ប្រតិភូ UN លើកឡើង ៣​ចំណុច​ធំៗ ទៅកាន់​សម្តេច ហ៊ុន សែន

  • 2019-05-06 08:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០១៩ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ជួប​មន្រ្តី​នៃ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UN) នៅ​វិមាន​សន្តិភាព ដឹកនាំ​ដោយ​ស្រី PAULINE THMESIS។

នៅក្នុង​កិច្ចប្រជុំ​នេះ ប្រតិភូ​នៃ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ (UN) បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​៣ គឺ៖ ១. ពាក់ព័ន្ធទៅនឹង​កិច្ច​គាំពារ​សង្គម, ២. ទាក់ទង​ទៅនឹង​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍ និង ៣. បញ្ហា​ការចូលរួម​ពិនិត្យ​របាយការណ៍​ថ្នាក់ជាតិ​លើការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅក្នុង​ទីក្រុង​ញ៉ូវយ៉ក (New York) នៅខែ​៧ខាងមុខ​នេះ។

ពាក់ព័ន្ធ​ទៅនឹង​ចំណុច​ទី១ នៃ​កិច្ច​គាំពារ​សង្គម គឺប្រតិភូ​នៃ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​៣ចំណុច​ដែល​ពាក់ព័ន្ធ​គ្នា គឺ​ទី១. ការសម្របសម្រួល​រវាង​ស្ថាប័ន និង​ហេដ្ឋារចនា​សម្ព័ន្ធ ក្នុងការ​កសាង​សមត្ថភាព។ ទី២. គឺការ​គាំពារ​សង្គម​ និង​ហិរញ្ញវត្ថុ និង​ទី៣. គឺការងារ​សង្គម​ជាមួយនឹង​ការ​អនុវត្ត​ប្រកប​ដោយ​សមភាព។ ចំពោះ​ការងារ​នេះ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​ក្រសួង​៦ និង​ក្រុមប្រឹក្សា១ ធ្វើការ​បកស្រាយ​រួមមាន៖ ១. ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ២. ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ , ៣. ក្រសួង​សុខាភិបាល,៤. ក្រសួង​ផែនការ , ៥. ក្រសួង​កិច្ចការ​នារី និង ៦.​ក្រសួង​សង្គមកិច្ច និង ៧. ក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ។

ចំពោះ​ចំណុច​ទី១ គឺ​សម្តេច​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រតិភូ​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​សង្គម​ថា កម្ពុជា​ កាលពី​ដើមឡើយ​គឺមាន​ភាព​ក្រីក្រ​រហូត​ដល់(១០០%) ឯណោះ ហើយក្រោយ​មក​ក៏មាន​ការ​ចាប់ផ្ដើម​ផ្ដល់នូវ​កិច្ច​គាំពារ​សង្គម​ទៅដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ បន្ទាប់មក​ដល់ស្ត្រី​ដែលធ្វើការ​នៅតាម​រោងចក្រ និង​បន្ទាប់មក​ទៀត គឺទៅ​ដល់ស្ត្រី​ដែលមាន​ភាពក្រីក្រ ហើយក៏​បានធ្វើការ​មួយចំនួន​ថែមទៀត រួមទាំង​ការ​កាត់បន្ថយ​ថ្លៃ​អគ្គិសនី ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការជីក​អណ្តូងទឹក ជីកស្រះ​ទឹក​ជាដើម ដែលទាំងអស់នេះ​សុទ្ធសឹង​តែជា​ការ​គាំពារ​សង្គម។

ទី២. ទាក់ទងទៅនឹង​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍ សម្តេច ហ៊ុន សែន បាន​អនុញ្ញាតឱ្យ​ក្រសួង​៤ធ្វើការ​បកស្រាយ រួមមាន ១)ក្រសួង​ផែនការ, ២)ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ, ៣)ក្រសួង​កិច្ចការនារី , និង៤)ក្រសួងអប់រំ យុវជន និង​កីឡា។ ជាមួយគ្នានោះ​ដែរ សម្តេច ក៏បាន​ជម្រាបជូនបញ្ហា​ពាក់ព័ន្ធទៅនឹងករណីនេះ ដែល​ប្រតិភូ​នៃទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​ស្នើ គឺធ្វើយ៉ាងណា​ដើម្បី​បង្កើន​ថវិកា​ជាតិ​និង​ពង្រឹង​គុណភាព​សមត្ថភាព។ ការងារ​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍនេះ សម្តេចតេជោ​បាន​ធ្វើការ​បកស្រាយ​ថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បានជំរុញ​ក្នុងការ​បង្កើន​ថវិកាជាតិ​ជាប្រចាំ ហើយ​សង្ឃឹមថា នឹង​ឯកភាព​បង្កើន​ថវិកា​បន្ថែម​ទៀត។

ដោយឡែក​ពាក់ព័ន្ធទៅនឹង​ការពង្រឹង​សមត្ថភាព​វិញ សម្ដេច ហ៊ុន សែន បាន​ធ្វើការណែនាំ​ធ្វើយ៉ាងណា​ឲ្យមាន​ការជំរុញ​ឲ្យមានការ​សិក្សា​នៅថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់​ផងដែរ ហើយត្រង់ចំនុច​នេះ លោក ហង់ ជួនណារ៉ុន ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ឱ្យ​សាកលវិទ្យាធិការ​ទាំងអស់ ជំរុញ​ការអប់រំ​រហូត​ដល់ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់។

ចំណុច​ទី៣. ពាក់ព័ន្ធ​នឹងកិច្ច​ចូលប្រជុំ​របាយការណ៍​ថ្នាក់ជាតិ​លើការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នេះ អង្គការ​សហប្រជាជាតិ​បាន​ស្នើឲ្យ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​នៅទីក្រុង​ញ៉ូវយ៉ក (New York) នៅខែ៧​ខាងមុខនេះ ហើយឲ្យ​មាន​ការគាំទ្រ​ដោយការ​ចូលរួម​ពីស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់។

ជាការ​ឆ្លើយតប សម្ដេច ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យក្រសួង​ផែនការ ធ្វើការ​បកស្រាយ ដោយ​សម្ដេច​បានបន្ដថា​ កម្ពុជា​បានត្រៀមខ្លួន​ជាស្រេច​ដើម្បីចូលរួម​កិច្ចប្រជុំ នៅខែ​៧ខាងមុខ​នេះ។ ដោយឡែក ដែល UN សុំ​ឱ្យ​មាន​ការគាំទ្រ​ពីស្ថាប័ន​ពាក់ព័ន្ធ​នានា​នោះ គឺ​សម្តេច បាន​មានប្រសាសន៍​ឆ្លើយតប​ថា សព្វថ្ងៃនេះ​រាល់ការងារ​ទាំងអស់​គឺមាន​ការសម្របសម្រួល​គ្នា ជាពិសេស​មានការ​ចូលរួម​ពី​ឧត្តម​ក្រុមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​ផងដែរ៕

អត្ថបទ និង​រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;