លោក ហ៊ុន ម៉ាណែត៖ វគ្គ​ហ្វឹកហ្វឺន​របស់​កងពលតូច​អន្តរាគមន៍​លេខ១ ឆ្លើយតប​តាម​សេចក្តីត្រូវការ​ក្នុងការ​ត្រៀម​ប្រយុទ្ធ

  • 2019-05-10 01:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បានបញ្ជាក់​ថា កងយោធពលខេមរភូមិន្ទ នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ជ្រុង​អាទិភាព​មួយ នៃការ​កែទម្រង់​របស់ខ្លួន សំដៅធ្វើ​ទំនើបកម្ម និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​យោធិន ដើម្បី​ធានាកិច្ចការពារ​ប្រកប​ដោយប្រសិទ្ធភាព​នូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ការអភិវឌ្ឍ​លើ​គ្រប់វិស័យ​នៅ​កម្ពុជា។

ការថ្លែងខាងលើ​នេះ នៅក្នុង​ពិធី​បើកវគ្គ​ហ្វឹកហ្វឺន​បំប៉ន​វរសេនា​តូចថ្មើរជើង ជំនាញ​អាវុធគាំទ្រ ជំនាញ​កាំភ្លើង​ការពារ​អាកាស និង​ជំនាញ​បញ្ជូន​សារ ប្រចាំឆ្នាំ​២០១៩ របស់​កងពលតូច​អន្តរាគមន៍​លេខ១ កាលពី​ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បន្តថា នាពេល​បច្ចុប្បន្ន ការងារ​ហ្វឹកហ្វឺន​បានដើរតួនាទី​ជាយុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ក្នុងការ​ពង្រឹង​ខឿន​ការពារជាតិ​តាមរយៈ​ការផ្តល់​នូវ​ចំណេះដឹង និង​ចំណេះធ្វើ​ពិតប្រាកដ​ឱ្យដល់​កងទ័ព ជាពិសេស​យោធិន​វ័យក្មេង ដែលជា​អ្នកបន្ត​វេន​ជំនាន់​ក្រោយ។ ក្នុងស្មារតី​នេះ​ការងារ​ហ្វឹកហ្វឺន​ត្រូវបាន​ចាត់ទុក​ជាការងារ​អាទិភាព​ចាំបាច់​បំផុត ដែលត្រូវ​ដំណើរការ​បន្តបន្ទាប់​ជាប្រចាំ​ដូចភ្លៀង​រលឹម ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការពារ​ជាតិ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ។

លោកបញ្ជាក់​ថា ជាពិសេស​ចំពោះ​ការងារ​ហ្វឹកហ្វឺន​ផ្ទាល់ ថ្នាក់ដឹកនាំ​កងពល ត្រូវយកចិត្ត​ទុកដាក់​ពង្រឹង​គុណភាព​ហ្វឹកហ្វឺន ដែលជា​ការងារ​ស្នូល​ត្រូវ​ធ្វើជា​ប្រចាំ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ដល់​យោធិន ក្នុងនោះ​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន ធានា​សន្តិសុខ​សុវត្ថិភាព​ទាំង​មនុស្ស និង​សម្ភារៈ​គ្រឿង​បំពាក់​ឱ្យបាន​ល្អប្រសើរ សំដៅ​លើកកម្ពស់​ការ​កសាង​ធនធាន​មនុស្ស​ក្នុងជួរ​កងយោធពលខេមរភូមិន្ទ ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញ​ភារកិច្ច ទាំងក្នុង​ដំណាក់កាល​បច្ចុប្បន្ន ក៏ដូចជា​ទៅអនាគត។

«វគ្គហ្វឹកហ្វឺន​ដែល​យើងកំពុង​ប្រារព្ធពិធី​បើក​នាឱកាស​នេះ គឺពិតជា​បានឆ្លើយតប​តាមសេចក្តីត្រូវការ​ក្នុងការ​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ដល់​យោធិន និងធ្វើឱ្យ​យោធិន​យល់ច្បាស់អំពី​តួនាទី និងភារកិច្ច​របស់ខ្លួន​ក្នុងការ​បម្រើជាតិ​ដោយស្មោះត្រង់​ដាច់ខាត​ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា​ការធានា​ការអនុវត្ត​យ៉ាងម៉ឺងម៉ាត់​នូវបទបញ្ជា​របស់​រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែលបាន​ដាក់ចេញ»។ នេះជាការលើកឡើង​បន្ថែម​របស់លោក ហ៊ុន ម៉ាណែត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;