អ្នករាយការណ៍​ពិសេស UN លើកឡើង​ ៤ចំណុច​ធំៗ ទៅកាន់​សម្តេច ស ខេង

  • 2019-05-08 12:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានជួប​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំនៅ​កម្ពុជា កាលពី​រសៀលថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង​មហាផ្ទៃ។

លោក​ឧត្តមសេនីយ៍​ឯក ផាត សុផានិត អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ និងជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ថា នៅក្នុង​ជំនួប​នេះ លោកស្រី រ៉ូណា ស្មីត បាន​លើកឡើង​ចំណុច​សំខាន់ៗ​ចំនួន​៤ រួមមាន៖ ទី១. ពាក់ព័ន្ធ​ការអនុវត្ត​នូវសិទ្ធិ​សេរីភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល។ ទី២. ការរៀបចំ​អនុវត្ត​ច្រក​ចេញចូល​តែមួយ។ ទី៣. យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា និង​ទី៤. ការ​បង្កើត​នូវយន្តការ​ទំនាក់ទំនង​រវាង​អង្គការ​សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល។

-ពាក់ព័ន្ធចំណុចទី១ និង​ទី៤. សម្តេចក្រឡាហោម ស ខេង បាន​ជម្រាបជូន​អ្នករាយការណ៍​ពិសេស​ថា ដើម្បីឲ្យ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល កាន់តែ​យល់ពីគ្នា​ទៅវិញទៅមក​ថែមទៀត គឺ​រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់ចេញ​ការ​អនុវត្ត​យន្តការ​ឲ្យមាន​វេទិកា​ជួបគ្នា​ចំនួនពីរ​ដង​ក្នុង​មួយឆ្នាំ និងបើក​ឲ្យមាន​ការចូលរួម​ផ្តល់​មតិ​លើកជា​ក្តីកង្វល់​ផ្សេងៗ ពី​អង្គការ​សង្គម​ស៊ីវិល ដើម្បីបង្ហាញ​នូវ​អ្វី​ដែល​ជាក្តី​កង្វល់របស់ខ្លួន​ យកមក​ដោះស្រាយ​នៅលើតុ​ទាំងអស់​គ្នា និង​ដើម្បីផលប្រយោជន៍​រួម​ទាំងអស់​គ្នា។ យន្តការ​នេះ គឺ​ដើម្បីឲ្យអង្គការ​សង្គម​ស៊ីវិល​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ហើយខាង​អាជ្ញាធរ​ក៏មាន​លទ្ធភាព​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់​កំណត់​ផងដែរ។ ហើយជាគោលការណ៍ការអនុវត្តវេទិកានេះ គឺធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅខែមករា និងខែកក្កដា។

ចំពោះ​ការចង់ឲ្យ​មានការ​ធ្វើវិសោធនកម្មច្បាប់​អង្គការ​សង្គមស៊ីវិល សម្តេច ស ខេង បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​តែងតែ​មាន​ការ​បើក​ចំហរ​ចំពោះ​ការផ្តល់​នូវគំនិតល្អៗ​ផ្សេងៗ ចំពោះ​ការធ្វើវិសោធនកម្ម​ច្បាប់នេះ ទៅលើ​ចំណុច​ណាមួយ​ដែល​អង្គការ​សង្គម​ស៊ីវិល ឬក៏​ភាគី​ពាក់ព័ន្ធ​យល់ឃើញ​ថា គួរមាន​ការកែ​លម្អ។ ប៉ុន្តែ​សម្តេចក្រឡាហោម​បានលើកឡើង​ថា ការកែ​លម្អ គឺត្រូវតែ​សិក្សា​ឲ្យបាន​ល្អិតល្អន់​ឲ្យស្របទៅនឹង​រដ្ឋធម្មនុញ្ញ និង​ស្រប​ទៅនឹង​ច្បាប់​របស់​កម្ពុជា ពិសេស​ឲ្យស្រប​ទៅនឹង​កាតព្វកិច្ច​ជា​អន្តរជាតិ។

-ទាក់ទងចំណុច​ទី២ សម្តេចក្រឡាហោម បានបញ្ជាក់​ថា បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ គឺបាន​ខិតខំ​ពង្រីក​ការិយាល័យ​ច្រកចេញ​ចូលតែមួយ​បានជាង ១០០ការិយាល័យ​ហើយ និង​ខិតខំ​ពង្រីក​ទៅតាម​ទីតាំង​ណា​ដែលពុំទាន់​មាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ខិតខំ​ពង្រឹង​ទៅលើ​ការិយាល័យ​ណា​ដែលមាន​ស្រាប់​ហើយ ដើម្បី​ឲ្យគុណភាព​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ឆាប់រហ័ស។

-ពាក់ព័ន្ធចំណុច​ទី៣ រដ្ឋមន្រ្តី​មហាផ្ទៃ បានបញ្ជាក់​អំពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​ បានជួប​ប្រទះ​នូវ​បញ្ហាប្រឈម​មួយចំនួន​ផងដែរ ដូចជា​ការចង្អៀតណែន​នៅតាម​ពន្ធនាគារ​ផ្សេងៗ។ ក្នុងនោះ​ពិតជា​មានការ​ចាប់ខ្លួន​ពាក់ព័ន្ធទៅនឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ចំណុចនេះ​កើតមាន​ការចង្អៀតណែន​នៅក្នុង​ពន្ធនាគារ។ ប៉ុន្តែទោះបី​ជាយ៉ាងណា រាជរដ្ឋាភិបាល​កំពុងតែ​ខិតខំ​រកវិធានការ​ដើម្បី​ដោះស្រាយ ដូចជា​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទាំង​ពន្ធនាគារ និងទាំង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គ្រឿងញៀន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;