រដ្ឋបាល​ជលផល ប្រកាស​ពី​រដូវ​បិទ​នេសាទ

  • 2019-05-09 01:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៩​ ឱ្យដឹងថា រដូវ​បិទនេសាទ​សម្រាប់​ការ​នេសាទ​នៅក្នុង​ដែន​នេសាទ​ទឹកសាប​ ត្រូវបាន​កំណត់​ដូចខាងក្រោម៖

-ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់​ថ្ងៃទី៣០ ខែកញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាបដែលស្ថិតនៅខាងជើងខ្សែ​ស្រប​ទន្លេ​ចតុមុខ ដែលរួមមាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹងទន្លេសាប និងបណ្តា​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ផ្នែក​ខាងជើង​ចតុមុខ។

-ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់​ថ្ងៃទី៣១ ខែតុលា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅខាងត្បូង​ខ្សែ​ស្រប​ទន្លេចតុមុខ ដែលរួមមាន រាជធានី​ភ្នំពេញ​ផ្នែកខាងត្បូង​ចតុមុខ ខេត្ត​កណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ខេត្ត​ស្វាយរៀង។

រដ្ឋបាល​ជលផល​បញ្ជាក់​ថា នៅ​ក្នុងរយៈពេលបិទ​នេសាទ​នេះ អ្នកនេសាទ​ទាំងអស់ត្រូវប្រើប្រាស់​តែឧបករណ៍​នេសាទ​គ្រួសារ​ដែលមាន​ចែងក្នុង​ប្រកាស​លេខ ៤៥៨ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១២ប៉ុណ្ណោះ។ ចំពោះ​ឧបករណ៍​ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម​ ឈ្នក់ មិន​អនុញ្ញាត​ឱ្យ​ប្រើឡើយ​ក្នុងរដូវបិទ​នេសាទ​នេះ ដោយ​ឡែក​ឧបករណ៍​មងអាច​ធ្វើនេសាទ​​បាន​តែប្រវែង ១០០ម៉ែត្រ​ប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;