EU ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី "ស្ករត្នោត​កំពង់ស្ពឺ" ជូន​កម្ពុជា

  • 2019-05-10 01:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមការ​អញ្ជើញ​ពី​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី​ក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ទិវា​សហភាព​អឺរ៉ុប និង​ប្រគល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី "ស្ករត្នោត​កំពង់ស្ពឺ" ដែលទើបតែ​ទទួលបាន​ការចុះ​បញ្ជី​ការពារ​នៅ​សហភាព​អឺរ៉ុប កាលពីថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩ ជូន​លោក សម សារឿន ប្រធាន​សមាគម​លើក​កម្ពស់​ស្ករត្នោត​កំពង់ស្ពឺ កាលពី​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Raffles Hotel Le Royal។

រូបថត៖ ក្រសួងពាណិជ្ជកម្ម
សូមបញ្ជាក់​ថា ក្រោយ​ពី "ស្ករត្នោត​កំពង់ស្ពឺ" និង "ម្រេចកំពត" ទទួលបាន​ការចុះបញ្ជី​ការពារ​ក្នុង​កម្រិត​ជាតិ កាលពី​ឆ្នាំ២០១០ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទាំងពីរនេះ​ជា​ផលិតផល​ដែលមាន​ប្រភព​ផ្សារភ្ជាប់​នឹង​ដែនដី កត្តា​ធម្មជាតិ និង​វិធីសាស្ត្រ​ផលិត​ជាប្រពៃណី​ដែលបាន​សិក្សា និង​កំណត់ ហើយស្ថិតក្រោម​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់ ទើប “ស្ករត្នោត​កំពង់ស្ពឺ” និង “ម្រេចកំពត” មាន​គុណភាព ចរិក​លក្ខណៈ​ពិសេស និង​កេរ្តិ៍ឈ្មោះ​ល្បីទាំងក្នុង​ទីផ្សារ​ជាតិ និង​ទីផ្សារ​អន្តរជាតិ។

"ស្ករត្នោតកំពង់ស្ពឺ" មិនត្រឹមតែ​សម្រាប់​ប្រើប្រាស់​ធ្វើម្ហូប​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​កម្រិត​ជាតិផ្អែម​ទាប​ ដែលអាច​ទ្រទ្រង់​សុខភាព និង​រក្សាភាព​ក្មេងខ្ចី​របស់​មនុស្ស​បានល្អប្រសើរ​ឡើង។

ដោយសារតែ​ភាពល្បី​ទាំងនេះ​ហើយ "ស្ករត្នោត​កំពង់ស្ពឺ" និង "ម្រេចកំពត" ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បានផ្តួចផ្តើម​ពង្រីក​កិច្ចការពារ​នៅប្រទេស​វៀតណាម ថៃ និង​សហភាពអឺរ៉ុប ដើម្បី​ទទួលបាន​នូវ​កិច្ចការពារ​តាមផ្លូវច្បាប់​ឲ្យបាន​រឹងមាំ ក្នុងករណី​មានការ​ក្លែងបន្លំ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃប្រទេសនោះ​ អាចជួយ​ចាត់វិធានការ​ទប់ស្កាត់​បាន។

សូមបញ្ជាក់​បន្ថែមទៀត​ថា កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានលើក​ស្ទួយវិស័យ​កម្មសិទ្ធិ​បញ្ញាជាតិ បាន​កសាង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និងបាន​ចូលក្នុង​កិច្ចព្រៀមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា ដែលអាច​ការពារ​ទាំងម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា ទាំងម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស ហើយថ្មីៗនេះ​កម្ពុជា ទើបតែ​បានចុះ​បញ្ជី​ការពារ​ស្រា CHAMPAGNE ដែលម្ចាស់​ម៉ាកសម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដំបូង​នៅកម្ពុជា​ផងដែរ។

ឆ្លៀតក្នុង​ឱកាស​នេះ​ផងដែរ ក្រសួង​ពាណជ្ជកម្ម​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឲ្យសមាគម​លើកកម្ពស់ស្ករត្នោត​កំពង់ស្ពឺ ត្រូវខិតខំ​រក្សា​បរិស្ថាន​ក្នុង​តំបន់​ផលិត រក្សា​ដើមត្នោត និង​ពង្រីក​ការដាំដើម​ត្នោត​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យបាន​នូវនិរន្តរភាព​នៃការ​ផលិត​ស្ករតាម​បែបធម្មជាតិ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ដែលនឹង​មានតម្រូវការ​ខ្ពស់​នាពេលខាង​មុខនេះ។

កិច្ចការពារ “ស្ករត្នោត​កំពង់ស្ពឺ” និង “ម្រេចកំពត” នៅ​សហភាព​អឺរ៉ុប និងស្រា CHAMPAGNE នៅ​កម្ពុជា ជាចំណងដៃ​ប្រកបទៅដោយ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រវាងព្រះរាជាណាចក្រ​កម្ពុជា និង​សហភាពអឺរ៉ុប​កន្លងមក ដែលត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាប្រពៃណីនេះ​បន្ថែមទៀត ដើម្បីជាការ​ផ្តល់ផលប្រយោជន៍​ឲ្យគ្នា​ទៅវិញ​ទៅមក៕

អត្ថបទ៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;