រដ្ឋមន្រ្តី​កសិកម្ម៖ កិច្ច​អន្តរាគមន៍​ទាន់ពេល​របស់​វៀតណាម​ ជួយ​រក្សា​តម្លៃ​ស្រូវ​កម្ពុជា

  • 2019-05-07 06:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា ដោយសារ​កិច្ច​សហប្រតិបត្តិការ និងជា​ពិសេស​កិច្ចអន្តរាគមន៍​បាន​ទាន់ពេល​វេលា​ពី​រដ្ឋាភិបាល​វៀតណាម កន្លងមក​ បាន​ធ្វើឲ្យ​ស្រូវ​កម្ពុជា រក្សា​តម្លៃ​បាន​សមរម្យ។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ជំនួប​លោកស្រី បុយ ធីធឿម ជាប្រធាន​សមាគម​កសិករ​វៀតណាម​ថ្នាក់​មជ្ឈឹម និង​លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋសង្គម​និយម​វៀតណាម ព្រមទាំង​សហការី​មួយចំនួន​ទៀតដែល​សុទ្ធតែ​ប្រធាន​សមាគម​កសិករ​ប្រចាំខេត្ត​ទាំង ៥ នៅជាប់​ព្រំដែន​ដូចជា​ខេត្ត​អាងយ៉ាង គៀងយ៉ាង ដុង ផាត់ តាយ និញ និង​ខេត្តឡុង អាន នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។

រូបថត៖ ហ្វេសប៊ុកក្រសួងកសិកម្ម
លោក វេង សាខុន ថ្លែងថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ប្រទេស​ទាំង២ ​បាន​ចូលរួម​ចំណែក​ធ្វើឱ្យ​វិស័យនេះ មានការ​រីកចម្រើន​គួរឲ្យ​មោទនភាព ពិសេស​លើ​ផលិតកម្ម​ស្រូវ ដំណាំ​កសិ​ឧស្សាហកម្ម និងការ​ធ្វើ​កសិ​ពាណិជ្ជកម្ម ហើយ​​សង្ឃឹមថា រដ្ឋាភិបាល​វៀតណាម នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែម​ទៀត ជាពិសេស​ដល់​វិស័យ​កសិ​ពាណិជ្ជកម្ម នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ នៃ​ប្រទេស​ទាំងពីរ ដោយផ្តោត​ជា​សំខាន់់​លើ​លំហូរ​កសិផល​កម្ពុជា ចូលក្នុង​ទីផ្សារ​វៀតណាម ដូចជា ស្រូវ ដំឡូង ស្វាយ ស្វាយចន្ទី ពោត ម្រេច។ល។ ក្នុងនោះ ការនាំចេញ​កសិផល​កម្ពុជា​ដូចជា​ស្វាយ ដំឡូង ស្វាយចន្ទី ទៅកាន់​ទីផ្សារ​វៀតណាម​មានការ​កើនឡើង​គួរឲ្យចាប់​អារម្មណ៍។

ក្នុង​ឱកាស​នោះ លោកស្រី​ប្រធាន​ប្រតិភូ បាន​លើកឡើង​ពី​ចំណាប់​អារម្មណ៍​ទាក់ទង​នឹងការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​ការ​រីកចម្រើន​លើ​វិស័យ​កសិកម្ម ដែលបាន​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ កែលម្អ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាព​ក្រីក្រ។

លោកស្រី​បាន​បន្តថា ជំនួប​នាពេល​នេះ​គឺមាន​គោលបំណង​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​ក្រសួង ពិសេស​អគ្គនាយកដ្ឋាន ឬអង្គភាព​ពាក់ព័ន្ធ​ដើម្បី​បង្កើន​ការធ្វើ​កសិ​ពាណិជ្ជកម្ម​នាពេល​អនាគត ដោយ​សំដៅ​ទៅលើ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេសទាំងពីរ ដូចជា​ការ​ប្រើប្រាស់​ទឹក ការ​ដោះដូរ​ទំនិញ ការ​ផ្លាស់ប្តូរ​បទពិសោធ​លើ​ការងារ​បច្ចេកទេស​ក្រោយពេល​ប្រមូលផល និង​ទេសចរណ៍។

លោក​សង្ឃឹមថា តាមរយ:​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ នឹង​ជួយជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅកម្ពុជា ឲ្យមាន​ការរីក​ចម្រើន​សមស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​អនាគត។

នាឱកាសនេះ​ដែរ​ភាគី​ទាំងពីរ​ក៏បាន​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​ផងដែរ​ជាអាទិ៍÷ ទី១. ការរៀបចំ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សហគមន៍​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ ទី២. ការរៀបចំ​វេទិកា​កសិករ​ប្រទេស​ទាំងពីរ រួមទាំង​ការ​តាំង​ពិព័ណ៍​កសិផល​សហគមន៍​កសិកម្ម និង​បច្ចេកវិទ្យា​កសិកម្ម នៃ​ប្រទេស​ទាំងពីរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;