សម្តេច ហ៊ុន សែន ចាត់ទុក​លោក ឡេ ឌឹកអាញ់ ជាអ្នក​កំពូលយុទ្ធសាស្រ្ត​យោធា និងនយោបាយ

  • 2019-05-03 06:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់ទុក​អតីត​ប្រធានាធិបតី​វៀតណាម លោក ឡេ ឌឹកអាញ់ ជាអ្នក​កំពូល​យុទ្ធសាស្រ្ត​លើផ្នែក​យោធា និង​នយោបាយ ដែលសម្តេច​ពុំទាន់បានជួប​មនុស្ស​ផ្សេងទៀត​នៅតាម​ប្រទេស​នានា​នៅឡើយ។ នេះបើតាមខ្លឹមសារ​ដែល​សម្តេច​បាន​សរសេរ​លើ​សៀវភៅ​ក្រាំង​មាស នៃការចូលរួម​មរណទុក្ខ​ជូន​ចំពោះ​រដ្ឋ រដ្ឋាភិបាល គ្រួសារ​សព​លោក ឡេ ឌឹកអាញ់ និង​ប្រជាជន​វៀតណាម នៅថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ​២០១៩។

សម្តេច​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «តាំងពីបាន​ជួបគ្នា​លើក​ដំបូង​នាដើមឆ្នាំ​១៩៧៨ នៅ​មន្ទីរពេទ្យ ថុងញិត ក្រុង​ហូជីមិញ រហូតមកដល់​ពេលនេះ រូបអ៊ុំ​ (លោក ឡេ ឌឹកអាញ់) ផ្ទាល់​រួម​ជាមួយ​កងទ័ព និង​ប្រជាជន​វៀតណាម បានជួយ​ដល់​ប្រជាជន​កម្ពុជា​ច្រើនណាស់។ កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ត្រូវបាន​កសាង​ឡើង​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ផ្ទាល់​ពី​សំណាក់​លោក​អ៊ុំ ដែល​ពេល​នោះ លោកអ៊ុំ ជាមេ​បញ្ជាការ​យោធភូមិភាគ​ទី៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម។ ការរំដោះ​ប្រជាជន​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ការ​ទប់ស្កាត់​ការ​វិលត្រឡប់ នៃ​របប​ប្រល័យ​ពូជសាសន៍ ការ​កសាង​កម្ពុជា​ឡើងវិញ ពិសេស​ការ​រីកធំធាត់ នៃ​កងទ័ព​កម្ពុជា ។ល។ សុទ្ធតែ​មាន​ការរួម​ចំណែក​របស់​លោក​អ៊ុំ។ ក្នុងពេល​បំពេញ​ភារកិច្ច​នៅ​កម្ពុជា លោកអ៊ុំ​បាន​តំណាង​ឲ្យបក្ស រដ្ឋាភិបាល និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម អនុវត្ត​បាន​យ៉ាង​ពេញលេញ នូវ​គោលការណ៍ គោរព​ឯករាជ្យ អធិបតេយ្យ​ភាព​កម្ពុជា គោរព​យ៉ាង​ម៉ឺងម៉ាត់ នូវការ​ជ្រើសរើស​របស់​ប្រជាជន​កម្ពុជា នូវ​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា។ ក្នុងពេល​បំពេញ​មុខងារ​ជាប្រធានរដ្ឋ​វៀត​ណាម លោកអ៊ុំ​ជាមនុស្សម្នាក់ ដែលបាន​រួមជា​មួយបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជន​វៀតណាម ជំរុញ​នូវទំនាក់​ទំនង​លើគ្រប់វិស័យ រវាង​ប្រទេស​ទាំងពីរ កម្ពុជា-វៀតណាម ឲ្យរីក​ចម្រើនយ៉ាង​ឆាប់​រហ័ស។ តាំងពី​ពេលស្គាល់គ្នា​រហូតមក​ដល់ពេល​បែកគ្នា លោក​អ៊ុំ តែងយក​ចិត្តទុក​ដាក់​ដល់​រូប​ខ្ញុំ ភរិយា និង​កូនៗ របស់ខ្ញុំ ដូចឪពុក និងកូន ជីតានិងចៅ។ ខ្ញុំនៅ​ចាំបាន​ថា នៅក្នុង​គ្រាដែល ​ខ្ញុំ​លំបាក​បំផុត ពេលកសាង​កងទ័ព​ដំបូង លោកអ៊ុំបាន​ផ្តល់​នូវការឧបត្ថម្ភ​គ្រប់យ៉ាង ដើម្បីឲ្យ​កងទ័ព​កម្ពុជា បានរីក​ធំធាត់​យ៉ាង​ឆាប់រហ័ស។ លោកអ៊ុំ​មិនពិសារ​បារីទេ តែលោក​អ៊ុំមិន​ភ្លេច​ផ្ញើ​បារីឲ្យខ្ញុំ ដោយសា​អ៊ុំដឹងថា ខ្ញុំជាអ្នក​ជក់​បារី​ច្រើន។ លោកអ៊ុំ​តែង​ផ្តល់​យោបល់​ឲ្យខ្ញុំថែ​សុខ ភាព»។

សូមជម្រាប​ថា នៅព្រឹកថ្ងៃទី៣​ ឧសភា​ រដ្ឋ-រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ប្រារព្វ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ សព​ លោក​ ឡេ ឌឹកអាញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម ដើម្បីឲ្យ​បណ្តា​មេដឹកនាំ​ពិភពលោក និងប្រជាជន​វៀតណាម ចូលរួម​គោរពវិញ្ញាណក្ខន្ធ និងការ​ជូនដំណើរ​ជាលើកចុងក្រោយ​ជូន​លោក។ ពិធី​គោរពវិញ្ញាណ​ក្ខន្ធផ្លូវការ​នេះ នឹងរៀបចំ​ឡើង​រយៈពេល ២ថ្ងៃ គឺនៅថ្ងៃ​ទី៣ និងទី៤​ឧសភា មុន​ពិធី​ហែរ​ទៅ​បញ្ចុះ​សព​នៅស្រុក​កំណើត​របស់​លោក ស្ថិត​នៅភូមិភាគ​កណ្តាល របស់​ប្រទេស​វៀតណាម។

​ សម្តេច​ ហ៊ុន សែន ក្នុង​នាមជាមេដឹកនាំ​ពិភពលោក​មួយរូប និងជា​អ្នកដែលធ្លាប់​មានទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ​នឹង​លោក ឡេ ឌឹកអាញ់ បានដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និងថ្នាក់​ដឹកនាំ​កងយោធពលខេមរភូមិន្ទ សរុប​ចំនួន ២៥​រូប អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក​ ឡេ ឌឹកអាញ់ អតីត​ប្រធានរដ្ឋ​វៀតណាម ដែលប្រារព្វ​ធ្វើឡើង​នៅវិមាន​តម្កល់សព​អគារ​លេខ៥ ចិនថាញើតុង (Tran Thanh Tong) ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;