ម៉ាឡេស៊ី ចោទ​ថា EU ​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ហើយ

  • 2019-05-07 02:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចោទ​ប្រកាន់​សហភាព​អឺរ៉ុប​ថា កំពុង​ចាប់ផ្តើម​នូវ «សង្គ្រាម​ពាណិជ្ជកម្ម» ចំពោះ​ផែនការ​សហភាព​អឺរ៉ុប ដែល​មាន​បំណង​ឈប់​ប្រើប្រាស់​ដូង​ប្រេង ក្នុង​ជីវឥន្ធនៈ ហើយ​ម៉ាឡេស៊ី ក៏​គំរាម​តបត​វិញ​ផងដែរ។

លោកស្រី Teresa Kok រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ទទួលបន្ទុក​ដូងប្រេង បាន​ធ្វើដំណើរ​ទៅអឺរ៉ុប ដើម្បី​បញ្ជាក់​ប្រាប់ថា រដ្ឋាភិបាល​លោកស្រី​ នឹង​វាយបក​វិញ ប្រសិន​សហភាព​អឺរ៉ុប មិនព្រម​បញ្ឈប់​ផែនការ​នេះ។

លោកស្រី​ថ្លែង​ប្រាប់ AFP ថា៖ «យើងឃើញ​ថាបែបនេះ គឺជា​ទម្រង់​នៃសង្គ្រាម​ពាណិជ្ជកម្ម​បង្កឡើង​ដោយ EU ប្រឆាំង​នឹង​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​ផលិតដូងប្រេង»។

លោកស្រី Teresa Kok (រូបថត៖ Malay Mail)
ជាមួយគ្នា​នោះ រដ្ឋមន្រ្តី​រូបនេះ បាន​ព្រមាន​ថា នឹងពិនិត្យ​មើល​ផលិតផល​ដែលនាំចូល​ពីអឺរ៉ុប ហើយ​សំឡឹង​មើលប្រទេស​ដទៃ​ក្នុងការ​ទិញទំនិញ​នោះ​ជំនួសវិញ។ បន្ថែមពី​នេះ ម៉ាឡេស៊ី នឹង​ពិភាក្សា​ជាមួយ​ឥណ្ឌូណេស៊ី មុនពេល​ឈានដល់​វិធានការ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។

លោកស្រី Teresa Kok បាន​លើកឡើង​ពីការ​គំរាម​ដែល​ធ្វើឡើង​ដោយ​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ ចំពោះ​ការ​សងសឹក​លើ​បញ្ហា​ខាងលើ​នេះ ដោយ​ប្តូរពីការទិញ​យន្តហោះចម្បាំង​ Rafale របស់​បារាំង ឬ Typhoon របស់​អឺរ៉ុប ទៅជាការទិញ​យន្តហោះចម្បាំងពីចិន​វិញ។

ម៉ាឡេស៊ី​ក៏ចាប់អារម្មណ៍​ទិញ​សព្វាវុធ និង​យន្តហោះ​ពីរុស្ស៊ី​ផងដែរ បន្ទាប់ពី​រដ្ឋមន្រ្តី​ការពារជាតិ​ម៉ាឡេស៊ី បាន​ទៅរុស្ស៊ី កាលពី២​សប្តាហ៍មុន ដើម្បីពិនិត្យ​មើល​ហើយ។ ក្នុងនោះ ភាគី​រុស្ស៊ី បាន​បង្ហាញ​ឆន្ទៈក្នុង​ការបង្កើន​ទិញដូងប្រេងពី​ម៉ាឡេស៊ី​ផងដែរ។ នេះបើ​តាមការ​លើកឡើង​បន្ថែម​របស់​លោកស្រី Teresa Kok៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;