បារាំង​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ និង​កម្ចី​ឱ្យកម្ពុជា ប្រមាណ​ជាង ៣២លាន​ដុល្លារ

  • 2019-05-09 07:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​លោក Remi Rioux នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញ​ប្បទាន​សហប្រតិបត្តិការ ក្នុង​ទឹក​ប្រាក់​ចំនួន ២៩,១លានអឺរ៉ូ (ជាង ៣២,៥លានដុល្លារអាមេរិក)។ ក្នុងនោះ​ឥណទាន​សម្បទាន​ចំនួន ២៥លានអឺរ៉ូ ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៤,១លានអឺរ៉ូ​ពី​សហគមន៍​អឺរ៉ុប (EU)។ នេះបើតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច។

ពិធីចុះហត្ថលេខានេះ ធ្វើឡើង​កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​អំឡុង​ជំនួប​រវាងលោក អូន ព័ន្ធមុនីរ័ត្ន និង​លោក Remi Rioux នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) នៅ​ក្រុងប៉ារីស ប្រទេស​បារាំង។

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ជំនួយ និង​កម្ចីខាងលើនេះ ផ្តោតលើ​គម្រោង​ធ្វើ​ទំនើប​កម្មលើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន និងចែកចាយ ដែល​គម្រោង​នេះ​មាន​ទិសដៅ ក្នុងការ​ពង្រីក និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ ឱ្យមានការ​វិវត្ត​ទៅរក​ប្រព័ន្ធ​ឆ្លាតវៃ (Smart Grid) ដែល​អាចសម្រួល​យ៉ាងច្រើន​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព និង​និរន្តភាព​ក្នុងការ​ផ្គត់ផ្គង់​ថាមពលអគ្គិសនី​នៅ​កម្ពុជា។

ក្នុង​ជំនួបនេះ លោក​ឧបនាយករដ្ឋមន្រ្តី បានលើកឡើង​ថា សមិទ្ធផលនៃការអភិវឌ្ឍរបស់​កម្ពុជាបច្ចុប្បន្ន គឺមិន​អាច​កាត់​ផ្តាច់​ពី​តួនាទី​យ៉ាង​សកម្ម និង​ការចូលរួមចំណែករបស់​ទីភ្នាក់ងារ​បារាំង សម្រាប់​ការអភិវឌ្ឍ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន ការ​ផ្តល់​ឥណទាន​សម្បទាន​ដែល​មាន​ភាព​អំណោយផល និង​អនុគ្រោះខ្ពស់ ជំនួយ​បច្ចេកទេស​ក៏ដូចជា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម​កិច្ច អភិបាល​កិច្ច និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ទៀត​នៅកម្ពុជា​ជាដើម។

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចំណែក​លោក Remi Rioux បាន​បញ្ជាក់​ថា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ មាន​បំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន ឱ្យស្រប​នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា​ នាពេល​បច្ចុប្បន្ន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;