រដ្ឋមន្រ្តី ហាម​មិនឱ្យ​អ្នកដឹកនាំ​ក្រុម​ទេសចរ​ ជូន​លុយ​ក្រៅផ្លូវការ​នៅច្រកទ្វារ​អន្តរជាតិ

  • 2019-05-09 03:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ​ថោង​ ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​​ បាន​ហាម​យ៉ាង​ដាច់​ណាត់​មិនឱ្យ​អ្នកដឹកនាំ​ក្រុម​ទេសចរ (Tour Leaders) ទាំងឡាយ ជូន​លុយ​ក្រៅផ្លូវការ​ទៅ​មន្ត្រីនគរបាល នៅពេល​បោះត្រា​លើ​លិខិតឆ្លងដែន នៅតាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ឬ​ព្រលាន​យន្តហោះ​អន្តរជាតិ ហើយ​ក៏​មិនត្រូវ​ណែនាំ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ប្រព្រឹត្តិ​ទង្វើ​មិន​គប្បី​បែប​នេះឡើយ ​ព្រោះ​គ្មាន​ច្បាប់​ណា​តម្រូវឱ្យ​ធ្វើបែបនេះ​ទេ​។

​ការលើកឡើង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​ការធ្វើដំណើ​រ​ឆ្លងកាត់ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស​កាលពី​ល្ងាច​ថ្ងៃទី​០៨​ ខែឧសភា ​ឆ្នាំ​២០១៩ ​នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍។

​ចំណុច​ដ៏​រសើប​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​ ដោយ​លោក​បាន​ឲ្យ​ដឹងថា​ តាម​ការ​រាយការណ៍​រប​ស់​មន្ត្រីនគរបាល​មូលដ្ឋាន មានការ​ឱ្យ​លុយ​នៅពេល​បោះត្រា​លើ​លិខិតឆ្លងដែន​របស់​ភ្ញៀវ​ជនជាតិ​ចិន​ខ្លះ​។​ នៅពេល​ដែល​ភ្ញៀវ​យក​លិខិតឆ្លងដែន​នោះ​ទៅឱ្យ​មន្ត្រីនគរបាល​បោះត្រា តែ​មិន​ច្រើន​ទេ​ត្រឹម ២០០០​រៀល​, ៥០០០​រៀល ឬ ៥​យ័ន តែ​ប៉ុណ្ណោះ​។

​​​នាយ​ឧ​ត្ត​ម​សេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ ​បាន​បញ្ជាក់ថា ​ទោះបី​មាន​បញ្ហា​នេះ​កើតឡើង​ក៏ដោយ​ លោក​នៅតែ​ព្យាយាម​ឱ្យ​មន្ត្រីនគរបាល​ពាក់ព័ន្ធ​ ដាច់ខាត​មិនត្រូវ​ធ្វើ​យ៉ាង​ដូច្នោះ​ទេ ​ព្រោះ​មិនមែនជា​ចំណុច​ល្អ​ហើយ​ជា​អំពើ​ខុសច្បាប់​។​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សំណូមពរ​ដល់​ក្រសួងទេសចរណ៍​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកដឹកនាំ​ក្រុម​ទេសចរ​ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​កុំឱ្យ​បន្ត​ប្រព្រឹត្តិ​នូវ​ចំណុច​ខាងលើ​នោះ​តទៅទៀត​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ភ្លាមៗ​ពិសេស​មន្ទីរ​ទេសចរ​ណ៍​គ្រប់​រាជធានី​-​ខេត្ត​ដែល​បានមក​ចូលរួម​ប្រជុំ​ផងដែរ ​ត្រូវ​ផ្សព្វផ្សាយ​បញ្ជ្រាប​បញ្ហា​នេះ​ជាបន្ទាន់​ទៅដល់​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ដាច់ខាត​មិនឱ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​តទៅទៀត​ឡើយ​។​

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ព្រមាន​ថា បើ​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងនោះ​នៅតែ​ប្រព្រឹត្ត​បែបនេះ​ទៀត​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ ពោល​គឺ​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​លុបបំបាត់​បញ្ហា​នេះ​ឱ្យបាន​ចាប់ពីពេលនេះ​តទៅ​។​​

នាយ​ឧ​ត្ត​ម​សេនីយ៍ ​គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ ក៏បាន​រាយការណ៍​ថា​ក្រោយពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អំពី​ការ​រិះរក​គ្រប់​វិធី​ក្នុងការ​កាត់បន្ថយ​នូវ​របាំង​មិនចាំបាច់​នៅតាម​ច្រកទ្វារ​អន្តរជាតិ​។ ​ដោយបាន​ទទួល​ការឯកភាព​ពីស​ម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួចហើយ​ នៅ​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​ខាងមុខនេះ​ ក្រសួង​នឹង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សា​លាក​ប័ត្រ​ចេញចូល​ថ្មី​ខ្លី​ដែលមាន​ភាពងាយស្រួល​នៃ​បែបបទ​សុំ​ទិដ្ឋាការ ពេល​ភ្ញៀវទេសចរ​មកដល់​។​​

ពាក់ព័ន្ធ​នឹង​ការសម្រួល​ការធ្វើដំណើរ​ទេសចរណ៍​នេះ​ទៀតសោត​លោក​រដ្ឋមន្ត្រី​ថោង​ខុន​បាន​ថ្លែងអំណរគុណ​ចំពោះ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​និង​ផ្នែក​ពាក់ព័ន្ធ​ទាំង់អស់​ពិសេស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។​ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​សម្រួល​គ្រប់បែបយ៉ាង ដល់​ការធ្វើរ​ដំណើរ​របស់​ទេសចរ​។ ពិសេស​រថយន្ត​ទេសចរ​បរទេស​ជា​គ្រួសារ ឬ​ឯកជន (self driving tour) ដោយ​មិនចាំបាច់​មាន​ប្រាក់​កក់ គឺ​តម្រូវ​ត្រឹមតែ​បង់​តែ​ប្រាក់​ធានារ៉ាប់រង​ប៉ុណ្ណោះ​។​

លោក​ ហោ​សារុន​ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​លើកឡើងថា​ ក្នុង​ត្រីមាស​ទី​១ ​ដើមឆ្នាំ​២០១៩ ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុ​ជា មាន​ចំនួន​ជាង​១,៨លាន​លាក់​កើន ​៩,៧ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ​រយ​:​ពេល​ដូចគ្នា​។​ ផ្លូវអាកាស​ទាំង​៤ ត្រូវបាន​មើលឃើញថា​ភ្ញៀវ​បានធ្វើ​ដំណើរ​ឆ្លង​កាត់ចេញ​ចូល​ច្រើនជាង​ផ្លូវគោក និង​ផ្លូវទឹក​ គឺ​កើន​ពី​ជាង​៧%​ ទៅ​៣៣១ភាគរយ​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;