ និង​១​ក្បាល​ទៀត​មាន​អា​ការៈចុះ​ប្រេង​ត្រូវ​ម្ចាស់​ចង​បង្អត់​ចំណី​រហូត​ងាប់។​

រូបថត៖ រស្មីកម្ពុជា
ប្រធាន​អង្គការ​ ELIE​ បាន​ឱ្យដឹង​ថា នៅ​ឆ្នាំ​២០១៩​នេះ​ ដំរី​ស្រុក​ក្នុង​ខេត្តមណ្ឌលគិរី​មានការ​ថយចុះ​នៅសល់តែ​៣៨​ក្បាល​ប៉ុណ្ណោះ ដែល​ដំរី​ទាំងនោះ​ស្ទើរ​ទាំងស្រុង​ជា​កម្ម​សិទ្ធ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង។ លោកថា ​កត្តា​តែមួយគត់​ដែល​គួរឱ្យ​បារម្ភ​ និង​មិនអាច​ស្ដារ​សត្វ​ដំរី​ស្រុក​នៅ​ខេត្តមណ្ឌលគិរី​ឡើងវិញ​បាន​គឺ​ប្រពៃណី​របស់​ជនជាតិភាគតិច​ព្នង​ ព្រោះ​ប្រពៃណី​ពួកគាត់​មិន​អនុញ្ញាត​ឲ្យ​សត្វ​ដំរី​ចិញ្ចឹម​បន្ត​ពូជ​ដោយ​មិនបាន​រៀបការ​នោះទេ​។​ ការរៀប​ការ​នេះ​អាចធ្វើ​ពិធី​ធំ​ជាង​ពិធី​រៀបការ​មនុស្ស​ទៀតផង ​និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។​ ក្នុងករណី​បណ្ដោយឱ្យ​សត្វ​ដំរី​បន្ត​ពូជ​ដោយ​មិនបាន​រៀបការ​ក្នុងភូមិ គេ​ជឿថា​នឹងមាន​ឧបទ្រពចង្រៃ​កើត ឡើង​ក្នុងភូមិ​ជាមិនខាន ។​

​លោក ​ឃុន ​ឌី​យ៉ូន បញ្ជាក់ថា ​បច្ចុប្បន្ន​នៅ​មិនទាន់មាន​មធ្យោបាយ​ស្ដារ​សត្វ​ដំរី​ស្រុក​ឡើងវិញ​នោះទេ ។ ​អង្គការ​ELIE ក៏​ធ្លាប់​លើកយក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ តែ​ពុំទាន់​មាន​លទ្ធផល​ដូចគ្នា ។

លោក​ជឿថា បើ​មិនមាន​វិធី​ដោះស្រាយ​ទេ នៅពេល​ខាងមុខ​សត្វ​ដំរី​ស្រុក​ដែល​នៅសល់​ជិត​៤០​ក្បាល​នេះ ក៏​នឹងត្រូវ​បាត់បង់​ជា​បណ្ដើរៗ​ទៀត​ដែរ ព្រោះ​ដំរី​ទាំងនោះ កាន់តែ​ចាស់ ថែមទាំង​មិនអាច​បន្ត​ពូជ​ផ្អែក​តាម​ជំនឿ​ប្រពៃណី និង​ពុំមាន​ការទា​ក់កូន​សត្វ​ដំរីព្រៃ​យកមក​ភូមិ​ដូច​កាលពី​បុរាណ នោះទេ​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;