សម្តេច ហ៊ុន សែន៖ លោក ឡេ ឌឹកអាញ់ មាន​គុណ​បំណាច់​ជួយ​រំដោះ​ប្រទេស​កម្ពុជា ចេញពី​របប​ប៉ុល ពត

  • 2019-05-03 01:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា លោក ឡេ ឌឹកអាញ់ ជា​មេដឹកនាំ​កំពូល​មួយរូប​របស់​ប្រទេស​វៀតណាម ដែល​មាន​គុណ​បំណាច់​ជួយ​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការ​ទប់ស្កាត់​មិន​ឲ្យវិល​ត្រឡប់​មកវិញ​នៃ​របប​នេះ។ សម្តេច​ថ្លែងដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម កាលពីយប់​ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០១៩ ក្នុងពេល​ដែល​សម្តេច​អញ្ជើញ​ទៅចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ឡេ ឌឹកអាញ់ អតីត​ប្រធានាធិបតី​វៀតណាម ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​តេជោ បាន​មានប្រសាសន៍​បន្ត​ថា សម្តេច​នឹង​សរសេរ​សារ​ដ៏មាន​សារៈសំខាន់​លើ​សៀវភៅ​ក្រាំងមាស​នៃការ​ចូលរួម​រំលែក​ទុក្ខ ដើម្បី​ជាការ​ជូន​ដំណើរ​ជាលើកចុងក្រោយ​ជូនដល់​វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។

ជាមួយគ្នា​នេះ សម្តេច​ក៏បាន​រៀបរាប់​ពីប្រវត្តិ​នៃការ​ជួបសន្ទនា​ជាមួយ​លោក ឡេ ឌឹកអាញ់ ទាំងក្នុង​ពេលនៅ​មន្ទីរពេទ្យ និង​ការងារ​ផ្សេងៗ ដោយ​បានចាត់ទុក​ថា លោក ឡេ ឌឹកអាញ់ គឺ​ជា​មេដឹកនាំ​កំពូល​របស់​វៀតណាម ដែលបាន​ជួយដល់​កម្ពុជា​ទាំងផ្នែក​ស៊ីវិល និងកង​កម្លាំង​ប្រដាប់​អាវុធ។

លោក ឡេ ឌឹកអាញ់

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សង្កត់ធ្ងន់​ថា នេះគឺ​ជាលើក​ចុងក្រោយ​នៃ​ការអញ្ជើញ មក​គោរព​វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ជាពិសេស​ការបញ្ជាក់​ពីការ​គោរព​ស្រឡាញ់​ក្នុងនាម ជាប្រទេស​ដែលមាន​ភូមិផង​របង​ជាមួយគ្នា។ វត្តមាន​របស់​សម្តេច និង​គណៈប្រតិភូ​នៅ​ពេលនេះ ក៏បាន​បញ្ជាក់​ពីការ​គោរព​ស្រឡាញ់​ពីគ្នា​ទៅវិញ​ទៅមក ក្នុងនាម​ជា​ប្រជាជន​ដែល​ធ្លាប់តែ​ជួយគ្នា​ក្នុងគ្រា​មានការ​លំបាក​ដូចគ្នា​កាលពី​អតីតកាល។

ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ មេដឹកនាំ​នៃប្រទេសទាំងពីរ​ កម្ពុជា-វៀតណាម ក៏បាន​ពិភាក្សាគ្នា​ផងដែរ ពីជំនួប​ក្នុង​អាហារពេល​ព្រឹក នៅទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុងឱកាស​ដែលមេដឹកនាំ​ទាំងពីរ អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី២ ស្តីពីកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​បានធ្វើការ​ពិភាក្សា​ផងដែរ ទាក់ទិន​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;