រោងចក្រវេចខ្ចប់ និង​នាំចេញ​ផ្លែចេក​អំបូងលឿងស្រស់​ទៅចិន នៅ​ខេត្ត​កំពត​ ត្រូវបាន​សម្ពោធ​ជាផ្លូវ​ការ

  • 2019-05-10 07:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ជាមួយ​លោក ជាវ តាយ អភិបាល​ខេត្តកំពត​ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោធ​រោងចក្រ​វេចខ្ចប់ និង​នាំចេញ​ផ្លែចេក​អំបូងលឿងស្រស់​របស់​ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ទៅកាន់​ទីផ្សារប្រទេសចិន។ រោងចក្រក្រោមទុន​វិនិយោគ​ជាង ៣២លានដុល្លារ​នេះ ​មានទីតាំង​ស្ថិតនៅស្រុក​ឈូក ខេត្ត​កំពត។

លោកអគ្គនាយកក្រុមហ៊ុន ឧកញ៉ា ផែ ហុកឈួន បាន​ឱ្យដឹងថា ចំការចេកនេះ​មានផ្ទៃដីសរុប​ ១ពាន់​ហិកតា ក្នុងនោះ​ជាង​៤០០​ហិកតា កំពុង​ប្រមូលផល វេចខ្ចប់ និង​ដំណើរការ​នាំចេញ​ដោយសង្ឃឹមថា​ក្នុងឆ្នាំ​២០១៩ ចេកស្រស់​ប្រមាណ​ជាង ២,២ម៉ឺន​តោន នឹងត្រូវធ្វើការ​នាំចេញ ហើយ​ឆ្នាំ២០២០ រំពឹងថា​បរិមាណនេះ​នឹងកើនឡើងដល់ជាង ៣ម៉ឺន​តោន។ ទន្ទឹមនឹង​នេះ ក្រុមហ៊ុន​បានស្រូប​យក​កម្លាំង​ពលកម្ម​ក្នុងស្រុក​ជាង ៨០០​នាក់ ហើយឆ្នាំ​២០២០ ត្រូវការ​ពលកម្មបន្ថែម​ជាង ១០០០នាក់​ទៀត​ផងដែរ។

ថ្លែងក្នុងពិធីនេះ លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម​ក៏បា​នឡើងរាយការណ៍​ជូនអង្គពិធី​ជ្រាបអំពី​ដំណើរការ​នៃការ​ចរចារ នីតិវិធី បែបបទ ឯកសារ​ចាំបាច់​សំខាន់ៗ​ទាំងច្បាប់ និង​បច្ចេកទេស ជាពិសេស​ឯកសារ​អនាម័យ និងភូតគាមអនាម័យ​ជាមួយ​ភាគី​ចិន មុនឈាន​ទៅចុះ​ហត្ថលេខា​លើ​អនុស្សារណ:​នៃការ​យោគយល់​គ្នា​កាលពីថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៨ ស្តីពីការ​នាំចេកស្រស់​ចេញជាមួយ​អគ្គនាយកដ្ឋានគយ​នៃសាធារណ​រដ្ឋប្រជាមានិត​ចិន។

នាឱកាសនេះ លោក ជាវ តាយ លើកឡើង​ថា ដាក់ទុនវិនិយោគ​ដាំចេក​នាំចេញ បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូចជា​ ការប្រើប្រាស់​ដី​តំបន់នេះ​ដែលជា​អតីត​ដី​សមរភូមិ​ឲ្យអស់​លទ្ធភាព បង្កើត​ការងារ​ជូនបងប្អូន​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន បង្កើន​ប្រាក់ចំណូល​ក្នុងគ្រួសារ និងកាត់​បន្ថយ​ភាពក្រីក្រ។

លោក​រដ្ឋមន្ត្រី​ វេង សាខុន បាន​ថ្លែងថា ស្ថិតក្នុង​បរិបទ​នៃកំណើន​សេដ្ឋកិច្ច ការរីក​ចម្រើន​ផ្នែកបច្ចេកវិទ្យា​កសិកម្ម ការ​កែច្នៃ វេចខ្ចប់ និង​នាំចេញ ក្រសួង​កសិកម្ម បាននឹង​កំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ និង​វិនិយោគ​លើគ្រប់ខ្សែចង្វាក់​តម្លៃ​កសិកម្មចាប់ពី​ចំណុច A ដល់ Z តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតផល ការ​វេចខ្ចប់ ការរក្សា​ស្តុកទុក ការកែច្នៃ​ប្រកបដោយ​គុណភាព អនាម័យ និង​សុវត្ថិភាព សមស្រប​តាមស្តង់ដារ​នៃទីផ្សារ​នាំចេញ ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​ទាំងក្នុង និង​ក្រៅប្រទេស៕

អត្ថបទ និង​រូបថត៖ ក្រសួងកសិកម្ម

អត្ថបទថ្មី
;